ដោយៈ គង់ហេង/ កំពង់ចាមៈ សិស្សនុសិស្ស ជាបេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស «A»(អេ) ប្រមាណ ១.៧៥៣ នាក់ នៃបេក្ខជនជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៧២.០១៦ នាក់ទូទាំងប្រទេស ប្រឡងនាចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នឹងមាន សំណាងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពេលឆាប់ៗ ខាងមុខនេះ។
នេះបើតាមការប្រកាសឱ្យដឹង ជាសាធារណៈ នៅក្នុងសាលាខេត្ត នាថ្ងៃទី ២៥ មករា របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងពិធីសំណេះសំណាល និងឧបត្ថម្ភ សម្ភារ ថវិកា ដល់សិស្សានុសិស្ស ចំនួន ៣២ នាក់ និងអាណាព្យាបាល នៅក្រុងកំពង់ចាម ដែលទទួលបាននិទ្ទេស A ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ កន្លងមកនេះ។
លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាៈ ចាត់ទុកជាប្រវត្តិសាស្ត្រហើយ ដែលសិស្សានុសិស្ស ប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ទទួលបាន និទ្ទេស A នៅទូទាំងខេត្ត រហូតដល់ចំនួន ១១៨ នាក់ ពិសេសនៅក្រុងកំពង់ចាម បានច្រើន ជាងបណ្តាស្រុក គឺបានចំនួន ៣២ នាក់។ ប៉ុន្តែលទ្ធផលទូទាំងប្រទេស ខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ ៥ ខណៈលេខ ១ បានទៅលើរាជធានីភ្នំពេញ។
លោកបានបន្តថាៈ ជាពិសេស ក្មួយៗ ដែលទទួលបាននិទ្ទេស A នៅទូទាំងប្រទេស សរុបចំនួន ១.៧៥៣ នាក់ នឹងមានសំណាង បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេច លោកនឹងដាក់កម្មវិធីជួបសំណេះ សំណាល ជាមួយក្មួយៗ ដែលប្រឡងសញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេស A ទាំងអស់ ដើម្បីលើកទឹកចិត្ត ដែលបានទទួលនូវ ចំណាត់ថ្នាក់ល្អ ជាសិស្សឆ្នើមប្រចាំខេត្ត និងជាសិស្ស ឆ្នើមប្រចាំសាលា។
គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នៅទូទាំងប្រទេស បេក្ខជនដែលប្រឡងជាប់ មានចំនួន ៧២.០១៦ នាក់ ដោយ មានបេក្ខជន ដែលដណ្តើមបាននិទ្ទេស A ចំនួន ១.៧៥៣ នាក់ គឺក្នុងនោះ ខេត្តកំពង់ចាម បេក្ខជនទទួលបាននិទ្ទេស A ចំនួន ១១៨ នាក់ ស្រីចំនួន ៧៥ នាក់ នៃបេក្ខជនដែលជាប់ សរុបចំនួន ៤.៣៣៣ នាក់ ស្រីចំនួន ២.៦១៥ នាក់៕/V