ដោយ: ពៅនិមល / ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថាៈ ពន្លាជាតិរបស់ប្រទេសកម្ពុជា ដែលតាំងបង្ហាញ ក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ សហភាពអារ៉ាប់រួម បានទទួលភ្ញៀវ ឲ្យចូលទស្សនា ចំនួន ១៧៤.០១៨ នាក់ ។ ក្នុងនោះគ្រាន់តែ ក្នុងរយៈពេល ១ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនា រហូតដល់ជាង មួយពាន់នាក់។
ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួម អបអរសាទរ ពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ-ចូលរួម ពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុងឋានៈជាអគ្គស្នងការ របស់កម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ បានមានប្រសាសន៍ថាៈ ពន្លាជាតិកម្ពុជា បានសាងសង់យ៉ាងល្អប្រណីត តាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នា នូវសម័យកាល ជាប្រវត្តិសាស្ត្រសំខាន់ៗ ចំនួនបួន គឺៈ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧដុង្គ និងសម័យចតុមុខ ឬ សម័យភ្នំពេញ បច្ចុប្បន្ន ហើយចំណុច សំខាន់ និងធ្វើឱ្យភ្ញៀវ អ្នកទស្សនា មានការចាប់អារម្មណ៍ និងកោតសរសើរ គឺកម្ពុជា បាននាំមកនូវ រូបសំណាកចម្លង មួយចំនួន ដូចជា ចម្លាក់តោ, ឆ្មាំអង្គរ, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះបាទជ័យវរ្ម័នទី៧, ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែង ក្នុងពន្លាជាតិ ជូនភ្ញៀវទស្សនា ផងដែរ។
លោកបានបន្តថាៈ ដោយសារចំណុចពិសេសទាំងនេះ ទើបធ្វើឱ្យពន្លាជាតិកម្ពុជា ត្រូវបាន គណៈកម្មការជ្រើសរើស ចូលក្នុងបញ្ជីប្រទេស ចំនួន ៣០ ក្នុងចំណោម ១៩០ ប្រទេស ដែលបានរៀបចំពន្លាជាតិ ស្អាតជាងគេ និងមានលក្ខណៈពិសេស ស្របតាមប្រធានបទ នៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវសាកល្បង មុនពេលពិព័រណ៍ពិភពលោក បើកសម្ពោធ ជាផ្លូវការមួយថ្ងៃ។
លោករដ្ឋមន្ត្រី បានលើកឡើងទៀតថាៈ ចំពោះអត្ថន័យសំខាន់ នៃការសាងសង់ពន្លាជាតិ កម្ពុជា នេះថា កម្ពុជា គឺជាដែនដីសុវណ្ណភូមិ ដ៏ចំណាស់មួយ នៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាប្រវត្តិសាស្ត្រ តាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន។ កម្ពុជា ធ្លាប់មានវប្បធម៌ និងអរិយធម៌រុងរឿង ជាយូរលង់ណាស់មកហើយ តាមរយៈភាព ល្បីល្បាញ នៃប្រាង្គប្រាសាទបុរាណ ដ៏អស្ចារ្យជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ដែលបានទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរ ពីទូទាំងពិភពលោក ឱ្យទៅទស្សនា កម្ពុជា។
ជាមួយគ្នានេះ លោក បានអំពាវនាវ និងសូមស្វាគមន៍ ចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាស បណ្តាក់ទុនវិនិយោគ នៅកម្ពុជា ព្រមទាំងស្វាគមន៍ទេសចរ អន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិ ដ៏សម្បូរបែប ដែលនៅមានឋិតថេរ ពីបុរាណរហូតមកដល់ បច្ចុប្បន្ន។
សូមបញ្ជាក់ថា ការរៀបចំ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុង ឌុយបៃ សហភាពអារ៉ាប់រួម បានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ្ស៊េរយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗ ជាង ៥០ បន្ថែមទៀត។
ក្នុងពិធីនេះ ក៏មានការថ្លែងសុន្ទរកថា អបអរសាទរ ដោយប្រធានគណៈប្រតិភូប្រទេស ទាំងពីរ កម្ពុជា-អារ៉ាប់រួម កម្មវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ, កម្មវិធីបង្ហាញមុខម្ហូបខ្មែរ ចំនួន ២ មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញ ដោយចុងភៅកម្ពុជា មកពីវិទ្យាស្ថាន ម្ហូបអាហារកម្ពុជា, វេទិកាជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជា និងការសម្តែងសិល្បៈ បង្ហាញវប្បធម៌ខ្មែរ ជូនពិភពលោក បានស្គាល់។
ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍ កម្រិតពិភពលោក លើកដំបូង ដែលរៀបចំឡើង នៅតំបន់មជ្ឈឹមបូព៌ា មានរយៈពេល ៦ ខែ ហើយបើកចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន ១៨២ ថ្ងៃ។
ប្រធានបទនៃពិព័រណ៍នេះគឺ ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរង ចំនួន ៣ គឺៈ កាលានុវត្តភាព, វឌ្ឍនភាព និងនិរន្តភាព។ តាមការរំពឹងទុក បន្ទាប់ពីការចូលរួមពិព័រណ៍ ពិភពលោក ២០២០ ឌុយបៃ នាពេលនេះ នឹងធ្វើឱ្យពិភពលោកស្គាល់ និងចាប់អារម្មណ៍ លើកម្ពុជា កាន់តែច្រើនឡើងថែមទៀត ហើយកម្ពុជា រំពឹងថា តាមរយៈការរៀបចំវេទិកា ជំរុញការវិនិយោគ និងទេសចរណ៍ នាពេលនេះ នឹងទាក់ទាញវិនិយោគិន និងទេសចរណ៍ អន្តរជាតិ បានច្រើនថែមទៀត ចូលមកកម្ពុជា៕/V