ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ពីរដងនៅមួយសប្តាហ៍មកនេះ ពួកឧទ្ទាមយេម៉ែនបានវាយប្រហារដោយកាំជ្រួចនិងដ្រូនលើអារ៉ាប់រួមអេមីរ៉េត ។វាបង្ហាញថាតើសង្គ្រាមដែលចាប់កំណើរកាលពី៧ឆ្នាំមុននៅកន្លៀតមួយនៃឧបទ្វីបអារ៉ាប់អាចរីករាលទៅជាគ្រោះថ្នាក់របស់តំបន់មួយបានដូចម្តេច។ការវាយប្រហារនៅសប្តាហ៍នេះមួយបានផ្តោតលើមូលដ្ឋានយោធាអារ៉ាប់រួមអេមីរ៉េតដែលដាក់កងកម្លាំងអាម៉េរិកនិងអង់គ្លេស។
តាមពិតជម្លោះនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់ រួមទាំងជនស៊ីវិលនិងយុទ្ធជននៅក្នុងប្រទេសយេម៉ែននិងបង្កបង្កើតជាគ្រោះមហន្តរាយមនុស្សធម៌អូសបន្លាយពេលរាប់ឆ្នាំមួយនៅក្នុងប្រទេសក្រីក្របំផុតនៅពិភពអារ៉ាប់។
សង្គ្រាមនេះដាក់ រដ្ឋាភិបាលដែលអន្តរជាតិទទួលស្គាល់មួយនិងគាំទ្រដោយអារ៉ាប់រួមអេមីរ៉េតនិងអារ៉ាប៊ីសាអូឌីតទល់នឹងពួកឧទ្ទាមហូធី(Houthis)ដែលគាំទ្រដោយអ៊ីរ៉ង់។វាបានចាប់ផ្តើមនៅខែកញ្ញាឆ្នាំ២០១៤ នៅពេលពួកហូធីដណ្តើមកាន់កាប់រដ្ឋធានីសាអាណា របស់យេម៉ែន និងប៉ែកខាងជើងប្រទេសយេម៉ែនភាគច្រើន។
នៅពេលមានការគាំទ្រពីអាម៉េរិក ក្រុមចំរុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតមួយបានហក់ចូលធ្វើសង្គ្រាមទល់នឹងក្រុមឧទ្ទាមនេះនៅខែមីនាឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតី អាបេត រ៉ាប់បូ មែនសួរ ហាឌី( Abed Rabbo Mansour Hadi)ពេលដែលកងកម្លាំងរបស់លោករួមជាមួយសម្ពន្ធមិត្តតូចៗដទៃទៀតកាន់កាប់ភាគខាងត្បូងប្រទេស។
-ហេតុអ្វីបានជាសង្គ្រាមនេះកាន់តែរាលដាល់?
ពួកហូធីបន្ទោសអារ៉ាបរួមអេមីរ៉េតចំពោះការបាត់បង់ដ៏ធំក្នុងសមរភូមិនៅក្នុងប្រទេសយេម៉ែនកាលពីពេលថ្មីៗដែលនាំដល់ការបញ្ចប់កិច្ចខិតខំរបស់ខ្លួនដើម្បីគ្រប់ភាគខាងជើងប្រទេសទាំងស្រុង។សំខាន់ពួកនេះចង់សងសឹកបន្ទាប់ពីការវាយប្រហារដើម្បីដណ្តើមកាន់កាប់ខេត្តនិងទីក្រុងម៉ារីប(Marib)នៅភាគកណ្តាលយេម៉ែនជួបការលំបាក។
ពួកហូធីបានចាប់ផ្តើមការវាយប្រហារកាលពីឆ្នាំមុននិងពេលខ្លះវាហាក់ដូចជាបានជោគជ័យក្នុងការដណ្តើមកាន់កាប់ទីក្រុងម៉ារីបពីរដ្ឋាភិបាល។ការកាន់កាប់ទីក្រុងម៉ារីបនឹងជួយអោយក្រុមនេះអាចគ្រប់គ្រងភាគខាងជើងទាំងមូលដោយនាំទ្រព្យធនប្រទេសទៅក្នុងដៃពួកគេនិងជាកម្លាំងតថ្លៃមួយនៅក្នុងការចរចាសន្តិភាពនាពេលអនាគត។
ទោះជារងការខូចខាតនិងបាត់បង់ច្រើនពីការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះ ក៏ពួកហូធីបានទៅដល់ក្រៅក្រុងខណៈក្រុមចំរុះបង្កើនការគាំទ្រជើងគោកដល់អ្នកការពារទីក្រុង។តែជំនោរកើតមាននៅពេលកងកម្លាំងគាំទ្រដោយអារ៉ាប់រួមអេមីរ៉ាតហៅថា ចាយអ៊ឹន ប្រ៊ីហ្កេត(Giants Brigade)បើកការវាយប្រហាររុញច្រាននៅក្នុងខេត្តសាបវ៉ា(Shabwa)នៅខែនេះ ។ពួកគេវាយរុញច្រានពួកហូធីនិងចាប់យកសាបវ៉ា មុនកាត់ផ្តាច់ខ្សែផ្គត់ផ្គង់របស់ក្រុមឧទ្ទាមនេះនៅក្នុងខេត្តម៉ារីប និងឥឡូវធ្វើដំណើរទៅឆ្ពោះកាន់ខេត្តនេះ។
-ប្រតិកម្មរបស់ហូធី
ការឆ្លើយតបរបស់ហូធីគឺបាញ់កាំជ្រួចផ្លោងនិងបង្ហោះដ្រូនផ្ទុកគ្រាប់បែក ដោយដំបូងលើអារ៉ាប៊ីសាអូឌីត និងឥឡូវលើអារ៉ាប់រួម។
កាលពីថ្ងៃចន្ទ យោធាអារ៉ាប់រួមអេមីរ៉េតនិងអាម៉េរិកបាននិយាយថា ពួកខ្លួនបានស្ទាក់កំទេចកាំជ្រួចផ្លោង២គ្រាប់នៅលើទីក្រុងអាប៊ូឌាប៊ី។ពួកឧទ្ទាមបាននិយាយថា ខ្លួនបានបាញ់កាំជ្រួចសំដៅមូលដ្ឋានទ័ពអាកាសអាល់-ដាហ្វ្រា (Al-Dhafra)ដែលដាក់កងកម្លាំងអាម៉េរិកនិងអង់គ្លេស។
កាលពីសប្តាហ៍មុន ពួកឧទ្ទាមបានអះអាងអំពីការវាយប្រហារមួយទៀតលើទីក្រុងអាប៊ូឌាប៊ី ដោយសំដៅទៅរកអាកាសយានដ្ឋាននិងកំពង់ផែប្រេងមួយ។ការវាយប្រហារនោះបានសម្លាប់មនុស្ស៣នាក់និងរបួស៦នាក់។
ការវាយប្រហារគំរាមកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះជាមណ្ឌលទេសចរណ៍និងធុរកិច្ចរបស់អារ៉ាប់រួមអេមីរ៉េត។
មុននេះក្នុងខែមករា ពួកហូធីក៏បានចាប់នាវាអេមីរ៉េតមួយនៅសមុទ្រក្រហម ដោយអះអាងថានាវានេះដឹកសព្វាវុធ តែខាងក្រុមចំរុះនិយាយថាវាដឹកគ្រឿងបរិក្ខាពេទ្យពីមន្ទីរពេទ្យមួយនៅអារ៉ាប៊ីសាអូឌីត ទៅកាន់កោះសូកូត្រានៅយេម៉ែន។ក្រុមចំរុះគំរាមវាយប្រហារកំពង់ផែកាន់កាប់ដោយពួកឧទ្ទាមបើសិនជាមិនដោះលែងនាវានេះទេ។
ក្រុមឧទ្ទាមនេះក៏បានបាញ់កាំជ្រួចនិងវាយប្រហារដោយដ្រូនលើតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលយេម៉ែន តែច្រើនតែធ្លាក់ចំទីតាំងស៊ីវិល។
ដោយទំនងជាការសងសឹក ក្រុមចំរុះបានវាយប្រហារតាមអាកាសជាខ្លាំងលើទីក្រុងសាណាអានិងតំបន់គ្រប់គ្រងដោយពួកឧទ្ទាមដទៃទៀត។ការវាយប្រហារនេះបានស្លាប់ជនស៊ីវិលរាប់សិបនាក់រួមមានមនុស្សជាង៨០នាក់នៅក្នុងជំរំឃុំឃាំងមួយក្នុងខេត្តសាអាដា។
ការវាយប្រហារដោយក្រុមចំរុះមួយទៀតលើអាគារទូរគមនាគមន៍បានផ្តាច់សេវាអ៊ិនធឺណិតអស់រាប់ថ្ងៃមុនត្រូវបានស្តារឡើងវិញកាលពីថ្ងៃអង្គារ។
រ៉ាយម៉ាន អាល់-ហាំដានី(Raiman al-Hamdani)ធ្វើការនៅក្រុមប្រឹក្សាអឺរ៉ុបខាងទំនាក់ទំនងបរទេស បាននិយាយថាហូធីកំពុងព្យាយាមទាក់ទាញអារ៉ាប់រួមអោយក្នុងជម្លោះមួយដែលខ្លួនបាននិងកំពុងព្យាយាមដកខ្លួន។ការបាញ់នេះជាឧទាហរណ៍មួយនៃការខ្វះចេតនាស្វែងរកការមូលមតិគ្នានៃភាគីទាំងអស់។
-កិច្ចខិតខំរកសន្តិភាពជាប់គាំង
ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនាំអោយមានការថ្កោលទោសពីមហាអំណាចលោកខាងលិច ដែលធុញទ្រាន់នឹងដឹកនាំសម្រុះសម្រួលរកសន្តិភាពមួយនៅយេម៉ែន។ការធុញទ្រាន់ទាំងនេះភាគច្រើឥឡូវធ្លាក់លើពួកឧទ្ទាម។
រដ្ឋាភិបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កំពុងពិចារណាលុបចោលការសំរេចចិត្តមួយកាលពីឆ្នាំមុន ដែលដកក្រុមហូធីចេញពីបញ្ជីភេរវកម្ម។ការដកចេញពីបញ្ជីនិងការបញ្ចប់ការគាំទ្រក្រុមចំរុះជាផ្លូវការ មានបំណងអោយភាពតានតឹងចុះថយនិងបង្កើនកិច្ចខិតខំរកសន្តិភាព ព្រមទាំងដោះស្រាយតំរូវការមនុស្សធម៌។ទោះជាយ៉ាងណា មន្ត្រីយេម៉ែននិងអារ៉ាប៊ីសាអូឌីត នៅតែគិតថាចំណាត់ការរបស់អាម៉េរិកនាំអោយពួកហូធីកាន់តែក្លាហាន។
វិធានការរបស់អាម៉េរិកនិងកិច្ចការទូតមិនបាននាំភាគីក្នុងជម្លោះទាំងពីរមកកាន់តុចរចាទេ នៅពេលពួកហូធីគិតតែវាយដណ្តើមកាន់កាប់ខេត្តម៉ារីប។នៅខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបាននិយាយថា រដ្ឋាភិបាលរបស់លោកបៃដិន«ឆ្អែតចិត្ត»នឹងពួកហូធី។
ក្រុមហូធីក៏ប្រកាន់គោលជំហរតឹងត្អឹងនៅរណសិរ្សដទៃទៀត។ពួកគេមិនអនុញ្ញាអោយតំណាងពិសេសរបស់អង្គការសហប្រជាជាតិសំរាប់យេម៉ែន លោកហាន់ស៍ ហ្គ្រូនប៊ឺក(Hans Grundberg)ចូលយេម៉ែនចាប់តាំងពីលោកត្រូវបានតែងតាំងកាលពីខែសីហា។ពួកឧទ្ទាមឥឡូវចាប់យកស្ថានទូតអាម៉េរិកនៅក្រុងសាណាអានិងចាប់ខ្លួនបុគ្គលិកក្នុងស្រុកជាច្រើននាក់។ពួកគេក៏ចាប់ខ្លួនបុគ្គលិក២នាក់ធ្វើការអោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងអង្គការUNESCO។
អ៊ីរ៉ង់អាចដើរតួនាទីសំខាន់មួយនៅក្នុងការវាយប្រហារកាន់តែខ្លាំងឡើងរបស់ហូធីតែអ្នកខ្លះស្ទាក់ស្ទើរក្នុងការអះអាងដូច្នេះ។
អាល់-ហាមដានី(Al-Hamdani)អ្នកវិភាគម្នាក់មិនហានអះអាងថា អ៊ីរ៉ង់ជាអ្នកទាញខ្សែពីក្រោយទេ។លោកថា ពួកហូធីអាចជំពាក់ការគាំទ្ររបស់អ៊ីរ៉ង់ តែអ៊ីរ៉ង់មិនអាចបញ្ជាពួកគេអោយធ្វើអ្វីមួយទេ៕
យុទ្ធជនយេម៉ែន គាំទ្រដោយក្រុមចំរុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាញ់កាំភ្លើងលើពួកហូធី ក្នុងសមរភូមិ ក្បែរក្រុងម៉ារីប កាលពីឆ្នាំ២០២០