​ដោយ​: ចាន់តូ-សរិទ្ធ​/​ភ្នំពេញ​: និស្សិត​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​មិន​ស្គាល​ម៉ាក បើក​បុក ចំ​ពីមុខ​ពេញទំហឹង រួច​បើក​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា ម៉ោងជាង​មួយ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី​២៦ ខែមករា ឆ្នាំ​២០២២​នៅតាម​បណ្ដោយ​ផ្លូវ​៣១៧ កែង​៥៩៦​ខាងក្រោយ​ខារ៉ាអូខេ​បេ​ស្តារ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។​

​សព​ជនរងគ្រោះ​មានឈ្មោះ ឡា​ត់ វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី​២ អាសយដ្ឋាន​ស្នាក់នៅ​ផ្លូវ​បេតុង​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ មាន​ស្រុកកំណើត​នៅ​ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ ដោយ​ជិះ​ម៉ូតូ​ម៉ាក​
Zoomer x ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ ១DF ៤៧៣៣ ជិះ​តែម្នាក់ឯង​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវ​៣១៧ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣១៧ បញ្ច្រាស់ទិស​គ្នា​ពី​លិចទៅ​កើត​បុក​ចំ​ពីមុខ ពេញទំហឹង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ខ្ទាត​ធ្លាក់ ចេញ​ពីលើ​ម៉ូតូ​បោក​ផ្ទប់​ទៅនឹង​ថ្នល់​បែកក្បាល​និង​បាក់ក​ស្លាប់​ភ្លាមៗ​។ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន បាត់ស្រមោល​បន្សល់ទុក​បំណែក​រថយន្ត​ខ្លះៗ នៅនឹងកន្លែង​កើតហេតុ​។
​យោងតាម​សម្ដី​មិត្ត​ភ​ក្កិ​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ទើប​ចេញពី​កម្មវិធី​ខួបកំណើត​មិត្ត​ភ​ក្កិ​ក្នុង​គោលបំណង​ជិះ​ទៅផ្ទះ​វិញ​នៅ​ខណ្ឌ​សែន​សុខ​ស្រាប់តែ​មកជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​ស្លាប់បាត់​បង់ជីវិត​បែបនេះ ទៅវិញ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ពិនិត្យ​នៅនឹងកន្លែង​កើតហេតុ​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​ម៉ូតូ​និង​សព​ជនរងគ្រោះ​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​