ដោយៈ គង់ហេង / កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ដូសទី៤ ឬដូសជំរុញ ជាប្រភេទវ៉ាក់សាំង ឈ្មោះ «MODENA» (ម៉ូឌីណា) ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបម្រើការងារជួរមុខខណៈ ដែលអ្នកចាក់ដូសជំរុញទី៣ បានចំនួនជាង ២៦ ម៉ឺននាក់ មកដល់បច្ចុប្បន្ននេះ។
នេះបើផ្អែកតាមការបញ្ជាក់ របស់លោក គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តកំពង់ចាម នៅក្នុងរបាយការណ៍ស្វាគមន៍ ក្នុងយុទ្ធនាការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ដូសទី៤ ដែលមានការដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងសាលាខេត្តនេះ នាថ្ងៃទី ២៥ មករា នេះ។
លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ទៀតថាៈ បច្ចុប្បន្ន យើងបានដំណើរ ការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ អាយុ ៥ ឆ្នាំ ដួសទី១ ចាក់បានចំនួន ១១.៨៥២ នាក់ស្មើនឹង ៨៧ ភាគរយ និងដូសទី២ បានចំនួន ១០.៧៨៣ នាក់ ស្មើ់នឹង ៦៣ ភាគរយ។ អាយុ ៦ ដល់ ១១ ឆ្នាំ ដូសទី១ បានចំនួន ២១១.៧៣៧ នាក់ ស្មើនឹង ១១០ ភាគរយ និងដូសទី២ បានចំនួន ១១៣.៤១៨ នាក់ស្មើនឹង ១០២ ភាគរយ។
លោកបានបន្តថាៈ ចំពោះអាយុ ១២ ដល់ ១៨ ឆ្នាំ ដូសទី ១ បានចំនួន ១១០.៧០៩ នាក់ ស្មើនឹង១០០ ភាគរយ និងដូសទី២ បានចំនួន ១០៦.២៣៤ នាក់ស្មើនឹង ៩៦ភាគរយ។ រីឯ ចាប់ពីអាយុ ១៨ ឆ្នាំឡើង ដូសទី១ ចាក់បានចំនួន ៥០៣.៦៧៧ នាក់ស្មើនឹង ៧២ ភាគរយ និងដួសទី២ បានចំនួន ៤៧៦.៨៩៨ នាក់ ស្មើនឹង ៦៨ ភាគរយ និងដូសជំរុញទី៣ បានចំនួន ២៦១.៨៩៨ នាក់ ស្មើនឹង ៣៧ ភាគរយ៕/V-PC