​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីប្រកាស ជូន​ព័ត៌មាន មួយ ស្ដីពី​ការហាមឃាត់ ការចែក​ចាយ ឬ​លក់​ប្រេង​រឹត​បំបាត់​ឈឺ​ចុកចាប់ Racool និង​ស្ព្រៃ បាញ់​ច្រមុះ Nazal គ្មាន​លេខ​បញ្ជិកា ពី​ក្រសួងសុខាភិបាល ។

​សេចក្ដី​ប្រកាសជូន​ព័ត៌មាន ដែល​ចុះ​ថ្ងៃទី​២១ មករា កន្លងទៅ ក៏ប៉ុន្តែ​បាន​ផ្សព្វផ្សាយ តាម​គណនី បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃទី​២៥ ខែមករា នេះ សូម​ជម្រាបជូន​ដល់ សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា យោងតាម​ការ​ពិនិត្យឃើញ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facobook មាន​គណនី​ឈ្មោះ Kabuto d រក្សា​សុខភាព កំពុង​ផ្សព្វផ្សាយ លក់​ប្រេង​រឹត​បំបាត់​ឈឺ​ចុកចាប់ Racool និង​ស្ព្រៃ​បាញ់ ច្រមុះ Nazal គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត ឲ្យ​ផ្សព្វផ្សាយ​ពី ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ ។​

​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការ គ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ឱសថ ឬ​ផលិតផល ដែលមាន​គុណភាព​ក្នុងការ​បង្ការ ឬ ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ ត្រូវមាន​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល​។​

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់ ការប្រើប្រាស់ ផលិតផល​ឱសថ គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ពី​ក្រសួងសុខាភិបាល ខាងលើ ជា​បន្តទៀត ព្រោះ ផលិតផល​ទាំងនេះ គ្មាន​ប្រភព​ច្បាស់លាស់ ដែល​មិនអាច ធានាបាន នូវ​គុណភាព និង​សុវត្ថិភាព បានឡើយ​។​

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ខាងលើ និង​ជន​ពាក់ព័ន្ធ​ដទៃទៀត ដែល​បាន​នឹង​កំពុង​ផ្សព្វផ្សាយ លក់​ផលិតផល ទាំងនេះ​ទៅ តាមច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​
​ក្នុងករណី​បងប្អូន ត្រូវការ​ព័ត៌មាន​បន្ថែម ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង នៃ​ក្រសួងសុខាភិបាល សូម​ទំនាក់ទំនង តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៩៦៦ ៤៤៦៕/V​