ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ អ្នកស្រី ម៉ម សុ​វណ្ណា​រី ប្រធានការិយាល័យ នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ បានឱ្យដឹងថាៈ ការ​ជុស​ជុល ស្ពាន​ទ័ព ឬ​ស្ពាន​ទិព្វ​នេះ គឺជា​ការ​ជុស​ជុល ស្ថិតនៅក្នុង​គម្រោង លើក​ទី​៧ ចាប់ពី​អំឡុង​ឆ្នាំ​២០១៥ មកដល់​បច្ចុប្បន្ននេះ​។​

​អ្នកស្រី បាន​បន្តថាៈ ស្ពាន​ទ័ព​ឬ​ស្ពាន​ទិព្វ មាន​ទីតាំង​ស្ថិត នៅក្នុង​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ស្ពាន​នេះ ស្ថិតនៅលើ​មហាវិថី​បុរាណ​មួយ ត្រូវបាន​សាងសង់ឡើង នៅ​ចុង ស​.​វ ទី​១២ ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ភ្ជាប់​ទៅកាន់ ទីក្រុង​វិ​ម៉ា​យ​ពូ​រ៉ា (​ភី​ម៉ា​) ស្ថិតក្នុង​ខេត្ត​នគររាជ​សីមា បច្ចុប្បន្ន នៅ​ប្រទេស​ថៃ​។ ស្ពាន​ទ័ព​នេះ គឺជា​ស្ពាន​បុរាណ ដែល​វែង​ជាងគេ នៅក្នុង​ស្រុក ដែលមាន​បណ្តោយ ប្រវែង ១៥០ ម៉ែត្រ ទទឹង​ប្រវែង ១៦,៥០ ម៉ែត្រ និង​កម្ពស់ ១០ ម៉ែត្រ​។​

​លោក​បាន​បន្ថែមថាៈ បច្ចុប្បន្ន ស្ពាន​ទ័ព ឬ​ស្ពាន​ទិព្វ​នេះ កំពុង​ប្រឈម និង​បញ្ហា​ទ្រុឌទ្រោម រចនាសម្ព័ន្ធ​ជាច្រើន ដោយ​កក្តា​ធម្មជាតិ ពិសេស ផ្នែក​ខាងកើត បាន​សឹក​រេច​រិល ដោយសារ​ចរន្តទឹក​ហូរ បុក​ខ្លាំង ក៏ដូចជា ទឹក​ហូរ​នាំ​ដី​មកចាក់​លុប ធ្វើ​ឲ្យ​សសរស្ពាន ស្រុត ត្រូវការ​ជុស​ជុល​បន្ទាន់​។​

​អ្នកស្រី បានបញ្ជាក់​ថាៈ ស្ពាន​បុរាណ​ដ្ឋា​ន​មួយ​នេះដែរ ដែល​ជាទី​ចាប់អារម្មណ៍ សម្រាប់ ភ្ញៀវទេសចរ ក្នុងការ​ស្វែងយល់ ពី​ភាព​ថ្កុំ​ថ្កើ​ន នៃ​អរិយធម៌​របស់ អតីត​ចក្រភព​អង្គរ​៕/V​-PC