ដោយៈប.ខុន/ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំឱ្យមានការ ជួបគ្នារវាងអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ាម៉ុង ឬទ្ធី ដើម្បីពិភាក្សាលើគម្រោងធ្វើផ្លូវថ្មីមួយខ្សែប្រវែង២៧គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
គម្រោងសាងសង់ផ្លូវថ្មីនេះត្រូវឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប។ អ្នកឧកញ៉ា សុខ គង់ជាអ្នកទទួលរ៉ាប់រងការចំណាយការស្ថាបនាផ្លូវ ចាក់ក្រាល កៅស៊ូអាសេ ( AC) ឯអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកជួយឈូសឆាយដើមដូងប្រេងដើម្បីបើកផ្លូវ។
អ្នកឩកញ៉ាម៉ុង ឬទ្ធី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកក្រោយពីជំនួបខាងលើថា «ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាការថ្ពក់ដៃគ្នា នេះ អាចនឹងកើតចេញ ជារូបរាងនូវផ្លូវចាក់ក្រាលកៅស៊ូ AC មួយខ្សែប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ ពីផ្លូវជាតិលេខ៤ ម្តុំចំណុចប៉េកា១៥៨ និង២០០ (PK158+200) ឆ្លងកាត់ តាម ចម្ការដូងប្រេង ឆ្ពោះទៅកាន់ ភ្នំបូកគោ ក្នុង ពេល ឆាប់ៗ ដ៏ខ្លី ខាងមុខនេះ ជាក់ជាមិនខានឡើយ»។
កម្មវិធីក្រោម អធិបតីភាព របស់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដោយមានការ អញ្ជើញ ចូលរួម ពីលោក គួច ចំរើន អភិបាល ខេត្ត ព្រះសីហនុនេះកើតមានឡើង តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕