ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ការបញ្ចប់ព្រឹត្តិការណ៍ ការប្រកួតកីឡាវាយកូន បាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ទទួលបានលទ្ធផល លើសពីការរំពឹងទុក របស់ គណៈកម្មការ ហើយការប្រកួត រយៈពេល ៤ថ្ងៃនោះ ក្រុមកីឡាវាយកូនបាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រងតំណែងជើងឯក ខណៈក្រសួងការពារជាតិ ឈរលំដាប់ លេខ២ លើតារាងប្រកួត ប្រចាំឆ្នាំ ២០២១។
ពិធីបិទការប្រកួតជាផ្លូវការ ដោយមានការអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ ស្រី ស៊ុនសុខា អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រួមជាមួយលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។
អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់ លោក ជា ពៅ បានបញ្ជាក់ថាៈ ការប្រកួត ឆ្នាំនេះ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីលានវាយកូនបាល់ CCC ព្រឹត្តិការណ៍នេះ រៀបចំឡើដោយ សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា ក្រោមការ ប្រើប្រាស់ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ដោយមានកីឡាករ-កីឡាការិនី ចំនួន ៥៧ រូបមកពី ៨ អង្គភាពកីឡា រួមមាន ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ខេត្តសៀមរាប ខេត្តព្រះវិហារ ក្លិបអរុណរះ អូឡាំពិក ខេត្តបាត់ដំបង និងខេត្តកែប លើ ៤ វិញ្ញាសា គឺវិញ្ញាសាវាយឯកត្តជន បុរស វិញ្ញាសាវាយ ឯកត្តជននារី វិញ្ញាសាវាយជាក្រុមបុរសនិងវិញ្ញាសាវាយ យុវជនក្រោមអាយុ១៨ឆ្នាំ។
លោកបានបន្តថាៈ ព្រឹត្តិការណ៍កីឡាវាយកូនបាល់ ជើងឯកថ្នាក់ជាតិ ដែលបាន ដំណើរការ អស់រយៈពេល ៤ថ្ងៃនេះ ធ្វើឡើងក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុជននិងកីឡា។ មន្ត្រី និងអនុគណៈកម្មការ គ្រប់ផ្នែកទាំងអស់ បានបំពេញតួនាទី ដោយការទទួលខុសត្រូវខ្ពស់ លើភារកិច្ចរបស់ខ្លួន៕/V-PC