​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ ឯកឧត្តម ដា​តុ ស្រ៊ី អ៊ី​ស្មា​អែល សា​ប្រ៊ី ប៊ី​ន យ៉ា​កុប (Dato’ Sri Ismail Sabri bin Yaakob) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ។ នៅក្នុង​កិច្ចសន្ទនា នាយករដ្ឋមន្ត្រី ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ គា្ន​លើ​ទំនាក់ទំនង​ទ្វេភាគី និង​លើ​កិច្ចខិតខំ ប្រឹងប្រែង​របស់​កម្ពុជា ជា​ប្រធាន​អាស៊ាន នាពេល​បច្ចុប្បន្ន ដើម្បី​គាំទ្រ​ឱ្យមាន ដំណោះស្រាយ ប្រកបដោយ​សន្តិវិធី ចំពោះ​វិបត្តិ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ឯកឧត្តម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​អបអរសាទរ ចំពោះ​ការចាប់ផ្តើម​តួនាទី ជា​ប្រធាន អាស៊ាន​របស់​កម្ពុជា ក្រោម​មូលបទ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង អស់​គ្នា​» និង​បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់​លើ និង​ការគាំទ្រ​ឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន បាន​ប្រកបដោយ​ជោគជ័យ​។
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ អំពី​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​បាន​រៀបចំឡើង នាពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ព្រះសីហនុ និង​បាន​សម្តែង​នូវ អំណរគុណ ចំពោះ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​បញ្ជូន​គណៈប្រតិភូ មក​ចូលរួម​ព្រឹត្តិការណ៍ នេះ ដែល​ព្រឹត្តិការណ៍​នេះ មាន​គោលបំណង ដំណើរការ​ជាថ្មី នូវ​វិស័យ​ទេសចរណ៍​អាស៊ាន ក្រោយ​ផលប៉ះពាល់ នៃ​វិបត្តិ​ជំងឺ កូ​វីដ​-១៩​។

​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​វឌ្ឍនភាព នៃ​ទំនាក់ទំនង កម្ពុជា​-​ម៉ាឡេស៊ី ស្របពេល​ប្រទេស​ទាំងពីរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៥ នៅក្នុង​ឆ្នាំនេះ​។ នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​ពង្រីក និង​ជំរុញ បន្ថែមទៀត នូវ​ទំនាក់ទំនង​ស្និទ្ធស្នាល រវាង​ប្រជាជាតិ​ទាំងពីរ​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សាទរ​ចំពោះ​ស្ថិរភាព នៃ​កំណើន​ប្រកបដោយ​ចីរភាព នៃ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ម៉ាឡេស៊ី ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង ចំពោះ​សម​ភាគី​ម៉ាឡេស៊ី​ថាៈ កម្ពុជា នឹង​បន្ត​ផ្តល់​ការថែទាំ រួមទាំង​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ពលរដ្ឋ​ម៉ាឡេស៊ី ដែល​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ ម៉ាឡេស៊ី ដែល​បានផ្តល់ ការគាំទ្រ​ដូចគ្នា ដល់​ពលករ​កម្ពុជា នៅ​ម៉ាឡេស៊ី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន ឯកឧត្ដម ដា​តុ ស្រ៊ី អ៊ី​ស្មា​អែល សា​ប្រ៊ី ប៊ី​ន យ៉ា​កុប អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច របស់​សម្ដេច នៅ​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី ៧-៨ ខែមករា ឆ្នាំ​២០២២ ក្នុង​គោលបំណង​បើកផ្លូវ ឆ្ពោះទៅរក​វឌ្ឍនភាព​បន្ថែមទៀត ក្នុងការ​អនុវត្ត ការព្រមព្រៀង ជា​ឯកច្ឆ័ន្ទ ប្រាំ​ចំណុច របស់​អាស៊ាន ដោយ​ផ្អែកលើ​ធម្មនុញ្ញ​អាស៊ាន​។

​សម្ដេច​តេ​ជោ បាន​សង្កត់ធ្ងន់ អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស ជា​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​សម្រេចបាន នូវ​ការបញ្ចប់​អំពើហិង្សា ធានាថា ការផ្តល់​ជំនួយ​មនុស្ស​ធម៌ ទៅដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​បំផុត ដោយ​គ្មាន​ការរើសអើង តាមរយៈ​វិធីសាស្ត្រ​មួយ​ជំហាន​ម្តងៗ ហើយ​បង្កើតឱ្យមាន​ដំណើរការ នៃ​កិច្ចសន្ទនា​មួយ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ ប្រកបដោយ​សន្តិវិធី ចំពោះ​វិបត្តិ​ដ៏​ស្មុគស្មាញ នៅ​មី​យ៉ាន់​ម៉ា​។​

​សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ម៉ាឡេស៊ី ដែល​បាន​គាំទ្រ ការតែងតាំង​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា​។​

​ក្នុងការ​សម្តែង​នូវ​អំណរគុណ សម្រាប់​ការ​ជម្រាបជូន អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ឯកឧត្តម ដា​តុ ស្រ៊ី អ៊ី​ស្មា​អែល សា​ប្រ៊ី ប៊ី​ន យ៉ា​កុប បានបញ្ជាក់ អំពី​ការយល់​ច្បាស់​របស់ ម៉ាឡេស៊ី ចំពោះ​សារសំខាន់ នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ​។​

​ឯកឧត្តម បាន​គូសបញ្ជាក់ នូវ​ជំហរ​ស្រដៀង​គ្នា​ថា បញ្ហា​មី​យ៉ាន់​ម៉ា គួរ​ត្រូវ​ដោះស្រាយ ដោយ​ផ្អែកលើ​ធម្មនុញ្ញ​អាស៊ាន និង​ការអនុវត្ត ឱ្យបាន​ពេញលេញ នូវ​ការព្រមព្រៀង​ជា ឯកច្ឆ័ន្ទ ៥ ចំណុច ដែល​ត្រូវបាន​ព្រមព្រៀង ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន​។​

​ឯកឧត្តម បាន​រំលេច អំពី​អាទិភាព​នៃ​ការបញ្ចប់​អំពើហិង្សា និង​ការ​កៀរគរ​កិច្ចខិតខំ​ប្រឹងប្រែង ផ្តល់ជំនួយ​មនុស្សធម៌ តាមរយៈ​មជ្ឈមណ្ឌល​ស​ម្រ​ប​សម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre)​។​

​ឯកឧត្តម ក៏បាន​សង្កត់ធ្ងន់​ផងដែរ អំពី​សារសំខាន់ នៃ​ទំនាក់ទំនង​របស់​ប្រ​សិត​ពិសេស របស់​ប្រធាន​អាស៊ាន ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យមាន​កិច្ចសន្ទនា​មួយ ប្រកបដោយ សន្តិវិធី ដើម្បី​ផលប្រយោជន៍ របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​ក្នុង​ការបន្ត​តាមដាន​ការងារ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ លើ​ជំហាន​បន្ទាប់​ចំនួន​ពីរ ដែលជា​សំណើ​របស់ កម្ពុជា រួមមាន ការបង្កើត​យន្តការ​អា​ស៊ាន ត្រូ​យ​កា (Troika) ដែលមាន​សមាសភាព មកពី​អតីត​ប្រធាន​អាស៊ាន ប្រធាន​អាស៊ាន នាបច្ចុប្បន្ន និង​ប្រធាន​អាស៊ាន នាពេល​បន្ទាប់ ដើម្បី​សម្របសម្រួល និង​ត្រួតពិនិត្យ​ការអនុវត្ត ការព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ ប្រាំ​ចំណុច​របស់ អាស៊ាន និង​ការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ដើម្បី​កំណត់​ពី​មធ្យោបាយ ប្រកបដោយ ប្រសិទ្ធភាព ក្នុងការ​ផ្ដល់ជំនួយ​ម​នុស្ស​ធម៌ ឱ្យបាន​ទាន់ពេលវេលា ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​ជំនួយ ជាបន្ទាន់ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ឯកឧត្តម ដា​តុ ស្រ៊ី អ៊ី​ស្មា​អែល សា​ប្រ៊ី ប៊ី​ន យ៉ា​កុប បាន​យល់ស្រប​ជាគោលការណ៍ ចំពោះ​សំណើ​របស់​កម្ពុជា និង​បាន​ឯកភាព​ថា រដ្ឋមន្ត្រីការបរទេស និង​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន គួរ​ចាត់​ឱ្យទទួល​ភារកិច្ច ធ្វើការ​ពិភាក្សា​បន្ថែមទៀត លើ​ជំហាន​ទាំងនេះ​។
​ឯកឧត្តម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​គូសបញ្ជាក់ ពី​ការត្រៀមខ្លួន​របស់​ម៉ាឡេស៊ី ក្នុងការ​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា ដើម្បី​សម្រេចបាន​នូវ វឌ្ឍនភាព​សំខាន់ៗ លើ​ការ​ការព្រមព្រៀង ជា​ឯកច្ឆ័ន្ទ ប្រាំ​ចំណុច ដើម្បី​អនុញ្ញាត​ឱ្យមាន​ការចូល​រួម ដោយ​ពេញលេញ របស់​ប្រទេស​មី​យ៉ាន់​ម៉ា នៅក្នុង​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​។​

​ជាទី​បញ្ចប់​នៃ​កិច្ចសន្ទនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ ឯកឧត្តម ដា​តុ ស្រ៊ី អ៊ី​ស្មា​អែល សា​ប្រ៊ី ប៊ី​ន យ៉ា​កុប មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា តាម​ពេលវេលា សមស្រប ដោយ​ពុំ​ចាំបាច់​រង់ចាំ រហូតដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ នោះទេ​។ ឯកឧត្តម ដា​តុ ស្រ៊ី អ៊ី​ស្មា​អែល សា​ប្រ៊ី ប៊ី​ន យ៉ា​កុប បានទទួល យក​ការអញ្ជើញ​នេះ ដោយ​ក្តី​រីករាយ​៕/V​