ដោយៈ សុផល / ភ្នំពេញៈ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២២ កម្ពុជា នឹង​ទទួល​រៀបចំ «​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត លើ​សកលលោក​» នៅ​ខេត្ត​ព្រះសីហនុ ភ្ជាប់​ជាមួយ​រមណីយដ្ឋាន តារា​សាគរ ក្នុង​ខេត្តកោះកុង​។​

​យោងតាម​សារលិខិត​របស់លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ (Bruno BODARD) អគ្គនាយក ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត លើ​សកលលោក ដែល​បាន​ផ្ញើ មកកាន់ រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ថាៈ លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានទទួល​យល់ព្រម ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត​ពិភពលោក របស់​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត លើ​សកលលោក​។​

​អគ្គនាយក​ក្លិប​ឆ្នេរ បានបង្ហាញ​ក្ដីសង្ឃឹម យ៉ាង​មុតមាំ​ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក ឬ​កម្មវិធី​ណាមួយ នៃ​អង្គ​មហាសន្និបាត ដែល​គ្រោង​រៀបចំ នា​កំឡុង​ខែធ្នូ ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ ភ្ជាប់​ជាមួយ​រមណីយដ្ឋាន តារា​សាគរ ក្នុង​ខេត្តកោះកុង​។​

​លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ បានបញ្ជាក់​ទៀតថាៈ មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត លើ​សកលលោក​នេះ នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ ដើម្បី​បង្ហាញ ដល់​ប្រទេស ជា​សមាជិក​ក្លិប​ឆ្នេរ នូវ​គំរូ​ពិសេស ក្នុងការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ ដែល​សម្រេចបាន​ដោយ​កម្ពុជា​។​

​លោក នី ផល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ សមុទ្រ​កម្ពុជា បានឱ្យដឹងថា យោងតាម​បទពិសោធន៍ ដែល​លោក​ធ្លាប់​បំពេញ ការងារ ជាមួយ​លោក ប្រ៊ុ​យ​ណូ បូ​ដា​ដ គឺ​លោក ប្រ៊ុ​យ​ណូ មានការ​កោតសរសើរ ចំពោះ​កម្ពុជា យ៉ាងខ្លាំង​, ការជ្រើសរើស​ប្រទេស​កម្ពុជា ជាទី​តាំង​រៀបចំ​មហា សន្និបាត​ក្លិប​ឆ្នេរ​នេះ មិនមែនជា រឿង​ចៃដន្យ​នោះឡើយ​។​

​លោក នី ផល្លី បានឱ្យដឹង​ទៀតថាៈ លោក​អគ្គនាយក​ក្លិប​ឆ្នេរ មាន​សុទិដ្ឋិនិយម​ថា ឆ្លងតាម បទពិសោធន៍ នៃ​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ (ATF 2022) ក្នុង​ខែ មករា ឆ្នាំ​២០២២ នេះ កម្ពុជា​ពិត​ជាមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការរៀបចំ​មហាសន្និបាត របស់​ក្លិប​ឆ្នេរ គឺ​កម្ពុជា​រៀបចំ​បានល្អ ទាំង​ការ គ្រប់គ្រង ផ្នែក​សុខាភិបាល សុវត្ថិភាព សណ្ដាប់ធ្នាប និង​ការទទួល​ប​ដិ ស​ណ្ឋា​រ​កិច្ច បានល្អ​គ្រប់​ជ្រុងជ្រោយ​។ អ្វីដែល​សំខាន់​គឺ ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ ពិសេស​ការគ្រប់គ្រង​តំបន់ឆ្នេរ សមុទ្រ គឺ​ប្រកបដោយ​វឌ្ឍនភាព និង​វិបុលភាព​ឆ្ពោះទៅមុខ​បានល្អ​។
​ម្យ៉ាងវិញទៀត ក្នុង​ដំណាក់​វិបត្តិ​កូ​វីដ​១៩​នេះ កម្ពុជា​មានការ​គ្រប់គ្រង​ប្រទេស បាន​យ៉ាង​ល្អ ប្រសើរ បាន​ការពារ​សុខមាលភាព​ប្រជាជន និង​ភ្ញៀវទេសចរ រហូត​ក្លាយជា​គោលដៅ ទេសចរណ៍​សុវត្ថិភាព​មួយ ក្នុង​ពិភពលោក​។​

​លោក នី ផល្លី បានបញ្ជាក់​ថាៈ មហាសន្និបាត​របស់​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត បំផុត លើ​សកលលោក តែង​ប្រារព្ធ​ឡើង ក្នុង​មួយឆ្នាំ​ម្ដង ប៉ុន្តែ​ដោយសារ​ការរំខាន ពី​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក គេ​ក៏បាន​ផ្អាក​ជា​បន្តបន្ទាប់ អស់​រយៈពេល ២ ឆ្នាំ ដូច្នេះ​ការរៀបចំ​មហាសន្និបាត នៅ​កម្ពុជា នា​ចុង​ឆ្នាំនេះ ជា​ព្រឹត្តិការណ៍​ធំ​លើកដំបូង របស់​ក្លិប​ឆ្នេរ បន្ទាប់ពី​ផ្អាក រយៈពេល ២ ឆ្នាំ​នោះ​។​

​គួរ​ជម្រាប​ថា ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត លើ​សកលលោក ត្រូវបាន​បង្កើត ឡើង នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៩៧ ដែលមាន​ស្នាក់ការ​កណ្តាល នៅ​ទីក្រុង​វ៉ាន (Vannes) នៃ​ប្រទេស​បារាំង​។ បច្ចុប្បន្ន មាន​ប្រទេស​ជា​សមាជិក ចំនួន ២៦ ប្រទេស រួមមាន ប្រទេស​កម្ពុជា ចិន កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន វៀតណាម អ៊ីស្រាអែល បារាំង អេ​ស្ប៉ា​ញ ក្រិ​ក ម៉ុង​តូ​ណេ​ក្រូ ក្រូ​អាស៊ី ព័រទុយហ្កាល់ តួ​ក​គី កាណាដា សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ី​ក សាធារណរដ្ឋ​ដូ​មី​និក ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី កាប់​វែ​រ ម៉ា​ដា​ហ្កា​ស្កា ម៉ា​រ៉ុ​ក អង់​ហ្គោ​ឡា ម៉ូ​សំ​ប៊ិក និង សេ​ណេ​ហ្កា​ល់​។ ក្នុងចំណោម​ប្រទេស​ទាំង ២៦ នេះ គឺមាន​ឆ្នេរសមុទ្រ​សរុប​ចំនួន ៤៤ ឆ្នេរ ដែល​បាន​ចូល​ជា​សមាជិក​៕/V​-PC