ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ សមាជិកប្រតិបត្តិ គណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡា បាញ់កាំភ្លើងកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន ទ័ពពិសេសឆ័ត្រយោង ៩១១ កំបូល ព្រមទាំងសមាជិក-សមាជិកា កីឡាករ កីឡាការី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងតំណាងអង្គទូតនានា ជាច្រើនរូប។
លោក មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ សមាជិកប្រតិបត្តិ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាញ់ កាំភ្លើងកម្ពុជា បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តបង្កើតឲ្យ មានកម្មវិធីប្រកួតនេះឡើង ដែលជាការផ្តល់ឱកាស ដល់កីឡាករ-កីឡាការនី យើង អាចធ្វើការប្រកួតដណ្តើមជ័យលាភី ប្រកបដោយមិត្តភាព និងសាមគ្គី ភាពគ្នា។
លោកប្រធាន ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលនិយមចូលចិត្ត កីឡាបាញ់កាំភ្លើង ឲ្យចូលរួមចុះឈ្មោះ ជាសមាជិករបស់សហព័ន្ធកីឡា បាញ់កាំភ្លើងកម្ពុជា ឲ្យបានច្រើន ដើម្បីមានឱកាសបានចូលរួម ក្នុងការបាញ់ កាំភ្លើង នៅក្នុងក្របខណ្ឌ នៃការហ្វឹកហាត់ត្រៀមប្រកួត ជៀសវាងការប្រើ ប្រាស់កាំភ្លើង នៅទីសាធារណៈខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ សង្គម។ លោកក៏បានថ្លែងអំណរគុណ ដល់វិស័យឯកជន ដៃគូសហការមួយចំនួន ដែលបានជួយឧបត្ថម្ភគាំទ្រសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នាពេលកន្លងមក ។
សម្រាប់លទ្ធផលៈ វិញ្ញាសាកាំភ្លើងវែង ៥០ម៉ែត្រ កីឡាករ ប៉ុក សុផាន់ណូ ក្លិបភ្នំពេញ ដណ្តើមបានមេដាយមាស កីឡាករ ស៊ីម សែម ក្លិប៩១១ ទទួលបាន មេដាយប្រាក់ និងកីឡាករ ឡាង ចានធារ៉ា អាវុធហត្ថ ទទួលបានមេដាយសំរិទ្ធ ចំណែកវិញ្ញាសាភ្លើង៩មម កីឡាករ វុថា ដាវណ្ណ ង៧០ ឈ្នះមេដាយមាស កីឡាករ អាន កក្កដា ក្លិបបូកគោ ទទួលបានមេដាយប្រាក់ និងកីឡាករ ថាវរៈ ម៉ារ៉ាឌី ង៧០ ទទួលបានមេដាយសំរិទ្ធ។
ការប្រកួតខាងលើនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន ៣៣ នាក់ ក្នុងនោះ កីឡាករ ចំនួន ២៦ នាក់ និងកីឡាការិនី ៩នាក់ មកពី ៩ ក្លិប ហើយការប្រកួត ចាប់ផ្តើមពីថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានទ័ព ពិសេសឆ័ត្រយោង ៩១១ កំបូល ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា៕/V-PC