ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ងិន ឆាយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន កសិកម្ម​បាន​អះអាងថា ស្ថានភាព​កសិកម្ម​នៅ​កម្ពុ​ជានា​ឆ្នាំ ២០២១ កន្លងទៅ​ទទួល បាន​សមិទ្ធផល​ជាទី​មោទនៈ ។

​លោក​បាន​អះអាង​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២​ព្រឹក​មិញ​នេះ​ថា ផ្ទៃដី​ដាំ​ស្រូវ​សរុប​ចំនួន ៣,៥៥​លាន​ហិច​តា ស្មើនឹង ១១៦%​នៃ​ផែនការ ដោយនៅ​ក្នុងនោះ​ស្រូវប្រាំង ៦៥០​ពាន់ ហិច​តា ស្រូវវស្សា ២,៩០​លាន​ហិច​តា​។ បរិមាណ​ផល​សរុប​ចំនួន ១២,២១​លាន​តោន នៅ​ក្នុងនោះ​ស្រូវប្រាំង ២,៩៣​លាន​តោន និង​ស្រូវវស្សា ៩,២៨​លាន​តោន កើន​ចំនួន ១១,៦% ធៀប​ឆ្នាំ​២០២០​។​

​លោក​បាន​បន្តថា ផលិត​គ្រាប់​ពូជស្រូវ​ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​ស្បៀង​បម្រុង​ចំនួន ២.០០០​តោន បាន​បញ្ចេញ​គ្រាប់ ពូជស្រូវ​ចំនួន ១.៥៤២​តោន ជូន​គ្រួសារ​រង ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​នៅ​ចំនួន ៨​ខេត្ត​។ ផ្ទៃដី​សាកវប្បកម្ម​ចំនួន ៣០៨.៣៩០​ហិច​តា បរិមាណ​ផល​ចំនួន ៤.៣៦៥.៨៧៨​តោន (​ដំណាំ​បន្លែ ៦៦.៤៣៣​ហិច​តា បរិមាណ​ផល​ចំនួន ៩០៨.៥៩៥​តោន ដំណាំ​ហូប​ផ្លែ ២៤១ .៩៣៩​ហិច​តា បរិមាណ​ផល ៣.៤៥៧.១៩៣​តោន រុក្ខជាតិ​លម្អ​ចំនួន ១៧​ហិច​តា បរិមាណ​ផល​ចំនួន ៩០​តោន​) ។ ដំណាំ​សាកវប្បកម្ម​ចំនួន ៥​ប្រភេទ​ដែលមាន សក្ដានុពល​នាំចេញ​គឺ​៖ ១- ចេកអំបូង​លឿង មាន​ចំនួន ២៦៣. ១៤២​តោន ៣- ស្វាយ​មាន​ចំនួន ២.១៩៧.២៦៥​តោន ៤- មៀន​/​មៀន​ប៉ៃលិន​មាន​ចំនួន ១៣១.៤៩៨​តោន និង​៥- ម្នាស់​មាន​ចំនួន ៦២.៥៦៤​តោន​។ ផលិត​គ្រាប់ពូជ ដំណាំ​បន្លែ​ចំនួន ២៨,៨១​តោន ចែកជូន​គ្រួសារ​ប៉ះពាល់​ដោយ​គ្រោះធម្មជាតិ និង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៩៤.៧២៥​គ្រួសារ នៅ​ខេត្ត​ចំនួន ៩​។​

​ប្រភព​ដដែល​បន្តថា ផ្ទៃដី​ដំណាំ​ឧស្សាហកម្ម​ចំនួន ១,៤៥​លាន​ហិច​តា បរិមាណ ផល ១៩,១៦​លាន​តោន ក្នុងនោះ (​ដំណាំ​រយៈពេល​ខ្លី ៩៦០.០០០​ហិច​តា បរិមាណ​ផល ១៥,៦៩​លាន​តោន និង​ដំណាំ​រយៈពេល​វែង ៤៩០ ០០០​ហ​.​ត បរិមាណ​ផល ៣,៤៦​លាន​តោន​។ ដំណាំ ៥​ប្រភេទ​ដែលមាន​សក្ដានុពល នាំចេញ​គឺ​៖ ១-​ដំឡូង​មី​មាន​ចំនួន ១៤,៧៣​លាន​តោន ២-​ពោតក្រហម ៧០០​ពាន់​តោន ៣-​ស្វាយចន្ទី ៤៧០​ពាន់​តោន ៤- ដូងប្រេង ៣៦០​ពាន់​តោន ៥-​ម្រេច ១៨​ពាន់​តោន​។

​ប្រភព​ដដែល​បាន​បន្តថា ការនាំចេញ​កសិផល​ស​រុ​ប​ចំនួន ១៥,៤០​លាន​តោន មាន​វិញ្ញាបនបត្រ​មាន​ចំនួន ៧,៩៨​លាន​តោន ទៅកាន់ ៦៨​ប្រទេស​ដោយ​ស្រូវ ចំនួន ២,១៩​លាន​តោន ចំណិត​ដំឡូង​មី​ក្រៀម ១,៦៤​លាន​តោន ដំឡូង​មី​ស្រស់ ១,១០​លាន​តោន អង្ករ ៦២០​ពាន់​តោន ចេកអំបូង​លឿង ៤២០​ពាន់​តោន ផ្លែស្វាយ​ស្រស់ ២៤០​ពាន់​តោន និង​គ្រាប់ពោត ២០០​ពាន់​តោន​)៕​/PC