ដោយៈសុផល/កំពង់ឆ្នាំង: រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងនាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃទី២ ខែមករាបានអញ្ជើញទៅទស្សនកិច្ចនៅតាមសាលារៀនក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្ទះបាយសាលា កន្លែងទទួលទានអាហារ និងសម្ភារបរិក្ខារផ្សេងៗទៀត ដែលផ្តល់មូលនិធិដោយ KOICA ក៏ដូចជាប្រារព្ធការចាប់ផ្តើមឡើងវិញទាំងស្រុងនូវកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន នៅទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សាថ្មី។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញទៅកាន់សាលាបឋមសិក្សាស្មែតនិងសាលាបឋមសិក្សាអង្គសិរីនិងត្រូវបានទទួលស្វាគមន៍ពីថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក៏ដូចជាឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជាត្រូវបានដាក់បញ្ចូលនៅក្នុងក្របខណ្ឌគោលនយោបាយជាតិអប់រំ និងក្របខណ្ឌគោលនយោបាយគាំពារសង្គម ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស តាមការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់កុមារថ្នាក់មត្តេយ្យ និងបឋមសិក្សា លើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពរបស់ពួកគេ និងជួយឱ្យពួកគេបានហូបឆ្អែតមួយរយៈពេល ក៏ដូចជា ជួយផ្តល់នូវសំណាញ់សុវត្ថិភាពដល់ក្រុមគ្រួសារដែលងាយរងគ្រោះ តាមរយៈកម្មវិធីផ្ទេរប្រាក់។
អស់រយៈពេលជាង២០ឆ្នាំហើយ កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនបានផ្ដល់អាហារដល់កុមារចំនួន ៣២០.០០០នាក់ នៅក្នុងសាលាគោលដៅចំនួន ១.១១៤ នៅក្នុងខេត្តចំនួនដប់។ ការសិក្សាបានបង្ហាញថា អាហារដែលមានជីវជាតិជួយបង្កើនការផ្តោតអារម្មណ៍របស់សិស្ស និងជួយឱ្យការរៀនសូត្ររបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់លទ្ធផលនៃការអប់រំ។
បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា «ចាប់តាំងពីកម្មវិធីបានចាប់ផ្តើមមក យើងបានកត់សម្គាល់ឃើញថាអត្រាបោះបង់ការសិក្សានៅសាលាបឋមសិក្សាបានធ្លាក់ចុះ និងមានកំណើនការចូលរៀនទៀងទាត់»។ លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមផងដែរថា ការផ្តល់អាហារចម្រុះនិងសម្បូរជីវជាតិ នៅតាមសាលារៀន ដោយឥតគិតថ្លៃ គឺជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាដល់ក្រុមគ្រួសារ ឱ្យបញ្ជូនកូនទៅសាលារៀន ក៏ដូចជាជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ពួកគាត់។
ចាប់តាំងពីដើមឆ្នាំ២០២០មក KOICA បានគាំទ្រកម្មវិធីផ្ដល់ស្បៀងអាហារតាមសលារៀននៅក្នុងខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ដោយផ្តល់មូលនិធិសរុបចំនួន ១០លានដុល្លារក្នុងរយៈពេលបួនឆ្នាំ។ ជំនួយនេះបានអនុញ្ញាតឱ្យមានការសាងសង់ផ្ទះបាយ កន្លែងទទួលទានអាហារ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនិងអនាម័យ នៅតាមសាលារៀនជាច្រើន ដើម្បីសម្រួលដល់ការផ្ដល់អាហារតាមសាលារៀនប្រកបដោយសុវត្ថិភាព អនាម័យ និងមានប្រសិទ្ធភាព។
KOICA ក៏បានគាំទ្រជាពិសេសដល់កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់ “កសិផលក្នុងសហគមន៍” ដែលទិញផលិតផលស្បៀងក្នុងស្រុកសម្រាប់យកមកប្រើប្រាស់ក្នុងការរៀបចំអាហារនៅសាលា។ កម្មវិធីនេះផ្សារភ្ជាប់ការផ្តល់អាហារតាមសាលាទៅនឹងការកែលម្អអាហារូបត្ថម្ភ សុខុមាលភាព និងការអភិវឌ្ឍជនបទ ដោយការជំរុញកំណើនកសិកម្ម និងសន្តិសុខស្បៀងក្នុងតំបន់ ក៏ដូចជាត្រួសត្រាយផ្លូវសម្រាប់ការរៀបចំកែប្រែកម្មវិធីនេះឱ្យទៅជាកម្មវិធីជាតិផងដែរ។
លោកស្រី គ្លែរ កូណាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោក និងជានាយកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណចំពោះ KOICA សម្រាប់ការគាំទ្រដល់កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន។ ពួកគាត់មានភាពបត់បែន និងគិតគូរពីអនាគតទៅមុខ ជាពិសេសមានគំនិតផ្តួចផ្តើមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈស្តង់ដារនៅតាមសាលារៀន ដើម្បីជួយសម្រួលដល់ការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។ កុមារនៅសាលាទាំងនេះមិនចាំបាច់ញ៉ាំអាហារក្នុងថ្នាក់ ឬក្នុងទីធ្លាបរិវេណសាលាទៀតទេ។”
ក្នុងអំឡុងពេលដែលសាលារៀនបានបិទដោយសារជំងឺរាតត្បាត KOICA បានព្រមព្រៀងឱ្យផ្លាស់ប្តូរពីការផ្ដល់ស្បៀងតាមសាលារៀន ទៅជា ការចែកស្បៀងដល់ក្រុមគ្រួសារសិស្សក្រីក្រ ជាបណ្ដោះអាសន្ន ក្នុងគោលបំណងបន្តផ្ដល់អាហារូបត្ថម្ភដើម្បីជួយឱ្យកុមារបន្តការសិក្សានៅផ្ទះ។ឥឡូវនេះសាលាបានបើកដំណើរការឡើងវិញទាំងស្រុងសម្រាប់ឆ្នាំសិក្សាថ្មី កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនក៏ចាប់ផ្ដើមឡើងវិញដែរ ដើម្បីធានាថា កុមារទទួលបានអាហារមានជីវជាតិយ៉ាងតិចមួយដង ក្នុងមួយថ្ងៃ ដើម្បីគាំទ្រដល់ការសិក្សា និងការអភិវឌ្ឍរបស់ពួកគេ។
លោក RHO Hyunjun នាយកប្រចាំប្រទេសរបស់ KOICA មានប្រសាសន៍ថា “យើងមានសេចក្ដីរីករាយណាស់ដែលកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍អាចដំណើរការឡើងវិញបានពេញលេញ ដោយធានាថាកុមារអាចទៅសាលារៀន ទទួលបានអាហារមានជីវជាតិ និងបានរៀនសូត្រអស់ពីសមត្ថភាពរបស់ពួកគេ។ការអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសមួយ ហើយយើងមិនចង់ទុកឱ្យកុមារណាម្នាក់ណាចោលនោះទេ។ យើងសង្ឃឹមថា ការរួមចំណែកមួយផ្នែកតូចនេះនឹងរួមចំណែកដល់កិច្ចការនេះ។”
កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ទាមទារឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្សបន្ថែមទៀត ដើម្បីបំពេញតម្រូវការជំនាញសម្រាប់ទីផ្សារនាពេលអនាគត។ កង្វះអាហារូបត្ថម្ភនៅតែជាកង្វល់ផ្នែកសុខភាពសាធារណៈ ជាឧទាហរណ៍ អត្រាក្រិសក្រិនមានដល់ទៅ៣២%ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។ កម្មវិធីផ្តល់អាហារដល់សាលារៀនរួមចំណែកផ្ដល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនាពេលអនាគត ក៏ដូចជាសម្រាប់កុមារដែលទទួលបានអាហារផងដែរ៕