ប្រែ​សម្រួលៈ​បំណង​/​វ៉ាស៊ីនតោន​(ST,​ដេល្លី​ម៉េល​)៖ ទាហានជើងទឹក​អាម៉េរិក​៧​នាក់​បាន​រងរបួស​កា​លពី​ថ្ងៃ​ចន្ទ​ទី​២៤​មករា​នៅក្នុង​គ្រោះថ្នាក់​ចុះ​យន្តហោះ​ប្រយុទ្ធ​ធុន​F-35C​នៅ​លើ​នាវា​ដឹក​យន្តហោះ​​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នេះ​បើ​តាម​ការប្រកាស​របស់​កងទ័ពជើងទឹក​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ក្នុងពេល​យន្តហោះ​ប្រយុទ្ធ​ធុន​បំបាំងកាយ F-35C Lightning II​បាន​ព្យាយាម​ចុះចត​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​USS Carl Vinson ក្នុង​ប្រតិបត្តិ​ការហោះ​​ហើរ​ធម្មតា​។​អាកាសយានិ​ចរបស់​យន្តហោះ​មានសុខ​ភាពនឹងនរ​ក្រោយ​ចុច​លោត​ចេញពី​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​មួយ​ត្រូវបាន​ប្រើ​សំរាប់​ជួយសង្គ្រោះ​។​

​ទាហាន​របួស​ទាំង​៧​នាក់​ត្រូវបាន​ដឹក​ទៅ​កាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ដើម្បី​ព្យាបាល​និង​៤​នាក់​ទៀត​ត្រូវបាន​ព្យាបាល​នៅ​លើ​នាវា​។​

​សូមបញ្ជាក់​ថា នាវា​USS Carl Vinson​និង​នាវា​មួយទៀត​USS Abraham Lincoln​រួម​ទាំង​ក្រុម​ប្រយុទ្ធ​របស់​វា​បាន​ចាប់ផ្តើម​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ក្រោយពី​​សមយុទ្ធ​ជាមួយ​នាវា​កងទ័ព​ជប៉ុន​មួយ​នៅក្នុង​សមុទ្រ​ហ្វីលីពីន​កាលពី​សប្តាហ៍​មុន​។​

​សូមបញ្ជាក់​ថា ជម្លោះ​គ្រប់គ្រង​ផ្លូវទឹក​ដ៏​សំខាន់​នេះ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​កំពុង​បង្ក​ភាព​តានតឹង​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន ដែល​អះអាង​ជា​កម្មសិទ្ធិ​លើ​ដែន​ទឹកធំ​ល្វឹងល្វើយ​និង​​សាងសង់​មូលដ្ឋាន​យោធា​នៅ​លើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​នាវា​អាម៉េរិក​តែង​បើកចូលទៅ​កៀកៗ​កោះ​ដែល​កាន់កាប់​ដោយ​ចិន​ដែល​បង្ក​អោយ​ចិន​ខឹង​និង​ព្រមាន​អោយ​ចេញ​ឆ្ងាយ​។​

​យោធា​ចិន​កាលពី​សប្តាហ៍​មុន​បាន​ដេញតាម​និង​ព្រមាន​នាវាចម្បាំង​អាម៉េរិក​មួយគ្រឿង​ដែល​បាន​ចូល​ដែនទឹក​នៅ​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឱ្យ​ថយ​ចេញ​ឆ្ងាយ ។​

​ព័ត៌មាន​ស្តីពី​គ្រោះ​ថ្នាក់​លើ​នាវា​ដឹក​យន្តហោះ​អាម៉េរិក​កើតឡើង​ចំពេល​តៃវ៉ាន់​បាន​រាយការណ៍​អំពី​យន្តហោះ​ចម្បាំង​ចិន​យ៉ាងច្រើន​បាន​ហោះចូល​ក្នុង​ដែនអាកាស​របស់ខ្លួន​ក្បែរ​កោះ​ប្រា​តាស​នៅ​ចុង​ខាង​​ជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង​៕

​យន្តហោះ​F-35​ជួប​គ្រោះថ្នាក់​ពេល​ចុះចត​លើ​នាវា​USS Carl Vinson កាលពី​ថ្ងៃ​ចន្ទ​តែ​យោធា​អាម៉េរិក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​