​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី កាលពី​ថ្ងៃ​អង្គារ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​និង​ការទូត​ដ៏​សំខាន់​ដែល​វា​ទំនង​ជា​កត់សំគាល់​​ចំណុចរ​បត់​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ក្បែរ​ខាង​គ្នា​នេះ​។​

​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហការ​យោធា ជាមួយ​នឹង​កិច្ចព្រមព្រៀង​ដាច់​ដោយឡែក​ស្តីពី​បត្យាប័ន​និង​សិទ្ធិ​ដែនអាកាស ត្រូវបាន​ចុះហត្ថលេខា​នៅ​ចំពោះមុខ​ប្រធានា​​ធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វី​ដូ​ដូ និង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង​។​

​លោក​លី​បាន​និយាយ​នៅក្នុង​សន្នីសីទកាសែ​តរួមគ្នា​ជាមួយ​លោកវីដូ​ដូ ថា «​ពួក​វា​ជា​របៀបវារៈ​ទ្វេភាគី​របស់​យើង​អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ ។​យើង​បាន​ធ្វើការ​រួមគ្នា​​និង​បាន​ពិភាក្សា​វា​ជាច្រើនលើក​កាលពីមុន​»​។​

​ពិធី​ចុះហត្ថលេខា​នៅលើ​កោះ​កម្សាន្ត ប៊ីន​តាន់ របស់​ឥណ្ឌូនេស៊ី ជាប់​នឹង​សិង្ហ​បុរី ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ការចរចា​លំបាក​អស់​ពេល​ដ៏​យូរ​។​

​កិច្ចព្រមព្រៀង​យោធា​ស្រដៀង​គ្នា​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដំបូង​ដោយ​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​២០០៧ មិន​ត្រូវបាន​អនុវត្ត​ទេ​បន្ទាប់​ពី​មាន​ការប្រឆាំង​ជំទាស់​នៅ​​ក្នុង​សភា​ឥណ្ឌូនេស៊ី​។​

​តែ​ក្រោយ​ពី​កិច្ចព្រមព្រៀង​ដែនអាកាស​និង​បត្យាប័ន​ថ្មី​បំពេញ​តាម​ការទាមទារ​ជាច្រើន​របស់​រដ្ឋាភិបាល​ក្រុង​ហ្សា​ការតា គេ​រំពឹងថា​វា​នឹង​ឆ្លងកាត់​ការអនុម័ត​ពី​សភា​ឥណ្ឌូ​​នេ​ស៊ី ដោយសារ​សមាជិក​សភា​ព​ភាគច្រើន​នៅ​ខាង​ក្រុម​រដ្ឋាភិបាល​។​

​សន្ធិសញ្ញា​បត្យាប័ន​នេះ​នឹង​អនុញ្ញាត​អោយ​រដ្ឋាភិបាល​ក្រុង​ហ្សា​ការតា នូវ​លទ្ធភាព​តាម​ចាប់​ធុរជន​ល្បីៗ​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​កឹប​កេងលួចបន្លំ​ប្រាក់​រាប់ពាន់​​លាន​ដុល្លារ បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​១៩៩៧-១៩៩៨ និង​បាន​ភៀសខ្លួន​ទៅកាន់​បុរី​រដ្ឋ​ក្បែរ​ខាង​ខ្លួន បើសិនជា​សន្ធិសញ្ញា​នេះ​នឹង​ត្រូវ​សភា​នៃ​ប្រទេស​ទាំង​ពីរ​អនុម័ត​។​

​លោក​វី​ដូ​ដូ បាន​និយាយថា «​នៅពេល​អនាគត រំពឹង​ថា​កិច្ចសហការ​ក្នុង​ការអនុវត្ត​ច្បាប់ សុវត្ថិភាព​អាកាសចរណ៍​និង​ការពារ​ជាតិ​ព្រមទាំង​សន្តិសុខ​នៃ​ប្រទេស​ទាំង​ពីរ​អាច​​បន្ត​ពង្រឹង​ផ្អែក​ល​ផលប្រយោជន៍​ទៅវិញទៅមក​»​។​

​កិច្ចព្រមព្រៀង​ការពារ​ជាតិ​នឹង​ជំរុញ​លទ្ធភាព​របស់​សិង្ហបុរី​ជាខ្លាំង​ក្នុងការ​ធ្វើ​សមយុទ្ធ​ទ័ព​ជើង​ទឹក​និង​លំ​ហាត់​យោធា​ចំពេល​មាន​ភាព​តានតឹង​នៅក្នុង​តំបន់​ដោយសារ​​កំណើន​ឥទ្ធិពល​របស់​ចិន​។​រដ្ឋ​ដែន​កោះ​នេះ​ខ្វះ​ដែនអាកាស ដីគោក​និង​ទឹក​ដើម្បី​ហ្វឹកហាត់​យោធា​របស់​ខ្លួន​អោយមាន​ប្រសិទ្ធភាព​។​ឥណ្ឌូនេស៊ី ដែល​មាន​ដី​និង​តំបន់​ទឹក​ធំ​​បាន​យល់ព្រម​អោយ​សិង្ហ​បុរី​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់​ប្រា​វ៉ូ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ចំនួន​៤​លើក​ក្នុង​មួយឆ្នាំ​។​

​ជា​ថ្នូរ​មក​វិញ សិង្ហ​បុរី​បាន​យល់ព្រម​កំហិត​សិទ្ធិ​ដែនអាកាស​របស់​ខ្លួន​និង​ប្រគល់​ការគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​នៅ​តំបន់​រី​អាវ​(Riau)​និង​ផ្នែក​ខ្លះ​នៃ​កោះ​ប័រនេ​អូ​(Borneo)​របស់​ឥណ្ឌូនេស៊ី​៕

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វី​ដូ​ដូ និង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង​មាន​វត្តមាន​នៅលើ​កោះ​កម្សាន្ត ប៊ីន​តាន់ របស់​ឥណ្ឌូនេស៊ី ដើម្បី​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​សំខាន់​ពីរ​កាលពី​ថ្ងៃ​អង្គារ​