ដោយៈជា សីហៈ/ភ្នំពេញៈ ពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក រដ្ឋមន្ត្រី វេង សាខុន ។
តាមរបាយការណ៍សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ ជាពិសេសលទ្ធផលនៃការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ ឱ្យទប់ស្កាត់ បង្ក្រាបការទន្ទ្រានឈូសឆាយ និងដក ហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២៣ ខែមករានេះមានប្រជាពល រដ្ឋ ១៤.៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហ.ត បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤.៩១១ដើម ឬស្សីចំនួន ៧.៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥.៣៨៥គ្រាប់។
យោងលើរបាយការណ៍បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២១ ការងារសម្រេចបាន មាន ផលវារីវប្បកម្មបាន ៣៤៨.៣៥០តោន ផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២.១០០ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១.០០០នាក់។
របាយការណ៍ដដែលបានបន្តថា កន្លែងអភិរក្សសរុបចំនួន ៦៨២កន្លែង បោះបង្គោលបេតុងព្រំប្រទល់កន្លែងអភិរក្សចំនួន ១៨៥ ដើម បង្គោលឈើចំនួន ២.៧៥០ដើម ទម្លាក់ប្រអប់បេតុងចំនួន ២៥០ នៅតំបន់ឆ្នេរ បានការពារតំបន់ផ្កាថ្ម និងស្មៅសមុទ្រទំហំ ៧.០០០ហ.ត ដាំព្រៃលិចទឹកចំនួន ១៥០ហ.ត និងសាងសង់ស្នាក់ការល្បាតចំនួន ៤ខ្នង។
ប្រភពដដែលបន្តថា សហគមន៍នេសាទសរុបចំនួន ៥១៦ នៅក្នុងនោះទឹកសាប ៤៧៥ និង សមុទ្រ ៤១ មានសមាជិកសរុបចំនួន ១៤៧.៥១៨គ្រួសារ ស្មើនឹង ៣៣២.១៦៨នាក់ ចុះបញ្ជីសហគមន៍នេសាទចំនួន ៤៣៥ និងបានផ្តល់ថវិកាគាំទ្រដល់សហគមន៍ចំនួន ១៥០ ចំនួន ៤លានរៀលនៅក្នុងមួយសហគមន៍ ដាក់ស្លាកសញ្ញាកន្លែងអភិរក្សសហគមន៍ចំនួន ១១០ស្លាក ទម្លាក់ប្រអប់បេតុងចំនួន១៥០ និងបោះបង្គោលការពារស្មៅសមុទ្រក្នុងកន្លែងសហគមន៍ចំនួន ២០០ដើម។
ការនាំចេញផលនេសាទបានចំនួន ៣.៤៦៩តោន ដោយការប្រមូលចំណូល អនុវត្តបានចំនួន ៦២១.៩១២.៩៧៦ រៀល។ ផលនេសាទសរុបសម្រេចបានចំនួន ៨៥៦.៤០០តោន ក្នុងនេះ ផលនេសាទទឹកសាបសម្រេចបានចំនួន ៣៨៣.០៥០តោន សមុទ្រចំនួន ១២៥.០០០តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨.៣៥០តោន ដែលគិតសរុបជាប្រាក់ស្មើនឹង ១.៧១២.៨០០.០០០ដុល្លារ។