ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ រួមជាមួយ កម្លាំងសមត្ថកិច្ច បានរកឃើញ សាកសពបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រ ហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រនោះហើយ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ។
ក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវឲ្យ ក្រុមសង្គ្រោះ ជួយស្វែងរកប្តីរបស់គាត់ បាន ធ្លាក់ពីលើទូកនេសាទ ហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ កាលពីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
ជនរងគ្រោះ មានឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ មាស សារី អាយុ៤៥ឆ្នាំ មានស្រុកកំណើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សមត្ថកិច្ច បានរកឃើញសាកសព នៅលើលម្ហរសមុទ្រ ចំណុចខាងកើតកោះដូង ចម្ងាយប្រហែលជាង ៤០០ ម៉ែត្រ ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ សម្តែងការសោកស្តាយ ចំពោះមរណភាព អ្នកនេសាទរូបនេះ បើទោះជាក្រុមសង្គ្រោះ របស់ក្រុមហ៊ុនលោក ឧកញ៉ា និងសមត្ថកិច្ច បានស្វះស្វែង រកជួយសង្គ្រោះ បានសាកសព មកវិញយ៉ាងណាក្តី ។
សូមបញ្ជាក់ថា បុរសរងគ្រោះ គឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ចូលទៅ ក្នុងសមុទ្រ នៅចំណុចដាវលេខ៤៣_៧៩០ ម្តុំខាងក្រោយឃ្លាំងស្តុកប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចបាត់ខ្លួន។
សេចក្តីរាយការណ៍ ពីម្ចាស់ទូក ឈ្មោះ អ៊ុក ស៊ិន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅលើទូក មានស្រុកកំណើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថាៈ មុនកើតហេតុ ពួកគាត់បានចេញ ទៅនេសាទ មានគ្នាចំនួន ៣ នាក់ ហើយពេលកំពុង នេសាទក្នុងសមុទ្រ ជនរងគ្រោះ ដែលជាកូនដៃទូក បានធ្លាក់ទឹកបាត់ខ្លួន ហើយភ្លាមៗ ពួកគាត់ក៍បានស្វែងរកដែរ ប៉ុន្តែមិនប្រទះឃើញ។
បច្ចុប្បន្ន ក្រុមសង្គ្រោះក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ និងសមត្ថកិច្ច បាននាំយក សាកសពជនរងគ្រោះ មកប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយ ជាមួយការរំលែកទុក្ខ ជាមួយគ្រួសារជនរងគ្រោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ក៍បានចូលជាបច្ច័យបុណ្យសព ចំនួន ១ លានរៀលផងដែរ ៕/V