ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កាលពីថ្ងៃចន្ទទី២៤មករាទាហាននៅប្រទេសបួគីណាហ្វាសូ(Burkina Faso)បានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋថាពួកគេបានដណ្តើមអំណាចនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បន្ទាប់ពីមានការបះបោរជុំវិញបរាជ័យរបស់ប្រធានាធិបតីស៊ីវិលក្នុងការទប់ស្កាត់ការបះបោរអ៊ីស្លាម។
មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រកាសពីការព្យួររដ្ឋធម្មនុញ្ញ ការរំលាយរដ្ឋាភិបាលនិងសភា និងការបិទព្រំដែនរបស់ប្រទេសចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ នេះយោងតាមការអានពីសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយវរសេនីយ៍ឯក ប៉ូល-ហង់រី សាន់ដាវហ្គោ ដាមីបា (Paul-Henri Sandaogo Damiba)។
លោកបាននិយាយថា ចលនាស្នេហាជាតិថ្មីសម្រាប់ការអភិរក្សនិងការស្ដារឡើងវិញ (MPSR)នឹងបង្កើត “សណ្តាប់ធ្នាប់ធម្មនុញ្ញ” ឡើងវិញក្នុងរយៈពេល “សមហេតុផល”ដោយបន្ថែមថាបម្រាមគោចររាល់រាត្រីនៅទូទាំងប្រទេសនឹងត្រូវអនុវត្ត។
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាដើម្បីអបអរសាទររដ្ឋប្រហារយោធានៅទីក្រុងអៅហ្គាឌូហ្គួ (Ouagadougou) ដោយស្វាគមន៍ទាហានជាមួយការចុចស៊ីផ្លេឡាននិងគ្រវីទង់ជាតិ។
កាលពីព្រឹកថ្ងៃចន្ទ មហាអំណាចអាហ្វ្រិកនិងលោកខាងលិចបានបរិហារនូវអ្វីដែលពួកគេហៅថា “រដ្ឋប្រហារ” ហើយសហភាពអឺរ៉ុបបានទាមទារឱ្យដោះលែង “ជាបន្ទាន់” នូវប្រធានាធិបតី រ៉ូច ម៉ាក គ្រីស្ទាន កាបូរ៉េ (Roch Marc Christian Kabore)។
សហរដ្ឋអាម៉េរិកក៏បានអំពាវនាវឱ្យដោះលែងលោកកាបូរ៉េនិងជំរុញ “សមាជិកនៃកងកម្លាំងសន្តិសុខឱ្យគោរពរដ្ឋធម្មនុញ្ញរបស់បួគីណាហ្វាសូនិងការដឹកនាំរបស់ស៊ីវិល” ផងដែរ។
ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក”ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងចូលកាន់កាប់រដ្ឋាភិបាលដោយកម្លាំងប្រដាប់អាវុធ” ដោយហៅព្រឹត្តិការណ៍នេះថាជា “រដ្ឋប្រហារ”។
បន្ទាប់ពីមានរបាយការណ៍ផ្ទុយគ្នាជុំវិញកន្លែងលាក់ខ្លួនរបស់លោកកាបូរ៉េ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក យ៉ូសេប បូរែល (Josep Borrell)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះយើងដឹងថាប្រធានាធិបតីកាបូរ៉េកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា”។
លោកបានហៅស្ថានភាពនេះថាគួរព្រួយបារម្ភជាខ្លាំង៕
បួគីណាហ្វាសូបានឆ្លងកាត់ការធ្វើរដ្ឋប្រហារច្រើនរាប់មិនអស់ ។ កាលពីថ្ងៃចន្ទទី២៤មករាទាហានបានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋថាពួកគេបានដណ្តើមអំណាចនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ