​ដោយៈ ប​.​ខុន / ភ្នំពេញៈ មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមជាមួយ អភិបាលខេត្ត​កំពង់ស្ពឺ និង​អ្នកពាក់ព័ន្ធ មួយចំនួនទៀត ចុះ​ពិនិត្យ​ទីតាំង ដ៏​មាន​សក្តានុពល មួយកន្លែង លើ​ដង ស្ទឹង​ឃ្លាច ក្នុងភូមិ​សាស្ត្រ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ សម្រាប់​សាងសង់ អាងទឹក​ថ្មី​មួយទៀត ដើម្បី​កាត់បន្ថយ​ទឹកជំនន់ នៅក្នុង​រដូវវស្សា មកលើ​ខេត្តកំពង់ស្ពឺ និង​រក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់ លើ​ច្រើន​វិស័យ នៅក្នុង​រដូវប្រាំង​រប​ស់​ខេត្ត ដែលមាន​រោងចក្រ ដល់​ចំនួន​ជាង ៣០០ កំពុង​ប្រើប្រាស់​ទឹក​ក្រោម​ដី​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​ថាៈ ក្រុមការងារ ដែល រួមមាន​ទាំង​លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ចូលរួម ទៅពិនិត្យ​ទីតាំង គម្រោង​សាងសង់ អាងទឹក​មួយកន្លែង លើ​ដងស្ទឹង​ឃ្លាច ក្នុងភូមិ​សាស្ត្រ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ កាលពី​ថ្ងៃទី​២៥ ខែមករា គឺជា​ទីតាំង​មួយ មាន​សក្តានុពល​ល្អ​ណាស់ បើ​ប្រៀបធៀប ទៅនឹង​អាងទឹក​តា​សាល ដែល​តម្កល់​ទឹក​ទុក​ប្រើប្រាស់ នៅ​រដូវប្រាំង បាន​ប្រមាណ​ជា ១៣០ លាន​ម៉ែត្រគូប និង​ជួយ​កាត់បន្ថយ​ទឹកជំនន់ បាន​មួយផ្នែកធំ នៅក្នុង​រដូវវស្សា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ទីតាំង​ដែល​លោក បាន​ចុះ​ពិនិត្យ ជាមួយនឹង​លោក​អភិបាល ខេត្តកំពង់ស្ពឺ​នេះ ជា​តំបន់ភ្នំ​មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​ប្រភព​ទឹកធំ អាច​សាងសង់​ទំនប់​កាត់​ស្ទឹង​ឃ្លាច ដោយ​ភ្ជាប់​ពី​កូនភ្នំ​មួយ ទៅ​កូនភ្នំ​មួយ ដែលមាន​ចម្ងាយ​ពីគ្នា ប្រមាណ​ជា ៥០០ ម៉ែត្រ​។ ទីតាំង​នេះ បើ​ធៀប​ទៅនឹង​អាងទឹក តា​សាល ដែល​បាន​សាងសង់​រួច រក្សា​ទឹក​ទុក​បាន​ប្រមាណ​ជា ១៣០ លាន​ម៉ែត្រគូប បាន​លិច​ផ្ទៃដី ដល់​ទៅ​ប្រមាណ​ជា ២៥ គីឡូម៉ែត្រ​ក្រឡា តែ​សម្រាប់​ទីតាំង ដែល​បាន​ចុះ​ពិនិត្យ បើ​រក្សា​ទឹក​ទុក​ត្រឹម ១១០ លាន​ម៉ែត្រគូប លិច​ផ្ទៃដី​តែ​ជាង ៥ គីឡូម៉ែត្រ​ក្រឡា បើ​លើក​ទំនប់ ឱ្យ​ខ្ពស់​រក្សា​ទឹក ទុក​បាន​ដល់​ប្រមាណ​ជា ២០០ លាន​ម៉ែត្រគូប លិច​ផ្ទៃដី​ប្រមាណ​ជា ១៣ គីឡូម៉ែត្រ​ក្រឡា ជា​តំបន់​គ្មាន​ផលប៉ះពាល់​អ្វី​ទាំងអស់​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថាៈ នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​គម្រោង សាងសង់ អាងទឹក​នេះ លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​សំណូមពរ យ៉ាង​ទ​ទួ​ច សុំឱ្យ​ក្រសួង ជួយ​ធ្វើយ៉ាងណា ឱ្យ​គម្រោង​នេះ ឆាប់​បាន​ដំណើរការ ដើម្បី​កាត់បន្ថយ​ទឹក ជំនន់ នៅក្នុង​រដូវវស្សា មកលើ​ស្ទឹង​ព្រែក​ត្នោត និង​បាន​ទឹក សម្រាប់​ប្រើប្រាស់ ទាំង​សម្រាប់ ការដាំដុះ​ជាពិសេស ទឹក​ប្រើប្រាស់ នៅតាម​តំបន់​រោងចក្រ ដែលមាន​ចំនួន រហូតដល់​ជាង ៣០០ ដែល​សព្វថ្ងៃ កំពុង​ប្រើប្រាស់​ទឹក​ក្រោម​ដី​។​

​បន្ទាប់ពី​ត្រឡប់​មកពី​ធ្វើការ​សិក្សា ទីតាំង​ជាក់ស្តែង​ហើយ​លោក ចាន់ យុ​ត្ថា បានបញ្ជាក់ ថាៈ ក្រុមការងារ បានចាប់ផ្តើម​ធ្វើការ​ពិភាក្សា​គ្នា អំពី​គម្រោង​នេះ ដើម្បី​ឈានទៅ​ស្វែងរក ដៃគូ មក​ធ្វើការ​អភិវឌ្ឍ ឱ្យបាន​ឆាប់​បំផុត​៕/V​