ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា កាលពីថ្ងៃអង្គារទី២៥មករាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបញ្ជាទិសសង្ស័យចំនួនពីរគ្រាប់នៅក្នុងការបាញ់សាកល្បងអាវុធជុំទី ៥ របស់ខ្លួនក្នុងខែនេះ ខណៈកូរ៉េខាងជើងសម្ញែងសាច់ដុំយោធារបស់ខ្លួនចំពេលមានការលំបាកទាក់ទងនឹងជំងឺរាតត្បាតនិងការជាប់គាំងការចរចានុយក្លេអ៊ែរយ៉ាងយូរជាមួយសហរដ្ឋអាម៉េរិក។
វាជាការបាញ់សាកល្បងកាំជ្រួចផ្សេងៗគ្នាទី ៥ របស់កូរ៉េខាងជើងក្នុងខែនេះ
មន្ត្រីម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយយោងលើច្បាប់របស់ក្រសួងបាននិយាយថា មន្ត្រីចារកម្មកូរ៉េខាងត្បូងនិងសហរដ្ឋអាម៉េរិកកំពុងវិភាគលើការបាញ់មីស៊ីលនេះប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ មន្ត្រីយោធាម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះជុំវិញហេតុផលស្រដៀងគ្នានេះដែរ បាននិយាយថា កាសាកល្បងមីស៊ីលនេះត្រូវបានធ្វើឡើងពីតំបន់មួយលើដីគោក ប៉ុន្តែមិនបានបញ្ជាក់ពីកន្លែងណាទេ។
កូរ៉េខាងជើងបានកំពុងបង្កើនសកម្មភាពសាកល្បងអាវុធរបស់ខ្លួននាពេលថ្មីៗនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីដាក់សម្ពាធលើរដ្ឋបាលលោកបៃដិនជុំវិញការជាប់គាំងការទូតបន្ទាប់ពីជំងឺរាតត្បាតបានបំផ្លិចបំផ្លាញបន្ថែមទៀតលើសេដ្ឋកិច្ចដែលខូចខាតដោយការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាម៉េរិកដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននិងការគ្រប់គ្រងមិនត្រឹមត្រូវជាច្រើនទសវត្សរ៍ដោយរដ្ឋាភិបាលកូរ៉េខាងជើងខ្លួនឯងផ្ទាល់។
កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានចេញការគំរាមកំហែងដើម្បីបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយសំដៅលើដីគោកអាម៉េរិកដែលមេដឹកនាំគីម ជុងអ៊ុនបានផ្អាកកាលពីឆ្នាំ ២០១៨ ខណៈចាប់ផ្តើមការទូតជាមួយសហរដ្ឋអាម៉េរិក។
អ្នកជំនាញខ្លះនិយាយថា កូរ៉េខាងជើងអាចបង្កើនការបង្ហាញអាវុធខ្លាំងឡើង បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកុម្ភៈនៅក្នុងប្រទេសចិនដែលជាសម្ពន្ធមិត្តដ៏សំខាន់និងជាខ្សែជីវិតសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។
ពួកគេនិយាយថា ថ្នាក់ដឹកនាំរបស់ទីក្រុងព្យុងយ៉ាងទំនងជាមានអារម្មណ៍ថាខ្លួនអាចប្រើការញុះញង់ដ៏ខ្លាំងក្លាមួយដើម្បីរំកិលម្ជុលចូលទៅក្នុងរដ្ឋបាលបៃដិន ដែលបានផ្តល់កិច្ចពិភាក្សាបើកចំហប៉ុន្តែមិនបានបង្ហាញឆន្ទៈក្នុងការបន្ធូរបន្ថយទណ្ឌកម្មទេលុះត្រាតែលោកគីមចាត់វិធានការពិតប្រាកដដើម្បីបោះបង់ចោលអាវុធនុយក្លេអ៊ែរនិងមីស៊ីលដែលគាត់ចាត់ទុកថាជាការធានាដ៏រឹងមាំបំផុតនៃការរស់រានមានជីវិតរបស់គាត់៕
លោកគីម ជុងអ៊ុនចូលរួមកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពលករកាលពីថ្ងៃទី១៩មករា ២០២២