ដោយ: ជា សីហា/ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់តំបន់លើកទី១នៃ “វិធានការ និងការ ការពារសកម្មភាពទន្ទ្រានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់”។
អង្គ សិក្ខា សាលា ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ គឺទទួលបានការចូលរួមចែក រំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការ អញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណជា ១៤០នាក់ ដែលបានអញ្ជើញ មកពីក្រសួង/ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទូទាំងរាជធានី-ខេត្ត ពិសេសបានចូល រួមផ្តល់នូវមតិយោបល់ ក៏ដូចជាការ លើកឡើង បង្ហាញពីបញ្ហាប្រឈមនានា ពាក់ ព័ន្ធ នឹងទីទួលបុរាណ ស្ថានីយបុរាណ និងវត្ថុបុរាណ ដែលជាកេរ្តិ៍ដំណែល បន្សល់ទុក ដោយ បុព្វបុរស ហើយ បានក្លាយជា សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានកំពុងប្រឈម នឹង ការ បាត់ បង់ ជាបន្ត បន្ទាប់ ដោយ សារកត្តាមនុស្ស តាមរយៈសកម្មភាពផ្សេងៗដូចជាការជួញដូរ ចរាចរ បំផ្លិច បំផ្លាញ ឈូសឆាយ និងការ ជីក រុករកវត្ថុបុរាណដោយខុសច្បាប់។ល។
គោលបំណងនៃសិក្ខាសាលាថ្នាក់តំបន់នេះ គឺដើម្បីលើកឡើងនូវមតិយោបល់ មកពិភាក្សាពីការការពារដោយបើកចំហនៃបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់យើងទាំងត្រូវបានគេស្គាល់ និងមិនទាន់ត្រូវបានរកឃើញ។ យើងកំពុងប្រមូល ផ្តុំគ្នាក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការអ្នកជំនាញពីគ្រប់ស្ថាប័នពាក់ព័ន្ធដែលមានជាប្រធានបទ និងអនុសាសន៍ផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិរបស់យើងទាំងអស់គ្នា ក៏ដូចជាដើម្បី ប្រមូលចងក្រងពីបញ្ហាប្រឈម និងដំណោះស្រាយនានាសម្រាប់ជាមាគ៌ា មួយឆ្ពោះទៅកាន់សិក្ខាសាលា ឬសន្និសីទផ្សេងៗទៀតនាពេលអនាគត ពិសេសជាមួយប្រទេសអាស៊ាន និងពិភពលោក៕/PC