ដោយៈ ដេប៉ូ / កំពង់ស្ពឺៈ កោះកុងៈ ក្រសួងបរិស្ថាន រួមជាមួយដៃគូបានបានរៀបចំ ដំណើរ ទស្សនកិច្ច ស្វែងយល់អំពី ផលិតផល និងសេវាកម្ម ទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារ ធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង រយៈពេល ៤ ថ្ងៃ ពោលគឺ ចាប់ថ្ងៃទី ២៥-២៨ ខែមករា ឆ្នាំ ២០២២។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ មានកិច្ចសហការ រវាងក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ធនគាពិភពលោក វិស័យឯកជន សារព័ត៌មាន និងអង្គការក្រៅ រដ្ឋាភិបាល។
ក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ក្នុងដំណើរទស្សន កិច្ចនេះ មានមនុស្សប្រមាណ ៥៥ នាក់ ចូលរួម ក្នុងដំណើរជាមួយគ្នា រួមមាន ប្រតិបត្តិករ ទេសចរណ៍ ឈានមុខ ២៥ នាក់ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ១០ នាក់ បុគ្គលិកមកពី ក្រសួងបរិស្ថាន និងក្រសួងផ្សេងទៀត ១៥ នាក់ និងមន្ត្រីមកពី ធនាគារពិភពលោក ៥ នាក់។
សម្រាប់គោលបំណងសំខាន់ ក្នុងដំណើរទស្សនកិច្ចនេះដែរគឺៈ ទី១ផ្សព្វផ្សាយ អំពី សកម្មភាពរបស់គម្រោង “និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា” ទី២ ស្វែងយល់ពីគុណភាព សេវាកម្មទេសចរណ៍ធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងជីវភាព រស់នៅ របស់ប្រជាជនសហគមន៍ តំបន់ទេសចរណ៍ ធម្មជាតិ។
ក្រសួងបរិស្ថាន បានឱ្យដឹងដែរថាៈ ក្នុងដំណើរទស្សនកិច្ចសិក្សា (Familiarization Trip) ដែលរៀបចំឡើង ស្របជាមួយគ្នានឹងគម្រោង ទេសភាពនិរន្តរភាព និងអេកូ ទេសចរណ៍កម្ពុជា មានគោលបំណង ផ្តល់ជូនដល់អន្តរការី ដែលរួមមាន អ្នកកត់ត្រា ធ្វើដំណើរ អ្នកសារព័ត៌មាន និងប្រតិបត្តិករ ទេសចរណ៍ ក្នុងវិស័យ ឯកជន ដើម្បីទទួលបាន បទពិសោធន៍ ផ្សងព្រេងដោយផ្ទាល់នៅតាមគោល ដៅទេសចរណ៍ធម្មជាតិ ឈានមុខគេ និងកន្លែងទាក់ទាញទេសចរណ៍ផ្សេងទៀត ដែលរកឃើញមាន នៅតាមតំបន់ធម្មជាតិ ជួរក្រវាញ។
ប្រភពដដែល បានបញ្ជាក់បន្ថែមថាៈ គោលបំណងជាក់លាក់នៃទស្សនកិច្ច សិក្សា៖
• ដើម្បីបង្ហាញពីតំបន់ល្អដាច់គេ នៃតំបន់ក្រវាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដែលមាន មូលដ្ឋាន នៅក្នុងស្រុក។
• ដើម្បីចែករំលែកចំណុចពិសេស នៃតំបន់ក្រវាញ ជាមួយប្រតិបត្តិករ ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ និង DMC ដែលឈានមុខគេ។
• ដើម្បីណែនាំពីស្រឡាយផលិតផល ដែលផ្តល់ជូន នៅក្នុងតំបន់ក្រវាញ រួមទាំងអ្វីៗ ដែលមានក្នុងកម្រិត ចាប់ពី CBET រហូតដល់កន្លែងស្នាក់នៅ កម្រិតខ្ពស់ Eco-lodge ។
• ដើម្បីបង្ហាញសក្តានុពល សម្រាប់ការវិនិយោគ អេកូទេសចរណ៍ប្រកបដោយ និរន្តរភាព នៅក្នុងតំបន់ តាមរយៈការផ្សព្វផ្សាយ ឬការចាប់អារម្មណ៍ពីប្រតិបត្តិករ ទេសចរណ៍។
• ដើម្បីបង្ហាញពីសកម្មភាពសហគមន៍ និងការចូលរួមរបស់សហគមន៍នៅតំបន់ ក្រវាញ រួមមាន របៀបរស់នៅ និងជីវភាពរស់នៅក្នុងតំបន់។
• ដើម្បីណែនាំសត្វព្រៃក្នុងតំបន់ រួមទាំងការទស្សនាទៅកាន់ស្ថានីយ៍ដោះ លែងសត្វព្រៃ នៅជីផាត់ និងជំរុំបោះតង់ ជួរភ្នំក្រវាញ៕/V-PC