ដោយៈ​ទូច វ​ណ្ណេ​ត​ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​/ភ្នំពេញៈ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨:១៥​នាទី​ព្រឹក អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចំនួន​១០​នាក់ ធ្វើ​ទស្សនកិច្ច​មកកាន់​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម ដើម្បី​ស្វែងយល់​អំពី​កិច្ចការងារ​ស្រាវជ្រាវ ចងក្រង និង​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម (១៩៧៥-១៩៧៩) របស់​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​។ ដំណើរ​ទស្សនកិច្ច​នេះ​រួមបញ្ចូល​៖

រូបថត​៖ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​(មជ្ឈមណ្ឌលឯកសារកម្ពុជា)

១) ការ​ទស្សនា​ពិព័រណ៍​រូបថត​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​
២) ការចាក់​បញ្ចាំង​វីដេអូ​ឯកសារ​ស្ដីពី​សកម្មភាព​ការងារ​របស់​អ្នកស្ម័គ្រចិត្ត​កម្ពុជា ប្រចាំខេត្ត​កំពង់ចាម​
៣) ការបង្ហាញ​ឯកសារ​ទាក់ទង​របប​ខ្មែរក្រហម រួមមាន​ចម្លើយសារភាព និង​បទ​សម្ភាស
៤) ការចែកជូន​ប្រតិទិន​ឆ្នាំ​២០២២ ដើម្បី​រំឭក​ដល់​កម្រង​ព្រះរាជ​អនុស្សាវរីយ៍​នៃ​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» ដែល​បោះ​ពុ​ម្ពភ​ដោយ​បណ្ណាល័យ​សម្ដេចម៉ែ ។

​បន្ទាប់ពី​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​បានបញ្ចប់​នៅវេលា​ម៉ោង​០៩:៣០​នាទី អ្នករ​ស់មាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម​ដែល​បាន​ចូល​ទស្សនា​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បាន​ចែករំលែក​ទស្សនៈ​យល់ឃើញ ក៏ដូចជា​សម្ដែង​ការពេញចិត្ត​ចំពោះ​ការទទួល​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រុមការងារ ដូចខាងក្រោម​៖
​តុង សុភា អាយុ​៦០​ឆ្នាំ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ជា​តំណាង​សមាគមន៍​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម បង្ហាញ​ការពេញចិត្ត​ចំពោះ​សកម្មភាព​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ថា​៖ «​ខ្ញុំ​មានការ​ចងចាំ​មិនអាច​បំភ្លេចបាន​ផ្ទាល់ខ្លួន​ចេញពី​ការបាត់បង់​ឪពុក និង​ការរស់នៅ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​។ ខ្ញុំ​យល់ថា ការ​ចងក្រង​រឿងរ៉ាវ​ជីវិត​របស់​អ្នក​រស់រានមានជីវិត និង​ការសិក្សាអប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺមាន​សារសំខាន់​សម្រាប់​ក្មេងជំនាន់ក្រោយ​។​»

​គង់ ហ៊​ន់ អាយុ​៧០​ឆ្នាំ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ជា​កសិករ​រស់នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម បាន​រំឭក​អំពី​ការរស់នៅ​ក្នុង​ភាព​ភ័យ​តក់ស្លុត​៖ «​នៅពេលដែល​ខ្ញុំ​ឃើញ​ម៉ាស៊ីនដេរ​ខោរ​អាវ​នៅក្នុង​ផ្ទាំង​រូបថត​នេះ ខ្ញុំ​នឹកឃើញ​អំពី​ពេលវេលា​ដែល​ខ្ញុំ​ធ្វើការ​នៅក្នុង​កង​កាត់ដេរ​ភូមិ​។ ខ្ញុំ​ទទួលរង​ភាព​ភ័យ​តក់ស្លុត​គ្រប់ពេលវេលា​ខ្ញុំ​ធ្វើការ​។ រូបភាព​អំពី​ម៉ាស៊ីន​នេះ ជំរុញ​ឲ្យ​ខ្ញុំ​មានការ​ចងចាំ​ពី​រឿងរ៉ាវ​ជាច្រើន​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​នៅក្នុង​របប​ខ្មែរក្រហម​។​»


​លោក អៀង សារឿន អាយុ​៦៧​ឆ្នាំ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម បង្ហាញ​ទស្សនៈ​យល់ឃើញ «​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមការងារ​ដែល​បានបង្ហាញ​អំពី​ការងារ និង​សកម្មភាព​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​ខ្ញុំ​យល់ថា មាន​សារសំខាន់​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ ខ្លះ​មិន​យល់​ឬ​មិន​ជឿ ទុក​លំបាក​ដែល​ចាស់ៗ​ជំនាន់​មុន រួមទាំង​រូបខ្ញុំ​ផ្ទាល់ បាន​ឆ្លងកាត់​នៅក្នុង​របប​ខ្មែរក្រហម​នោះឡើយ​៕សរន

​រូបថត​៖ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​(មជ្ឈមណ្ឌលឯកសារកម្ពុជា)