​ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ចិន – វៀតណាម នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃទី ៣១ ខែមករា  ដល់​ថ្ងៃទី ៣ ខែកុម្ភៈ  ខាងមុខ​។ បុណ្យចូលឆ្នាំ​ចិន – វៀតណាម នេះ មិនមែនជា​បុណ្យជាតិ ដែល​កត់ត្រា ក្នុង​ប្រតិទិន​ឈប់ សម្រាក ប្រចាំឆ្នាំ​នោះទេ​។ ប៉ុន្តែ ជា​រៀងរាល់ឆ្នាំ មិន​ថា សាលារៀន ស្ថាប័នឯកជន ឬ​ស្ថាប័នរដ្ឋមួយចំនួនបានឈប់សម្រាកទោះជា​មិនមែន ប្រកាស​ផ្លូវការក៏ដោយ​។​ ឬបើធ្វើការវិញក៏មិនពេញលេញដែរ។

​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន – វៀតណាម គឺ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ រដ្ឋបាល រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការរៀបចំ​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ចិន និង​វៀតណាម​។ នោះ​គឺ​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន ក្នុង​រាជធានី​ភ្នំពេញ បានចេញ​បម្រាម ហាម​ដាច់ខាត មិនឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ គ្រប់​ប្រភេទ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​នេះ មិនឱ្យ​មានការ​លេងល្បែង​ស៊ីសង គ្រប់​ប្រភេទ ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការអនុញ្ញាត​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​កំណត់ថា នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា ត្រូវអនុវត្ត នូវ​វិធានការ​សុខាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» និង​ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង​ការអុជ​ទៀន ធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ កើតឡើង​ជាយថាហេតុ​។ ដោយឡែក ការដុត​ក្រដាសសែន ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត ហាម​ដាច់ខាត មិនឱ្យ​ដុត​លើ ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ​ឡើយ​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​កំណត់ថា ចាប់ពីពេលនេះ​តទៅ អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធានការ ឱ្យបាន​ម៉ឺងម៉ាត់​បំផុត កុំឱ្យ​មានការ​នាំចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ច្រកចូល រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ ដកហូត​វត្ថុ ទាំងនេះ ដែលមាន​តាំង​លក់ នៅ​គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ ដល់​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ ខាងលើ ឱ្យបាន​ទូលំទូលាយ​។ ចំណែក​រដ្ឋបាល​ខណ្ឌ ទាំង ១៤ មន្ទីរ និង​អង្គភាព​ជុំវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ ដល់​មន្ត្រីរាជការ កងកម្លាំង ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ឱ្យ​អនុវត្តតាម​ការណែនាំ​នេះ ឱ្យមាន​ប្រសិទ្ធភាព​។ ក្នុងនោះ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន យោធភូមិភាគ​ពិសេស ត្រូវ​ចេញ​បទបញ្ជា​ឱ្យ​ម៉ឺងម៉ាត់ ដល់​កម្លាំង​របស់ខ្លួន ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ព្រមាន​ថា ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ ឬ​ប្រព្រឹត្តល្មើស បង្កឱ្យមាន​ចលាចល ក្នុងសង្គម បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលទោស តាមច្បាប់​ជា​ធរមាន​។​

​យ៉ាងណាក៏ដោយ រៀងរាល់ឆ្នាំ នៅពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម គឺ​តែងតែមាន ការជួបជុំ​ផឹកស៊ី ដែល​ចាស់ៗ តែងតែ​និយាយថា «​ចូលឆ្នាំ​ចិន ស្រវឹង​ខ្មែរ​»​។ ការផឹកស៊ី ទឹកស្រវឹង​នោះ ក៏​តែងតែ​បង្កបញ្ហា​ជាច្រើន ក្នុងនោះ មាន​ទាំង​ជម្លោះ និង​គ្រោះថ្នាក់ ចរាចរណ៍ ជាដើម​។ ក្រៅពី​ឈប់សម្រាក អំឡុងពេល​ចូលឆ្នាំ​ចិន ក៏មាន​អ្នកធ្វើដំណើរ ច្រើន តាមផ្លូវ ដោយ​ទៅ​ស្រុកកំណើត ឬក៏​ដើរលេង តាម​រមណីយដ្ឋាន​នានា ហើយ​កំណើន នៃ​អ្នកធ្វើដំណើរ​នេះហើយ ក៏​តែងតែ​បង្ក​ជា គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​ការបើកបរ ខ្វះ​ការប្រុងប្រយ័ត្ន​។​

​ដូច្នេះ​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ចិន និង​វៀតណាម នៅ​ថ្ងៃទី​៣១ មករា ចំ​ថ្ងៃ​ចន្ទ ដល់​ថ្ងៃទី​៣ កុម្ភៈ ចំ​ថ្ងៃ​ព្រហស្បតិ៍ ដែលជា​ថ្ងៃ​ធ្វើការ​ធម្មតា​នោះ គេ​សង្ឃឹមថា តាម​សាលារៀន តាម​ស្ថាប័នរដ្ឋ ​នានា នឹងមាន​វិធានការទប់ស្កាត់ការឈប់​សម្រាក​ក្រៅផ្លូវការ ។

​ក្រៅពីនោះ អាជ្ញាធរ​សមត្ថកិច្ច និង​ស្ថាប័ន​ជំនាញ​យើង ក៏​គួរតែ​ទប់ស្កាត់ ការផឹកស៊ី​ទឹក ស្រវឹង ដែល​ស្ទើរតែ​កើតឡើង គ្រប់​ទីកន្លែង​ទៅហើយ ក្នុងសង្គម​យើង​។ តែ​សំខាន់បំផុត បុគ្គល​ម្នាក់ៗ ត្រូវតែ​ភ្ញាក់រលឹក​ខ្លួនឯង ទាំង​ការប្រុងប្រយ័ត្ន ការពារ​ខ្លួន​ពី​កូ​វីដ ទាំង​ការធ្វើ ដំណើរ កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ទាំង​ការជួបជុំ​ផឹកស៊ី​ទឹកស្រវឹង និង​ទាំង​ការឈប់ សម្រាក នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​។

​ពិតមែនតែ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដែលមាន​ពិធី​សែន និង​ការឈប់​សម្រាក​ដើរលេង អាចបង្កើត​ចរន្ត​សេដ្ឋកិច្ច មួយកម្រិត តែ​ក៏​ត្រូវតែ​ប្រៀបធៀប​នឹង​ការខាតបង់ដោយសារតែទម្លាប់ដែល​មិនមែនជា​ប្រពៃណីជាតិ​ខ្មែរ​នេះ ដោយសារតែ​ការឈប់​សម្រាក​ក្រៅផ្លូវការ ​៕/V​