​ដោយៈ​ស​រិ​ទ្ធ​-​ចាន់តូ​/​ភ្នំពេញ​: ផ្ទះ​ស្តុក​កំណាត់​បោះ​ដុំ​មួយ​ល្វែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ ហើយ​ម្ចាស់ផ្ទះ​ស្រីៗ​ចំនួន​៣​នាក់​បាន​ជាប់​នៅ​ខាងក្នុង ឈ្លក់ផ្សែង​ភ្លើង និង រលាកភ្លើង បណ្តាល​ឲ្យ កូនស្រី​ម្ចាស់ផ្ទះ​ម្នាក់​ស្លាប់បាត់​បង់ជីវិត ។ ចំណែក​ម្តាយ​និង​ស្ត្រី​ម្នាក់ទៀត របួសស្រាល ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នៅផ្ទះ​លេខ​១C ផ្លូវ​បេតុង ភូមិ​បឹង​សាឡាង ក្រុម​១ នៅជាប់​បុរី​សម្បត្តិ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ម្ចាស់ផ្ទះ​កើតហេតុ និង​អ្នកស្នាក់នៅ​ក្នុងផ្ទះ គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា​ជា​អាជីវ​ករលក់​កំណាត់​បោះ​ដុំ​នៅ​ផ្សារ​អូឡាំពិក បច្ចុប្បន្នកំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ផ្ទះកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា ផ្ទះ​ដែល​ឆេះ​គឺមាន​ស្តុក​កំណាត់​ពេញ​ទុក​សម្រាប់​លក់​បោះ​ដុំ​នៅ​ផ្សារ​អូឡាំពិក​។ មុន​កើតហេតុ ពេល​ល្ងាច ម្ចាស់ផ្ទះ​បាន​ដុត​កម្ទេច​កំណាត់​នៅមុខ​ផ្ទះ​របស់គាត់ តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ហាមឃាត់​ម្ចាស់ផ្ទះ​ក៏​ពន្លត់ភ្លើង​វិញ ។ លុះដល់​ម៉ោង​កើតហេតុ ស្រាប់​តែមាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​នៅ​ខាងក្នុង​ផ្ទះកើតហេតុ និង​ខាងមុខផ្ទះ​ឆេះ​រាលដាល​ដល់​រថយន្ត​តូយ៉ូតា​ព្រូស​មួយគ្រឿង​បណ្តាលឱ្យ​ខូចខាត​ទាំងស្រុង ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​នាំគ្នា​គោះទ្វារ និង​ស្រែកហៅ​ម្ចាស់ផ្ទះ តែដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង​ទៅហើយ​ទើប​អ្នក​នៅ​ខាងក្នុង​មិនអាច​ចេញមកក្រៅ​បាន គឺ​បាន​ត្រឹម​នាំគ្នារ​ត់ទៅ​ជាន់​លើដំបូល​ដើម្បី​គេច​ចេញពី​អណ្ដាតភ្លើង​។​
​ប្រភពពី​ប្រជាពលរដ្ឋ​ដដែល​បាន​បន្តទៀតថា ភ្លាមៗ​នោះ​គាត់​ក៏​រាយការណ៍ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញមក​ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ ។​
​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​និង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ដែល​ជាប់​នៅ​ខាងក្នុង​បាន​ដោយ​សុវត្ថិភាព​ចំនួន​០២​នាក់ គឺ​ម្តាយ​និង​អ្នកស្នាក់នៅ​ជាមួយគ្នា ចំណែក​កូនស្រី​ម្ចាស់ ផ្ទះ​បាន​ឈ្លក់ផ្សែង និង​រលាក​ខ្លួនប្រាណ​ស​ន្ល​ប់​ស្ដូកស្ដឹង​នៅក្នុង​ផ្ទះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចូលទៅ​ជួយសង្គ្រោះ និង​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ តែ​ជា​អកុសល​ដោយសារតែ​ជនរងគ្រោះ​នៅក្នុង​ផ្សែង​យូរពេក​ក៏បាន​ដាច់ខ្យល់​ស្លាប់ទៅ​។​

​ចំពោះ​មូល​ហេតុដែល​បង្កឱ្យមាន​អណ្ដាតភ្លើង​ឆាបឆេះ​នេះ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​បានទេ ព្រោះ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ។ ក្នុង​ប្រតិបត្តិការ​ការ​នេះ​ផងដែរ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជាច្រើន​រថយន្ត​ទើប​បាញ់​ទឹក​ពន្លត់​រលត់​ជា​ស្ថាពរ​៕