ដោយៈ​សុផល​/​ភ្នំពេញ​៖​គ្រឹះស្ថាន​អប់រំ និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​ភាគច្រើន​បានចាប់ផ្តើម​បើកទ្វារ​ទទួល​សិស្ស និ​សិ​ត្ស​ចូលក្នុង​ថ្នាក់រៀន​ផ្ទាល់​ជាធម្មតា និង​តាម​ប្រព័ន្ធ​អន​ឡាញ​។ ប៉ុន្តែ​ការ​មក​សិក្សា​នៅ​ថ្នាក់រៀន​ផ្ទាល់​របស់​កុមារ​តូច​នៅមាន​ចំនួន​តិច​តូច​នៅឡើយ ដែល​អ្នកជំនាញ​ខាង​វិស័យ​អប់រំ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ដល់​ការអភិវឌ្ឍ​ជំនាញ​មូលដ្ឋាន​ទាំង​៥ របស់​កុមារ​តូច ខណៈ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ពង្រឹង​វិធានការ​សុវត្ថិភាព​សុខភាព​សម្រាប់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​។​

​លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិ​ប​តិ្ត​ការ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បានឱ្យដឹងថា កុមារ​មួយចំនួន​មិនបាន​វិល​មក​សិក្សា​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់​ទេ និង​ខ្លះទៀត​ហួស​អាយុ​ចូល​សិក្សា ដោយសារ​អ្នកអាណាព្យាបាល​ខ្លះ​មិនទាន់មាន​ទំនុកចិត្ត​និង​មិនមាន​អារម្មណ៍​សុវត្ថិភាព​លើ​វិធានការ​ការពារ​របស់​សាលារៀន និង​ទុក​កុមារ​នៅផ្ទះ​បន្តទៀត ដែល​អាចធ្វើឱ្យ​កុមារ​តូច​ងាយ​ជួប​បញ្ហា​ប្រឈម​នានា និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ផ្នែក​ទាំង​៥ ដែលជា​ជំនាញ​មូលដ្ឋានគ្រឹះ​យ៉ាងសំខាន់​ក្នុង​ជីវិត​រស់នៅ​។

​លោក​ក៏​ស្នើ​ដល់​អ្នកអាណាព្យាបាល​ជឿជាក់​លើ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ របស់​សាលារៀន ក្នុង​បំណង​បញ្ជូន​កុមារ​តូច​មក​សិក្សា​នៅ​ថ្នាក់រៀន​ផ្ទាល់ ដើម្បី​ជួយ​ជំរុញការអភិវឌ្ឍ​ផ្នែក​ទាំង​៥​របស់​កុមារ​ប្រកបដោយ​ភាព​វិជ្ជមាន​។

​សូមជម្រាបថា​កុមារ​មាន​ជំនាញ​ចំនួន ៥ ដែល​ត្រូវ​អភិវឌ្ឍ​ដែលមាន​ដូចជា​៖
​ទី​១ -​ការអភិវឌ្ឍ​ចលនា​សាច់ដុំ​ធំ ៖ គឺជា​ការពង្រឹង​ចលនា​របស់​សាច់ដុំ​តាមរយៈ​ការ​លោត​ចុះឡើង លូន​ក្រាប រត់​លេង តោង​ជាដើម​។​

​ទី​២- ការអភិវឌ្ឍ​ចលនា​សាច់ដុំ​តូច ៖ គឺជា​ការធ្វើ​ចលនា​របស់​សាច់ដុំ​តាមរយៈ​ការ​កាន់​ខ្មៅ​ដៃ​សរសេរ គូស​គំនូ ផាត់​ពណ៌ កាត់​ក្រដាស់ បើក​ទំព័រ​សៀវភៅ​។​

​ទី​៣- ការអភិវឌ្ឍ​ការនិយាយ និង​ភាសា ៖ សំដៅលើ​សមត្ថភាព​ប្រើប្រាស់​ភាសា​និយាយ​ប្រា​ស័​យ​ទាក់ទង​ជាមួយ​មិត្ត​រួម​ថ្នាក់ រួមជាមួយ​នឹង​ការបង្រៀន​របស់​គ្រូ​ក្នុងការ​ប្រើប្រាស់​ពាក្យ​ពេ​ច​ផ្សេងៗ​។​

​ទី​៤- ការអភិវឌ្ឍ​បញ្ញា និង​ស្មារតី ៖ កុមារ​មាន​សមត្ថភាព​ការអាន​អក្សរ រាប់​លេខ និង​កំណត់​រូបរាង​ទ្រង់ទ្រាយ​វត្ថុ​ផ្សេងៗ​។​

​ទី​៥-​ការអភិវឌ្ឍ​ផ្នែក​សង្គម និង​អារម្មណ៍ ៖ គឺ​សំដៅលើ​ការ​រាបអាន សហការ និង​ទំនាក់ទំនង​ជាមួយ​កុមារ​ដទៃទៀត ការសម្តែង​អារម្មណ៍​សប្បាយរីករាយ និង​មិន​ពេញចិត្ត​ជាដើម​។​

​អ្នកជំនាញ​ផ្នែក​អប់រំ​ខាងលើ​បាន​បន្តទៀតថា ដោយមាន​ការអនុញាតិ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​ណ​ត្ស​ឡា​ញន៍​បាន​បើក​ឱ្យ​សិស្ស​មក​សិក្សា​នៅ​ថ្នាក់រៀន​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ​តាម​កម្រិត និង​ដំណាក់កាល​នីមួយៗ ហើយ​សម្រាប់​វគ្គ​សិក្សា​ថ្មី​ដែល​ចូលរៀន​ថ្ងៃទី​១ ខែកុម្ភៈ​ខាងមុខនេះ សាលារៀន​នឹង​ទទួល​តុ​មារ​តូច​ចាប់ពី​អាយុ​៣​ឡើង​ផងដែរ​។​លោក​ក៏បាន​បញ្ចាក់​ផងដែរ​ថា ចាប់តាំងពី​ការបើក​ដំណើរការ​សាលារៀន​ទាំង​១១​សាខា​ឡើងវិញ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២១​មកនេះ សាលារៀន​មិនមាន​ករណី​អ្នក​ឆ្លង​កូ​វីដ​នោះទេ​។​

​ទន្ទឹមនឹងនេះ លោក​បាន​ស្នើសុំ​ការសហការ​ពី​អ្នកអាណាព្យាបាល​ជួយ​រៀបចំ​ម៉ាស់ ទឹក​អាលកុល រៀបចំ​ម្ហូបអាហារ និង​នំចំណី​អាហារ​សម្រាប់​កូនៗ និង​ផ្តល់ព័ត៌មាន​ផ្សេងៗ​ពី​សុខភាព​របស់​កុមារ ឬ​ការពាក់ព័ន្ធ​ជាមួយ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដល់​សាលារៀន ដើម្បី​ការចាត់វិធានការ​ឳ្យ​ទាន់ពេលវេលា​ក្នុង​ធានា​សុវត្ថិភាព​របស់​កូនៗ​លោក អ្នក និង​សិស្ស​ដទៃទៀត​។​លើសពីនេះ លោក​ក៏​សំណូមពរ​ដល់​អ្នកអាណាព្យាបាល​នាំ​កូនៗ​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែលជា​អំណោយ​របស់​រដ្ឋាភិបាល ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដ៏​ដូចជា​ផ្តល់​ឪ​កាស​ឳ្យ​កូនៗ​បានមក​សិក្សា​នៅ​ថ្នាក់រៀន​ផ្ទាល់​ឡើងវិញ​។

​គួរ​បញ្ជាក់ថា កំឡុងពេល​នៃ​ចាត់វិធានការ​ទប់​ស្តា​ត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន​ទូទាំងប្រទេស បាន​ផ្អាក​ដំណើរ​មួយរយៈ​។ បន្ទាប់ពី​ចាត់វិធានការ​ចាក់​ស្រោច​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល បានធ្វើ​ឳ្យ​ចំនួន​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩ មានការ​ថមថយ ដែលនាំឱ្យ​រដ្ឋាភិបាល ​សម្រេចចិត្ត​ចាប់ផ្តើម​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ជាធម្មតា​៕Ph