ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ជនសង្ស័យ​ម្នាក់ ជា​ប្អូនថ្លៃ ត្រូវបាន​នគរបាល ស្រុក​កៀនស្វាយ ឃាត់ខ្លួន បន្ទាប់ពី​គំរាម​សម្លាប់​បងថ្លៃ និង​ដុត​ផ្ទះ ដុត​ឡាន ដោយសារ​ខឹង​បងថ្លៃ ស៊ីលុយ​ដាច់ ២០ ម៉ឺន​រៀល ពី​ថៅកែ​ការដ្ឋាន​ដឹក​ដី​របស់ខ្លួន នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ស្ថិតនៅ​ក្នុងភូមិ ព្រែក​តាន​ប់ ២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ ដាំ ជា ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ មុខរបរ កសិករ ។ ចំណែក ជនសង្ស័យ ឈ្មោះ ឈន ប៊ុន​ណាក់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ បើកឡាន មាន​ទីលំនៅ​ភូមិ​ព្រែក​តាន​ប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​មុន​កើតហេតុ ជនរងគ្រោះ កំពុងតែ​ដេក​នៅក្នុង​បន្ទប់ ផ្ទះ​របស់ខ្លួន ស្រាប់តែ​ជន សង្ស័យ ត្រូវជា​ប្អូនថ្លៃ បានមក​ធាក់​ទ្វារ​បន្ទប់ដេក​របស់​ជ​ន​រងគ្រោះ​ហើយ​ស្រែក ហៅ​អោយចេញ មក​ខាងក្រៅ និង​បាន​គំរាម​គំហែង​ជនរងគ្រោះ​ថា បើ​មិន​ចេញ មក​ក្រៅ​ទេ នឹង​ដុត​ផ្ទះ វ៉ៃ​កំទេច​ឡាន ហើយនឹង​សម្លាប់​ជនរងគ្រោះ​ចោល ។​

​ឮដូច្នេះ ជនរងគ្រោះ ភ័យ ក៏បាន​រត់​ទៅយក​ឡាន បើក​ផ្ញើ​ផ្ទះ​អ្នកភូមិ នៅក្បែរ ហើយ​ទូរស័ព្ទ ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាល​កំពង់ស្វាយ អោយ​ចុះ មក​អប់រំ​ណែនាំ​ជនសង្ស័យ អោយ​ឈប់​រករឿង​ខ្លួន​ទៀត ។​

​លុះដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោ​៨​និង​២០​នាទី​យប់ ជនសង្ស័យ ឈ្មោះ ឈន ប៊ុន​ណាក់ បាន​កាន់​កាំបិតផ្គាក់​ផ្លែ​ដែក ដង​ឫស្សី រករឿង​ជន រងគ្រោះ ដោយបាន​គំរាម កំហែង រក​ដុត​ផ្ទះ វ៉ៃ​កំទេច​ឡាន និង​រក​សំលាប់ ជនរងគ្រោះ​ឈ្មោះ​ដាំ ជា ចោល​ម្ដងទៀត ។ ពេលនោះ​ជនរងគ្រោះ បានមក ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​កំពង់ស្វាយ​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​រួច កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​កំពង់ស្វាយ បាន​ចុះ​ទៅដល់​កន្លែង​ហេតុ រួច​បាន​នាំខ្លួន ជនសង្ស័យ យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល កំពង់ស្វាយ ដើម្បី​ធ្វើការ​សាកសួរ ។​

​នៅ​ចំពោះ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ ខ្លួន​បាន​ទូរស័ព្ទ ទៅ​ឈ្មោះ ទី សេង​ចាំង ភេទ​ប្រុស អាយុ​ប្រហែល ៤៧ ឆ្នាំ មុខរបរ ថៅកែ​ការដ្ឋាន​ដឹក​ដី មាន​ទីលំនៅ ភូមិ​ព្រែក បា​ឡាក់​ឆឹង ឃុំ​ត្រោ​យ​ស្លា ស្រុក​ស្អាង ដើម្បី​សុំចូល​ធ្វើការ​ងារ​វិញ ហើយ​សុំ​ខ្ចី ប្រាក់ ចំនួន ២០០.០០០ រៀល រួច​ថៅកែ​ការដ្ឋាន ដឹក​ដី ប្រាប់ថា ចាំ​ផ្ញើ​តាម​ឈ្មោះ ដាំ ជា ជា​បងថ្លៃ​របស់ខ្លួន ។​

​លុះដល់​ម៉ោង ៩:៣០ នាទី​យប់ ថ្ងៃ ខែ ឆ្នាំ ដដែល ខ្លួន​ស្រវឹងស្រា បាន​ទៅ គោះទ្វារ​ផ្ទះ ជនរងគ្រោះ (​បងថ្លៃ​) ដើម្បី​សួរនាំ​រឿង​លុយ ដែល​ខ្លួន​បាន​ខ្ចី ពី​ថៅកែ​ដឹក​ដី​។ ពេលនោះ ជនរងគ្រោះ (​បងថ្លៃ​) បាន​ហុច​មី​កញ្ចប់ ពណ៌​ខៀវ ចំនួន​ប្រាំ​កញ្ចប់ មកអោយ​។ ភ្លាមនោះ ខ្លួន​បាន​និយាយ​គំរាមកំហែង​ជនរងគ្រោះ ជាច្រើន តែ​ភ្លេច​អស់​មិន​ចាំ​ថា ខ្លួន​បាន​និយាយ ពាក្យសម្ដី​អ្វីខ្លះ ។​

​លុះដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង ៨:២០ នាទី​យប់ ជនសង្ស័យ បាន​ផឹកស្រា​ថ្នាំ ស្រវឹង កាន់​កាំបិតផ្គាក់​ដង​ឫស្សី ផ្លែ​ដែក ស្រែកជេរ​គំរាមកំហែង រក​សំលាប់ និង​រក​ដុត​ផ្ទះ​ជនរងគ្រោះ​ចោល​។​

​ជនសង្ស័យ ឆ្លើយ​សារភាព​ទៀតថាៈ មូលហេតុ​ដែល​ខ្លួន ធ្វើ​សកម្មភាព​បែបនេះ លើ​ជនរងគ្រោះ មកពី​ខ្លួន​ខឹង​ជនរងគ្រោះ មិន​ព្រមអោយ​លុយ ដែល​ខ្លួន​បាន​ខ្ចី ពី​ថៅកែ​ម្ចាស់​ការដ្ឋាន​ដឹក​ដី​របស់ខ្លួន ។​

​សូមជម្រាបថា បច្ចុប្បន្ន ជន​ដ​ង្ស័​យ រួមទាំង​វត្ថុតាង​ត្រូវបាន​ប​ញ្ចូ​ន​មកកាន់ អធិការដ្ឋាន នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕/V-PC