ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ តម្លៃរូបិយប័ណ្ណអេឡិចត្រូនិចបានធ្លាក់ចុះបន្ទាប់ពីប្រទេសរុស្ស៊ីបានស្នើឱ្យហាមឃាត់ការប្រើប្រាស់ និងការជីកយករ៉ែរូបិយប័ណ្ណអេឡិចត្រូនិច(mining)ខណៈអ្នកជួញដូរមានការព្រួយបារម្មណ៍ចំពោះផលប៉ះពាល់ដែលនឹងកើតឡើងចំពោះសាច់ប្រាក់ងាយស្រួលរបស់ទីផ្សារពីការកាត់បន្ថយបរិមាណ និងការដំឡើងអត្រាការប្រាក់។
លុយ Bitcoinបានធ្លាក់ក្រោមកម្រិត ៤០.០០០ ដុល្លារមកនៅត្រឹម ៣៥.២២៦ ដុល្លារកាលពីថ្ងៃចន្ទទី២៤មករានៅម៉ោង ១ រសៀល ខណៈលុយ Ethereum បានធ្លាក់ចុះក្រោម ៣.០០០ដុល្លារមកនៅត្រឹម ២.៤៤៦ ដុល្លារ។
តម្លៃរូបិយប័ណ្ណអេឡិចត្រូនិចបានស្ទុះងើបឡើងវិញបន្តិចកាលពីថ្ងៃចន្ទ ប៉ុន្តែទីផ្សារសរុបនៅតែទាបជាង ២ ទ្រីលានដុល្លារ គឺនៅត្រឹម ១,៧ ទ្រីលានដុល្លារ។
យោងតាមវេបសាយ Bloomberg បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិជ្ជាកំពូលទាំង ៥ របស់ពិភពលោកបានខាតបង់ទ្រព្យសម្បត្តិសរុបចំនួន ៦៧ពាន់លានដុល្លារដោយសារតែតម្លៃធ្លាក់ចុះនេះកាលពីសប្តាហ៍មុន។
ទីផ្សាររូបិយប័ណ្ណអេឡិចត្រូនិចសកលបានកំពុងមើលឃើញការសម្រុកលក់ចេញយ៉ាងខ្លាំងក្លាចាប់តាំងពីថ្ងៃទី ២១ ខែមករាបន្ទាប់ពីធនាគារកណ្តាលរុស្ស៊ីបានប្រកាសការហាមឃាត់លើការប្រើប្រាស់និងការជីកយករ៉ែរូបិយប័ណ្ណអេឡិចត្រូនិចទាំងអស់ ដោយនិយាយថាពួកវាគឺជាទ្រព្យសម្បត្តិប៉ាន់ស្មានដែលមានសក្តានុពលកើនតម្លៃខ្ពស់កប់ពពកដែលអាចគំរាមកំហែងដល់សន្តិសុខហិរញ្ញវត្ថុរបស់ប្រទេស។
នៅពេលដែលការហាមប្រាមនេះត្រូវបានដាក់ចេញ វិនិយោគិននៃស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីនឹងត្រូវបានរារាំងពីការកាន់កាប់ទ្រព្យសម្បត្តិណាមួយដែលទាក់ទងនឹងប្រតិបត្តិការពាក់ព័ន្ធនឹងលុយអេឡិចត្រូនិច។ យន្តការដើម្បីទប់ស្កាត់និងរកឃើញប្រតិបត្តិការជួញដូរណាមួយដែលទាក់ទងនឹងរូបិយប័ណ្ណអេឡិចត្រូនិចក៏នឹងត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរការផងដែរ។
រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបរិមាណដ៏ធំបំផុតនៃប្រតិបត្តិការទាក់ទងនឹងលុយអេឡិចត្រូនិច ជាមួយនឹងទំហំពាណិជ្ជកម្មជាមធ្យមមានរហូតដល់ទៅ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។
រុស្ស៊ីក៏ជាប្រភពរុករករ៉ែ Bitcoin ធំជាងគេទី ៣ នៅលើពិភពលោកផងដែរបន្ទាប់ពីសហរដ្ឋអាម៉េរិកនិងកាហ្សាក់ស្ថាន។
ធនាគារកណ្តាលរុស្ស៊ីបាននិយាយថា ការជីកយករ៉ែ Bitcoin ប្រើប្រាស់ថាមពលយ៉ាងច្រើនដែលបានមកពីឥន្ធនៈហ្វូស៊ីល ដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន៕
រុស្ស៊ីស្នើឱ្យហាមឃាត់ការប្រើប្រាស់ និងការជីកយករ៉ែរូបិយប័ណ្ណអេឡិចត្រូនិចដូចជា Bitcoin និង Ethereum