ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ កាលពីថ្ងៃទី២៥ មករា ម្សិលមិញនេះ អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ គឺលោក ថោង ខុន បានដឹកនាំកិច្ចប្រជុំ ដែលរបៀបវារៈសំខាន់ នៃកិច្ចប្រជុំនោះ គឺផ្ដោតលើការ សម្រួចគោលដៅ ឆ្ពោះទៅធ្វើជា ម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានមានប្រសាសន៍ថាៈ កិច្ចប្រជុំផ្ដោតលើការពិនិត្យ របាយការណ៍ភូមិកីឡា ពិនិត្យកម្មវិធី ខ្លឹមសារសន្និបាត រួមទាំងត្រួតពិនិត្យ លើការងារគ្រប់គ្រងគណៈ កម្មការពត៌មាន និង ផ្សព្វផ្សាយ។
ចំពោះបទបង្ហាញ ពីការសាងសង់ភូមិកីឡា ខាងក្រុមហ៊ុន បញ្ជាក់ថា អ្វីៗបាន ដំណើរការ ជាជំហានៗ ព្រោះភូមិកីឡា ដើរតួនាទីសំខាន់ ក្នុងការកាត់បន្ថយ លើការចំណាយស្នាក់នៅ របស់ក្រុមអត្តពលិក គ្រូកីឡា រួមជាមួយប្រតិភូកីឡា ។
ការសាងសាង់ភូមិកីឡានេះ ខាងក្រុមហ៊ុនធានាថា នឹងធ្វើឲ្យបានចប់រួចរាល់ នាខែកុម្ភៈ ឆ្នាំ ២០២៣។ ផ្នែកដែលយឺតយ៉ាវ គឺត្រូវពន្លឿន និងត្រូវជំរុញការងារ ឲ្យបាន កាន់តែប្រសើរ ព្រោះឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការស៊ីហ្គេមស្របតាម អនុសាសន៍ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រមុខគណៈកម្មាធិការ ជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២ (CAMSOC) ។ សម្រាប់ប្រតិបត្តិការស៊ីហ្គេមនេះ គ្រប់គណៈកម្មការជំនាញទាំងអស់ ត្រូវត្រៀមលក្ខណៈ សម្បត្តិ ឲ្យបានល្អ ។
សូមបញ្ជាក់ថា សម្រាប់ មហាសន្និបាត CAMSOC គឺគ្រោងធ្វើនៅក្នុងអំឡុង សប្ដាហ៍ ទី២ នៃខែកុម្ភៈ ។ ជាមួយគ្នានេះ សិក្ខាសាលាថ្នាក់ជាតិស្ដីពីអភិបាលកិច្ច ល្អ នឹងមានការ ចូលរួមពី អភិបាលរាជធានី ខេត្ត ដែលជាអនុ ប្រធាន CAMSOC ។
ការរៀបចំហ្គេមមួយ គឺទាមទារត្រូវតែមានឆន្ទៈរៀបចំ ឲ្យបានត្រឹមត្រូវ តម្លាភាព សុចរិតភាព គណនេយ្យភាព ក្នុងការរៀបចំ ដោយមិនត្រូវខ្ជះខ្ជាយស្មារតី កម្លាំងពលកម្ម សម្ភារៈ រួមជាមួយនឹងការសន្សំសំចៃថវិកាជាតិជាដើម ។
បញ្ហាសំខាន់សម្រាប់សន្និបាត នាខែក្រោយនេះ គឺដោះស្រាយលើបញ្ហាប្រឈម ដែលនៅ សេសល់ ឲ្យអស់ ដើម្បីជំរុញគ្រប់គណៈកម្មការជំនាញនានា ឲ្យបន្តសកម្មភាពការងារ ប្រកបដោយទំនុកចិត្ត ក្នុងគោលបំណងឆ្ពោះទៅធ្វើ ជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្កេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ៕/V-PC