ដោយ: ភ្នំខៀវ / បាត់ដំបង: ប្រជានេសាទដែនទឹកបឹងទន្លេសាប សម្រុកធ្វើប្រហុកត្រីកំភ្លាញ បង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រី វ័យ ៦៥ឆ្នាំ ឈ្មោះព្រាប ផុន ជាប្រជានេសាទ បែបលក្ខណ:គ្រួសារ រស់នៅលើទឹក ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹង នៅថ្ងៃទី ២៤ ខែមករា នេះថាៈ ជាធម្មតា គ្រួសាររបស់អ្នកស្រី បន្ទាប់ពីការនេសាទត្រី ជាលក្ខណ:គ្រួសារ ចិញ្ចឹមក្រពះ អ្នកស្រីបានបន្តឆ្លៀតកែច្នៃ ធ្វើប្រហុកប្រភេទត្រីកំភ្លាញ បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារ ឲ្យកាន់តែមានភាពល្អប្រសើរ ដែលមុខរបរមួយនេះ ក្រុមគ្រួសាររបស់អ្នកស្រី បានសមប្រកបរយៈពេលជាង ៣០ ឆ្នាំកន្លងមកហើយ។
អ្នកស្រី បានបន្តថាៈ តម្រូវការប្រហុកត្រីកំភ្លាញ ធម្មជាតិ មកដល់ពេលនេះ នៅតែមានការ ពេញនិយម សម្រាប់ប្រជាពលរដ្ឋ ទទួលទាន ហើយទីផ្សារ ទូលាយមិនបារម្ភជុញស្ទះ។ ប្រាក់ចំណូល ពីការកែច្នៃប្រហុក និងត្រីឆ្អើរនេះ មួយរដូវ រយៈពេល ៣ ខែ ប្រមូលផលម្តង ទទួលបានប្រាក់ចំណូល ចាប់ពី ៣ លានរៀល ឬច្រើនជាងនេះ វាជារបររួមផ្សំមួយ បានស្ទួយជីវភាពក្នុងគ្រួសារអ្នកស្រី បានសមរម្យ ផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូន ចៅ បានយ៉ាងប្រសើរ។
ចំណែកប្រជានេសាទ លោកស្រី តុន គឹមហោ បានប្រាប់ឲ្យដឹងដែរថាៈ ប្រហុកត្រីកំភ្លាញ បច្ចុប្បន្ន លក់បាន ក្នុងមួយគីឡូក្រាម ចំនួន ពី ៦.០០០-៧.០០០ រៀល។ សម្រាប់គ្រួសារ លោកស្រី ប្រាក់ចំណូលប្រចាំថ្ងៃ ពឹងផ្អែកទាំងស្រុង តែទៅលើមុខរបរធ្វើប្រហុក ត្រីងៀត ត្រីឆ្អើ និងផ្អក តែប៉ុណ្ណោះ ក្នុងការដោះស្រាយជីវភាព ប្រចាំថ្ងៃ របរខាងលើ ទោះជាមានការនឿយហត់បន្តិចមែន តែវាបានជួយលើកកម្ពស់គ្រួសារ បានមួយកម្រិត ពីមួយរដូវ ទៅមួយរដូវ។
រីឯលោក ពុំ ចិន មេឃុំកោះជីវាំង បានឲ្យដឹងដែរថាៈ លោកសប្បាយចិត្ត ពេលដែលបាន ឃើញបងប្អូនប្រជានេសាទ ជាកូនចៅ ឧស្សាហ៍ព្យាយាម នាំគ្នាប្រកបរបរធ្វើប្រហុក ត្រីកំភ្លាញ ដែលជាប្រភេទត្រីតូចៗ មិនបំពានបំរាមផ្លូវច្បាប់ ម្យ៉ាងទៀត បានលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ បានល្អប្រសើរ មិនប្រឈមនឹងការខ្វះខាត៕/V