​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ នេះ បានដាក់ បទបញ្ជា​ដល់ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​រាល់​សកម្មភាព រថយន្ត​ទាំង ឡាយ​ណា ដែល​ដឹក​ដី ត្រូវមាន​កិច្ចសន្យា និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ ធ្វើយ៉ាងណា ដឹក​តាម​លក្ខណៈ​បច្ចេកទេស ដោយ​ធានា​នា​ថា មិន​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ និង សុខភាព​របស់​ប្រជាពលរដ្ឋ​។

​លោក​អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ ប្រចាំ​ខែមករា និង​ទិសដៅ​ការងារ​ខែកុម្ភៈ ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្តស្វាយរៀង ។

​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​លោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ នា​រយៈពេល​កន្លងមក បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច របស់ខ្លួន បាន​យ៉ាង​ល្អប្រសើរ ពិសេស​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង​អរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ដល់​រដ្ឋបាលខេត្ត សម្រាប់​ទិញ​ម៉ូតូ ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត ដល់​សិស្សានុសិស្ស ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទាំង ២៦ នាក់ បាន​និទ្ទេស A ។

​លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដូចខាងក្រោមៈ
១. ត្រូវ​បន្ត​យកចិត្តទុកដាក់ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព នៅក្នុង​ខេត្ត ឲ្យ​បានល្អ​ប្រសើរ​។​
២. រដ្ឋបាល​ក្រុង​-​ស្រុក ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា ដែល​កើតមានឡើង នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឲ្យ​អស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ជាពិសេស​ត្រូវ​ពង្រឹង​ការគ្រប់គ្រង ថែរក្សា​ការពារ​ដី​រដ្ឋ ដី​ចំណី​បឹង ទន្លេ ព្រែក ឱ្យបាន​ល្អ សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។​
៣. អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​មន្ត្រីរាជការ​ជួរមុខ ទៅ​ទទួល​ការចាក់ វ៉ាក់សាំង ដូ​ស​ទី​៤ ដែល​ដូ​ស​ជំរុញ ឱ្យបាន​គ្រប់ៗ​គ្នា នូវ​ទីតាំង​នានា ដែល​រដ្ឋបាលខេត្ត បានកំណត់​។​
៥. អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​ពង្រឹង​បញ្ហា​ភូមិ ឃុំ មាន​សុវត្ថិភាព ជាពិសេស​ការទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​
៦. អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ចូលរួម​ផ្សព្វផ្សាយ ទៅដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន អំពី​បញ្ហា​គ្រោះ​អគ្គិភ័យ ដែល​បង្ករ​ឡើង​ដោយ ភ្លើងអគ្គិសនី ភ្លើងទៀន ធូប ជាដើម ជាពិសេស​ក្នុង​រដូវប្រាំង ខាងមុខនេះ​៕/V