ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ ជំនួបដ៏កម្រមួយរបស់ បវរកញ្ញាចក្រវាលកម្ពុជា ទាំង៤ ជំនាន់ ត្រូវបានធ្វើឡើង កាលពីពេលថ្មីៗនេះ នាផ្សារទំនើប អូឡាំព្យា ។ ជំនួបនេះ បានផ្ដោតសំខាន់ លើការចែករំលែក បទពិសោធន៍ប្រកួត នៅក្រៅប្រទេស ព្រមទាំងឲ្យ បវរកញ្ញា ទាំង៤រូប បង្ហាញស្នាមអនុស្សាវរីយ៍ខ្លួន ទាំងនៅក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមការជួយជ្រោមជ្រែងពីលោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដើម្បីជួយលើកកម្ពស់ វិស័យបវរកញ្ញានៅកម្ពុជា ឱ្យកាន់តែ លេចធ្លោបន្ថែមទៀត លើឆាកអន្តរជាតិ ។
បវរកញ្ញាចក្រវាឡទាំង ៤ ជំនាន់ ដូចជា កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា កញ្ញា រ៉េត ហ្សារីតា និងកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញបទពិសោធន៍ និងអនុស្សាវរីយ៍ រៀងៗខ្លួន។ ប៉ុន្ដែអ្នកចូលរួម ចាប់អារម្មណ៍ខ្លាំងនោះ គឺបវរកញ្ញារាងតូចច្រឡឹងទាំង ៤ រូប បានបង្ហាញ ភាពជោគជ័យរបស់ខ្លួន លើវិថីសិល្បៈ លើសពីការរំពឹងទុក ក្រោយពីបានគ្រងមកុដ តំណាងជាតិ។
បវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជា ឆ្នាំ២០១៨ កញ្ញា រឿន ណាត បាននិយាយថាៈ ដំបូងឡើយ កញ្ញា ត្រឹមជាពិធីការិនី និងសម្ដែងក្នុងស្ពតពាណិជ្ជកម្មម្ដងម្កាល ប៉ុន្ដែបច្ចុប្បន្ន កញ្ញា មានមុខមានមាត់ ក្នុងសង្គមសិល្បៈ រហូតទទួលបានការងារសិល្បៈជាច្រើន ទាំងការងារ ថតខ្សែភាពយន្ដ និងថតស្ពតពាណិជ្ជកម្ម។
កញ្ញា បានបន្តថាៈ «អ្វីដែលនាងខ្ញុំ ចងចាំបំផុត គឺថ្ងៃជួបជុំប្រកួត ជាមួយប្រទេសដទៃៗ ហើយយើងបានចែក រំលែកបទពិសោធន៍គ្នា បង្ហាញពីប្រពៃណីគ្នា ទៅវិញទៅមក ហើយខ្ញុំបានយល់កាន់តែច្បាស់ ពីប្រពៃណីរបស់យើង និងជាតិសាសន៍ដទៃ កាន់តែច្បាស់ តាមរយៈឈុតស្លៀកពាក់របស់គាត់”។
ចំណែកនាយកប្រតិបត្ដិ ក្រុមហ៊ុន CIM និងជាអ្នករៀបចំកម្មវិធី Miss Universe Cambodia លោក ម៉ែន និមលរតន៍ បានលើកឡើងថាៈ នេះជាឱកាសមិនធ្លាប់មាន សម្រាប់បវរកញ្ញាចក្រវាលកម្ពុជា ទាំង៤ជំនាន់ ជួបជជែកគ្នា ដើម្បីចែករំលែកបទពិសោធន៍ និងអនុស្សវរីយ៍ ទៅកាន់អ្នកបេក្ខភាព តំណាងកម្ពុជា សម្រាប់ឆ្នាំក្រោយទៀតៗ ព្រមទាំង ប្រាប់ទៅកាន់អ្នកគាំទ្រពួកគេ តាមរយៈការ Live ផ្ទាល់របស់ Page Miss Universe Cambodia និងតាមបណ្ដាញសារព័ត៌មាន ជាច្រើនទៀត។
បើតាមលោក ម៉ែន និមលរតន៍ ម្ចាស់មកុដតំណាងជាតិទាំង ៤ រូប នឹងចូលរួមយ៉ាងសកម្ម ជាមួយកម្មវិធីលើកក្រោយៗទៀត ជាពិសេស ពួកគេនឹងធ្វើជាគណៈកម្មការ ជ្រើសរើស បេក្ខភាពក្រោយៗ ព្រមទាំងចូលរួមផ្ដល់បទពិសោធន៍ ដែលខ្លួនធ្លាប់ទទួលបាន ទាំងការប្រកួត នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចែករំលែក ដល់បេក្ខភាពតំណាងជាតិ ក្រោយទៀត។
រីឯលោក ចិន សំណាង ដែលជាម្ចាស់ហាងពេជ្រ CSNJ និង ជាអ្នកជួយជ្រោមជ្រែង កម្មវិធី បាននិយាយថា លោកពិតជាមានកិត្តិយស បានចូលរួមកម្មវិធីជួបជាមួយ បវរកញ្ញាចក្រវាឡ ទាំង ៤ ជំនាន់ ដែលជាការជួបជុំ ដើម្បីពិភាក្សា និងស្វែងយល់បន្ថែម ពីការប្រកួតលើឆាកអន្តរជាតិ និង ការផ្លាស់ប្តូបទពិសោធន៌ថ្មី រវាង Miss Universe ទាំងអស់ ដែលកម្មវិធីនេះ គឺឧបត្ថម្ភគាំទ្រដោយហាងពេជ្រ CSNJ ។
បន្ថែមពីនោះ គឺការបង្ហាញពីគម្រោងការ ធ្វើម្កុដ ជូនដល់បវកញ្ញាចក្រវាឡ ២០២២ ដែលមានតម្លៃ រហូត ជាង ១០ មុឺនដុល្លារ ដើម្បីលើកស្ទួយដល់ វិស័យកញ្ញាឯកចក្រវាឡ កម្ពុជា និងលើកកំពស់ពីតម្លៃត្បូងរតនៈគីរី ដ៏មានតម្លៃរបស់កម្ពុជា ។
ក្រៅពីនោះ បើកញ្ញាឯកចក្រវាឡ ចេញទៅប្រកួត នៅបរទេស លើឆាកអន្តរជាតិ គឺ កញ្ញាឯក ទទួលបានចិញ្ចៀនពេជ្រ ១វង់ និងថវិកា ៥.០០០ ដុល្លារ ។ ចំណែកអ្នកជាប់ការប្រកួត ក្នុងស្រុក ជាប់ចំណាត់ថ្នាក់ទាំង ២០ នាក់ គឺទទួលបានចិញ្ចៀនពេជ្រ ម្នាក់ៗ ១វង់ ផងដែរ ហើយហាងពេជ្រ CSNJ នៅតែជួយជ្រោមជ្រែង ដល់ការប្រកួត Miss Universe ជារៀងរហូត ។
លោកបានបន្តថាៈ ក្នុងនាម ជាម្ចាស់ហាងពេជ្រ CSNJ ក៏សូមអរគុណដល់បងប្អូន ទាំងអស់ ដែលបានគាំទ្រ ដល់ហាងពេជ្រ CSNJ នាពេលកន្លងមក និងសូមអោយបងប្អូន ជួយគាំទ្រហាងពេជ្រ CSNJ ជាបន្តទៀត។
សូមរំលឹកថា កញ្ញា រឿន ណាត គឺជាបវរកញ្ញាចក្រវាល តំណាងជាតិកម្ពុជា ឆ្នាំ២០១៨ ហើយធ្លាប់ចេញទៅប្រកួត ថ្នាក់អន្ដរជាតិ នៅប្រទេសថៃ។ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាចក្រវាល តំណាងជាតិកម្ពុជា ឆ្នាំ២០១៩ ហើយធ្លាប់ចេញទៅប្រកួត កម្រិតអន្ដរជាតិ ដូចកញ្ញា រឿន ណាត ដែរ។ រីឯកញ្ញា រ៉េត សារីតា ជាបវរកញ្ញាចក្រវាល តំណាងឲជាតិកម្ពុជា ឆ្នាំ២០២០ ធ្លាប់ចេញទៅប្រកួត នៅសហរដ្ឋអាមេរិក។
ចំណែកកញ្ញា ងិន ម៉ារ៉ាឌី វិញ គឺជាបវរកញ្ញាចក្រវាល ឆ្នាំ២០២១ ធ្លាប់ចេញទៅប្រកួត នៅប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែបវរកញ្ញាទាំង៤ដួង មិនទទួលបានជ័យលាភី ថ្នាក់អន្ដរជាតិ នោះទេ តែពួកគេបានយកឈ្នះ បេះដូងកូនខ្មែរជាច្រើន តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ពួកគេ ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក៕/V