ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារទី២៥មករាថា មនុស្សយ៉ាងហោចណាស់ ១៨នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការប៉ះទង្គិចគ្នារវាងមនុស្សពីរក្រុមនៅក្លិបរាត្រីមួយនៅទីក្រុងសូរ៉ុង (Sorong)ក្នុងខេត្តប៉ាពួខាងលិច ប្រទេសឥណ្ឌូនេស៊ី ដោយភាគច្រើនបានស្លាប់បន្ទាប់ពីក្លិបនោះបានឆេះ។
មេប៉ូលិសក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីយប់មិញថ្ងៃចន្ទទី២៤មករានៅម៉ោង ១១ យប់។វាគឺជាជម្លោះដែលបានអូសបន្លាយពីការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍”។
ក្រុមមន្ត្រីបាននិយាយថា ជនរងគ្រោះម្នាក់ត្រូវបានចាក់ស្លាប់ និង ១៧ នាក់ទៀតបានស្លាប់ក្នុងអគ្គិភ័យនៅក្លិបរាត្រី Double O។
ប្រធានផ្នែកសុខភាពរបស់ប៉ូលិសក្រុងសូរ៉ុង បាននិយាយថា “យើងបានរកឃើញសាកសពចំនួន ១៧ នាក់នៅក្នុងក្លិប Double O ។ ពួកគេទាំងអស់នោះត្រូវបានរកឃើញនៅជាន់ទីពីរ។ យើងបានជម្លៀសសាកសពទៅកាន់មន្ទីរពេទ្យ Selebe Solu”។
ប៉ូលិសបាននិយាយថា ការប៉ះទង្គិចគ្នានេះមិនពាក់ព័ន្ធនឹងអ្នកស្រុកនៅតំបន់ដាច់ស្រយាលនៃខេត្តប៉ាពួខាងលិច ជាទីដែលមានការបះបោររយៈពេលវែងនិងកម្រិតទាបនោះទេ។
ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គីភ័យដែលឆាបឆេះអគារដ៏ធំពណ៌ក្រហមនិងសនេះ៕
សាកសពភាគច្រើនត្រូវបានរកឃើញនៅជាន់ទី២នៃក្លិប Double O