ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កំពូលតារាចម្រៀងប៉ុបដ៏ល្បីលោក អែលតុន ចន (Elton John)កាលពីថ្ងៃអង្គារទី២៥មករាបានពន្យារពេលការប្រគុំតន្ត្រីចំនួនពីរនៅទីក្រុងដាល់ឡាស (Dallas) បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។
តន្ត្រីករជនជាតិអង់គ្លេសអាយុ ៧៤ ឆ្នាំរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមថា “វាតែងតែជាការខកចិត្តដ៏ធំក្នុងការលើកពេលកម្មវិធីហើយខ្ញុំពិតជាសោកស្តាយចំពោះអ្នកដែលអាក់អន់ចិត្តក្នុងរឿងនេះ ប៉ុន្តែខ្ញុំចង់រក្សាខ្លួនខ្ញុំ និងក្រុមការងាររបស់ខ្ញុំឱ្យមានសុវត្ថិភាព។ សំណាងល្អ ខ្ញុំបានចាក់ថ្នាំបង្ការពេញលេញនិងបានចាក់ដូសជំរុញ ហើយរោគសញ្ញារបស់ខ្ញុំគឺស្រាលទេ”។
ការប្រគុំតន្ត្រីដែលជាផ្នែកមួយនៃដំណើរទេសចរណ៍ឈ្មោះថា Farewell Yellow Brick Road របស់លោកចនគ្រោងធ្វើឡើងនៅថ្ងៃទី ២៥ ខែមករា និងថ្ងៃទី ២៦ ខែមករា។ ទាំងចននិងមជ្ឈមណ្ឌលអាកាសចរណ៍អាម៉េរិក (American Airlines Center)ជាកន្លែងដែលកម្មវិធីនឹងប្រព្រឹត្តទៅ បាននិយាយថា ការសម្តែងនឹងត្រូវកំណត់ពេលឡើងវិញហើយអ្នកគាំទ្រគួរតែរក្សាទុកសំបុត្ររបស់ពួកគេ។
លោកចនបាននិយាយថាគាត់រំពឹងមានសុខភាពល្អគ្រប់គ្រាន់ដើម្បីសម្តែងក្នុងកម្មវិធីរបស់គាត់នៅថ្ងៃទី ២៩ ខែមករានៅទីក្រុងលីតថលរ៉ុក (Little Rock) រដ្ឋអាកាន់សាស។
ដំណើរប្រគុំតន្ត្រី ដែលគេរំពឹងថាជាការសម្តែងចុងក្រោយរបស់លោកអែលតុន ចន បានឈានចូលដល់ដំណាក់កាលលុបចោលនិងពន្យារពេលក្នុងសម័យជំងឺរាតត្បាតដូចព្រឹត្តិការណ៍សិល្បៈសម្តែងជាច្រើនទៀតផងដែរ។
ថ្មីៗនេះ តារាចម្រៀងប៉ុបរូបនេះក៏បានវះកាត់ត្រគាកផងដែរ ដែលបង្ខំឱ្យគាត់លើកកាលបរិច្ឆេទសម្តែងជាច្រើន។
កាលពីឆ្នាំមុន លោកចនបានចេញអាល់ប៊ុមមួយដែលមានចំណងជើងថា The Lockdown Sessionsដែលថតទាំងស្រុងនៅក្រោមការរឹតបន្តឹងទប់ស្កាត់កូវីដ១៩៕
លោកអែលតុន ចន ពន្យារពេលការសម្តែងតន្ត្រីចំនួន២ដោយសារឆ្លងកូវីដ១៩