ដោយ: សរិទ្ធ/ប៉ៃលិន: ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានទាក់ទងផ្ញើប្រអប់មួយតាមរយៈក្រុមហ៊ុន J&T ។ ដោយមានការសង្ស័យ ខាងក្រុមហ៊ុន ក៏បើកមើល ស្រាប់តែប្រទះឃើញគ្រាប់បែកកែច្នៃ នៅខាងក្នុង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ ម្សិលមិញនេះ នៅចំណុចទីតាំងក្រុមហ៊ុន J&T ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមបុគ្គលិកក្រុមហ៊ុន J&T បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ៦:២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណ បានទូរស័ព្ទមកក្រុមហ៊ុន J&T តាមរយៈទូរស័ព្ទលេខ ០១១ ២១៧ ០៤៤ ហើយប្រាប់ថា ឱ្យទៅយកឥវ៉ាន់ នៅចំណុចតារាងបាល់ ខាងកើតរូបសំណាកលោកយាយយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លុះដល់ម៉ោង ៦:៥៤នាទីយប់ បុគ្គលិកក្រុមហ៊ុនបានទៅយកអីវ៉ាន់ពីជនមិនស្គាល់អត្តសញ្ញាណ នៅចំណុចខាងលើ ជននោះបានប្រាប់ទៅខាងក្រុមហ៊ុនមិនឱ្យបើកមើលឥវ៉ាន់នោះទេ ក្រោយពេលយកមកដល់ក្រុមហ៊ុន ខាងក្រុមហ៊ុនសង្ស័យ ដោយមានការវិចខ្ចប់មិនត្រឹមត្រូវ ក៏បានបើកមើល ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ប៉ុន្តែត្រូវបានបុគ្គលិកយកទឹកចាក់ពន្លត់ទាន់ ។
ប្រភពដដែលបានបញ្ជាក់ថា ឥវ៉ាន់នេះ គឺមានគោលដៅផ្ញើទៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អ្នកទទួលមានលេខទូរសព្ទ ០៨៦ ២២៤ ៤៤០/ ០១២ ៤០៥ ៧១៦ ។ក្រោយកើតហេតុមន្ត្រីជំនាញ CMAC បានចុះទៅធ្វើការត្រួតពិនិត្យ និងបានបញ្ជាក់ថា ឥវ៉ាន់នេះ ជាប្រភេទគ្រាប់បែកកែច្នៃ ដែលមានកម្លាំងផ្ទុះ ស្មើនឹងកម្លាំងផ្ទុះរបស់មីនតោនចំនួនមួយគ្រាប់ ។
បច្ចុប្បន្ន កម្លាំងផែនការងារសន្តិសុខ កំពុងធ្វើការស៊ើបអង្កេតបន្តលើករណីនេះ៕