ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារជិះម៉ូតូបុកជាមួយរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦។ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងត្រង់ចំណុចភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦:៤០ល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១T-៦៣៥៨។ បើកបរដោយឈ្មោះ ឈឿន ឈីម ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួចបើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុករថយន្ដ មួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម ២A-២៥០៤ ដែលក្រោយអ្នកបើកបរបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ចំណែកអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។
ក្រោយកើតហេតុមន្ត្រីជំនាញបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯវត្ថុតាងរថយន្ត និងម៉ូតូ រក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកាហែង រងចាំដោះស្រាយនៅពេលក្រោយ៕