ដោយៈ ពៅ​ និមល /ភ្នំពេញៈ ក្នុង​គោលបំណង សំដៅ​ចូលរួម​ថែរក្សា​ការពារ ទ្រព្យសម្បត្តិ​រដ្ឋ ឲ្យ​បានល្អ ក្នុងការ​បម្រើ​ផលប្រយោជន៍​ជាតិ លោក​រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា បាន​រម្លឹក និង​ជំរុញ​ឲ្យ​មន្ត្រីក្រោមឱវាទ​ថា ត្រូវធ្វើ​ការផ្លាស់ប្តូរ​ជាថ្មី ពី​ការគ្រប់គ្រង បញ្ជី​សារពើ​ភណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ តាម​ក្រដាស មកជា​ការគ្រប់គ្រង តាម​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ (​ឌីជីថល​) ចាប់ពីពេលនេះ​តទៅ​។

​ការលើកឡើង​ដូច្នេះ​របស់ លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានធ្វើ​ឡើង ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ (SARMIS) ជូន​អង្គភាព​ក្រោម​ឱវាទ​ក្រសួង នៅ​ទីស្តីការក្រសួង​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង​ថាៈ ការតម្រូវ​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​នេះ ព្រោះថា ទ្រព្យសម្បត្តិ​រដ្ឋ គឺជា​ទ្រព្យសម្បត្តិ​ដែល​រដ្ឋ ផ្តល់​ទៅ​ឲ្យ​អ្នកមាន​សិទ្ធិ ក្នុងការ​ទទួល​យកទៅ​ប្រើប្រាស់​។ ទ្រព្យ​នេះ មិនជា​ទ្រព្យ​របស់​ឯកជន​ទេ ប៉ុន្តែ​បុគ្គល​ឯកជន ត្រូវតែមាន​ការទទួល​ខុសត្រូវ ចំពោះ​ទ្រព្យសម្បត្តិ ដែល​រដ្ឋ​បានផ្តល់​ឲ្យ តាមរយៈ​ការថែទាំ ការគ្រប់គ្រង​ឲ្យ​បាន​គត់មត់ និង​ល្អប្រសើរ​។ ដូច្នេះ​មន្ត្រី​បច្ចេកទេស ដែល​ទទួលបន្ទុក​កាន់ការ ត្រូវ​សិក្សា​ពី​លក្ខណៈ ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ ជា​បណ្តើរៗ​។​

​លោក​បាន​បន្តថាៈ ប្រព័ន្ធ​នេះ​បាន​កែប្រែ ពី​ការ​ស្តុក​ទិន្នន័យ ពី​ឯកសារ ទៅជា​ប្រព័ន្ធ​ឌីជីថល នៅក្នុង​កុំព្យូទ័រ ដ៏​មាន​ប្រសិទ្ធភាព​វិញ ព្រោះ​ការងារ​នេះ គឺជា​កិច្ច​ការសំខាន់​មួយ មិនអាច​ខ្វះ​បាន ស្របតាម​បច្ចេកវិទ្យា រីកចម្រើន ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ និង​ជា​ផ្នែក​មួយ នៃ​កំណែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ ការគ្រប់គ្រង​តាម​ប្រព័ន្ធ SARMIS គឺ​ដើម្បី​ពង្រឹង សមត្ថភាព​មន្ត្រី ពី​ថ្នាក់​ក្រសួង ដល់​ថ្នាក់មូលដ្ឋាន សម្រាប់​គ្រប់គ្រង ទ្រព្យសម្បត្តិ​រដ្ឋ រួមមាន ការិយាល័យ ដី ឡាន ម៉ូតូ និង​របស់​ប្រើប្រាស់​ផ្សេងៗ​ជាដើម​។​

​លោក​បាន​បន្ថែមទៀតថាៈ ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ការគ្រប់គ្រង ទ្រព្យសម្បត្តិ​រដ្ឋ ចាប់ពី​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ អនុក្រឹត្យ ស្ដីពី​វិធាន និង​នីតិវិធី នៃ​ការគ្រប់គ្រង បញ្ជី​សារពើ​ភណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ ព្រមទាំង​បទ​ប្បញ្ញត្តិ លិខិតបទដ្ឋាន ដែល​បាន​ដាក់ចេញ​នូវ វិធានការ​នានា ដើម្បី​កំណត់​នីតិវិធី គ្រប់គ្រង ទ្រព្យសម្បត្តិ​រដ្ឋ និង​ការធ្វើ​បញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ​។ លើសពីនេះ ច្បាប់​ស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និង​ចាត់ចែង​លើ ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវបាន​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ប្រកាស​ឱ្យប្រើ នៅ​ចុងឆ្នាំ​២០២០ ក្នុង​គោលបំណង​កំណត់ឱ្យ ជាក់លាក់​បន្ថែមទៀត លើ​ការគ្រប់គ្រង ការប្រើប្រាស់ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ព្រមទាំង​កំណត់ អំពី​ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ជា​គោល សំដៅ​ចូលរួមចំណែក បម្រើ​ឧ​ត្ត​ម​ប្រយោជន៍ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌​។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ សា​រ៉ា​យ ឆុន បាន​ឲ្យ​ដឹងថាៈ ដើម្បី​អនុវត្ត​កម្មវិធី​នេះ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ឲ្យ​មាន​លក្ខណៈ​ពេញលេញ ក្នុងស្ថានភាព បច្ចុប្បន្ននេះ ក្នុងនាម​ជា​អាជ្ញាធរ កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវ​បញ្ចូល​ទិន្នន័យ ទ្រព្យសម្បត្តិ​រដ្ឋ តាមរយៈ​ប្រព័ន្ធ SAMIS ដែល​ត្រូវបញ្ជូន​សៀវភៅ បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ឆ្នាំ​គោល រៀងរាល់ ៥ ឆ្នាំ​ម្តង និង​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ជាតា​រាង​កើនឡើង និង​ថយចុះ​នូវ​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ត្រូវធ្វើឡើង​ក្នុង​ឆ្នាំ​នីមួយៗ ក្នុង​ចន្លោះ​រយៈពេល ៥​ឆ្នាំ នៃ​ឆ្នាំ​គោល ដែល​ត្រូវបាន​បោះពុម្ព​ចេញពី ប្រព័ន្ធ SAMIS ។​

​សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ (SARMIS) គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​ក្រុមការងារ អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ធម្មការ និង​សាសនា សហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​គោលដៅ ពង្រឹងពង្រីក​សមត្ថភាព និង​លើកកម្ពស់ ការយល់ដឹង​ថែមទៀត ជូន​មន្ត្រីរាជការ ទទួលបន្ទុក​ការងារ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ទាំង​ថ្នាក់កណ្តាល និង​មន្ទីរ​ទាំង ២៥ រាជធានី / ខេត្ត ដើម្បី​រៀបចំ​បញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន គ្រប់គ្រង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​អនុវត្ត​ផងដែរ នូវ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​រួមចំណែក​ការឆ្លើយតប​ទៅនឹង​ចរន្ត​សកល នៃ​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤៕/V​