ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អាជ្ញាធរដឹកជញ្ជូនរបស់ស្លូវ៉ាគីកាលពីថ្ងៃអង្គារទី២៥ មករាបាននិយាយថា ខ្លួនបានចេញវិញ្ញាបនបត្រនៃភាពស័ក្តិសមសម្រាប់ការហោះហើរដល់ឡានហោះម៉ាក AirCar ដែលជាជំហានដំបូងឆ្ពោះទៅរកការផលិតឡានហោះនេះសម្រាប់លក់លើទីផ្សារ។
លោក ស្តេហ្វាន ក្លេន (Stefan Klein)ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន KleinVision ដែលជាក្រុមហ៊ុនរចនានិងផលិតគំរូនៃរថយន្តប្រើយន្តហោះម៉ាស៊ីនភ្លោះ បាននិយាយថា “ការចេញវិញ្ញាបនប័ត្រដល់ឡានហោះ AirCar បានបើកទ្វារសម្រាប់ការផលិតទ្រង់ទ្រាយធំនូវឡានហោះដែលមានប្រសិទ្ធភាពខ្លាំងមួយនេះ”។
លោកក្លេនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “វាគឺជាការបញ្ជាក់ជាផ្លូវការ និងចុងក្រោយនៃសមត្ថភាពរបស់យើងក្នុងការផ្លាស់ប្តូរការធ្វើដំណើរចម្ងាយមធ្យមជារៀងរហូត”។
ឡានហោះ AirCar បានបញ្ចប់ការហោះហើរឆ្លងទីក្រុងលើកដំបូងរបស់ខ្លួននៅខែមិថុនា ឆ្នាំ ២០២១។
រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន BMW ចំណុះ ១,៦ លីត្រ ហើយត្រូវការផ្លូវរត់ត្រឹមតែ ៣០០ ម៉ែត្រប៉ុណ្ណោះដើម្បីហោះឡើង។
វាមានល្បឿនហោះហើររហូតដល់ ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោងនិងអាចហោះបានចម្ងាយ ១.០០០ គីឡូម៉ែត្រ។
ដំណើរការប្រែកាយពីឡានទៅជាយន្តហោះគឺប្រើពេលមិនដល់៣នាទីនោះឡើយ។ អ្វីៗគឺស្វ័យប្រវត្តិទាំងអស់ ដូច្នេះគ្រាន់តែចុចប៊ូតុងតែមួយវានឹងធ្វើអ្វីៗដោយខ្លួនឯង៕
ឡានហោះ AirCar បានបញ្ចប់ការហោះហើរឆ្លងទីក្រុងលើកដំបូងរបស់ខ្លួននៅខែមិថុនា ឆ្នាំ ២០២១