ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កែវយឹតអវកាសដ៏ធំបំផុតនិងមានឥទ្ធិពលបំផុតរបស់ពិភពលោកបានទៅដល់ទីតាំងសង្កេតរបស់វាស្ថិតនៅចម្ងាយ ១,៦លានគីឡូម៉ែត្រពីផែនដីកាលពីថ្ងៃចន្ទទី២៤មករា ពោលគឺមួយខែគត់បន្ទាប់ពីវាត្រូវបានបាញ់បង្ហោះដើម្បីស្រាវជ្រាវប្រភពដើមនៃចក្រវាល។
តាមការបញ្ជា កែវយឺតអវកាស James Webb បានបាញ់យានរ៉ុក្កែតរបស់វាអស់រយៈពេលជិត ៥ នាទីដើម្បីចូលទៅក្នុងគន្លងជុំវិញព្រះអាទិត្យ នៅទីតាំងដែលបានកំណត់ហើយអង្គការណាសាបានបញ្ជាក់ថា ប្រតិបត្តិការបានប្រព្រឹត្តទៅរលូនតាមការគ្រោងទុក។
កញ្ចក់នៅលើកែវយឹតសង្កេតតម្លៃ ១០ ពាន់លានដុល្លារនេះនៅត្រូវតម្រឹមយ៉ាងល្អិតល្អន់សិន ឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដគឺត្រូវត្រជាក់គ្រប់គ្រាន់ និងឧបករណ៍វិទ្យាសាស្ត្រគឺត្រូវក្រិតតាមខ្នាត មុនពេលការសង្កេតអាចចាប់ផ្តើមបាននៅខែមិថុនាខាងមុខ។
ប៉ុន្តែអ្នកគ្រប់គ្រងជើងហោះហើរនៅទីក្រុងបាល់ទីម័រ (Baltimore) សប្បាយចិត្តជាខ្លាំងបន្ទាប់ពីទទួលបានជោគជ័យមួយទៀត។
លោក ប៊ីល នែលសុន (Bill Nelson)ជាអ្នកគ្រប់គ្រងណាសាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកាន់តែខិតទៅជិតមួយជំហានទៀតក្នុងការស្វែងរកអាថ៌កំបាំងនៃចក្រវាល។ ហើយខ្ញុំមិនអាចទ្រាំរង់ចាំមើលទិដ្ឋភាពថ្មីដំបូងរបស់កែវយឹត Webb អំពីចក្រវាលនៅរដូវក្តៅនេះបានទេ!”។
កែវយឹតនេះនឹងអាចឱ្យពួកតារាវិទូពិនិត្យមើលពេលវេលាត្រឡប់ថយក្រោយបានឆ្ងាយជាងពេលណាៗទាំងអស់ គឺត្រឡប់ទៅរកពេលដែលផ្កាយ និងកាឡាក់ស៊ីដំបូងបានកកើតឡើងកាលពី ១៣,៧ ពាន់លានឆ្នាំមុន។ វាមានរយៈពេលតែ ១០០ លានឆ្នាំប៉ុណ្ណោះពីបន្ទុះប៊ីកប៊ែង (Big Bang) នៅពេលដែលចក្រវាលត្រូវបានបង្កើតឡើង៕
កែវយឺតអវកាស James Webb ទៅដល់គោលដៅរបស់វានៅចម្ងាយ ១,៦ លានគីឡូម៉ែត្រពីផែនដី