​ដោយៈ សុផល / ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ បានទទួល ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​ក្រុមហ៊ុន​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក Shu NISHIYAMA នាយក​ប្រតិបត្តិ​ក្រុមហ៊ុន និង​គណៈប្រតិភូ ជំនាញការ​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ។​

​ក្នុងជំនួប​នោះ លោក Shu NISHIYAMA បាន​ណែនាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី ដែលមាន សមត្ថភាព​អាច​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក ឱ្យទៅជា​បេតុង​កៅស៊ូ (AC) សម្រាប់​ការសាងសង់ ផ្លូវ​នៅ​កម្ពុជា និង​បានស្នើ​សុំឱ្យ ក្រសួង​ពិចារណា លើ​ការប្រើប្រាស់ បច្ចេកវិទ្យា​ថ្មី​នេះ ដោយហេតុថា វា​មាន​លក្ខណៈ​សមស្រប អាច​ប្រើប្រាស់​បាន នៅក្នុង​ស្ថានភាព​ប្រទេស កម្ពុជា ដែល​សំបូរ​ទៅដោយ ភ្លៀង​ធ្លាក់ រយៈពេល​យូរ អាច​ធានាបាន នូវ​ការ​ជ្រាប​ទឹក និង​ធ្វើឱ្យ​ផ្លូវ​ជាប់​រឹងមាំ បានយូរ​អង្វែង​ផងដែរ​។​

​ជាការ​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន ពិនិត្យ​ស្ថានភាព នៅ​កម្ពុជា ឱ្យបាន​ល្អិតល្អន់ មុននឹង​សម្រេច​លើ​ការ​នាំចូល បច្ចេកវិទ្យា​ថ្មី​នេះ ជាពិសេស​ពិនិត្យ​ទៅលើ សំរាម​នៅ​កម្ពុជា ដែល​មិនមាន​ការបែងចែក​ប្រភេទ សំរាម អាច​បង្ក​ជា​បញ្ហា​ស្មុគស្មាញ ក្នុងការ​ផ្គត់ផ្គង់ សម្រាប់​ដំណើរការ​កែច្នៃ និង​ការប្រមូល​សំរាម​ផងដែរ ប៉ុន្តែ​ទោះយ៉ាងណា ក៏ដោយ លោក​ទេសរដ្ឋមន្ត្រី នៅតែ​បង្ហាញ​នូវ​ការគាំទ្រ លើ​គំនិត​ផ្ដួចផ្ដើម នៃ​ការនាំយក មកប្រើប្រាស់ នូវ​បច្ចេកវិទ្យា​ថ្មី​នេះ​ផងដែរ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ស្អាត​។

​ទន្ទឹមនឹងនេះ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន ធ្វើការ​សិក្សា​ឱ្យបាន លម្អិត​ទាក់ទង​នឹង បរិមាណ​ប្លា​ស្ទិ​ក នៅ​កម្ពុជា​ថា តើ​អាច​ផ្គត់ផ្គង់ សម្រាប់​ការ កែច្នៃ បាន​កម្រិតណា និង​បាន បញ្ជាក់ថាៈ តម្លៃ​ផលិតផល​នោះ​មិនត្រូវ​ឱ្យលើស ថ្លៃ​បេតុង​កៅស៊ូ (AC) ដែល​កំពុង​ប្រើ ប្រាស់ នាពេល​បច្ចុប្បន្ន​ទេ និង​ត្រូវ​សិក្សា​អំពី បញ្ហា​ផលប៉ះពាល់​បរិស្ថាន ដោយ​ប្រៀប ធៀប​នឹង​ការប្រើប្រាស់​បេតុង​កៅស៊ូ ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន អំពី​វិទ្យាស្ថាន តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ដែល​ទើប​បង្កើត​ថ្មី ដើម្បី​បណ្ដុះ បណ្ដាល សិស្ស និស្សិត​កម្ពុជា ឱ្យ​ក្លាយជា​វិស្វករ សម្រាប់​សាងសង់​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ដឹកជញ្ជូន និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន សហការ​ឱ្យបាន​ជិតស្និទ្ធ ជាមួយ​វិទ្យាស្ថាន ដើម្បី​សិក្សា​លម្អិត អំពី​ការនាំយក​បច្ចេកវិទ្យា ថ្មី​នេះ មកប្រើប្រាស់ នៅ​កម្ពុជា​៕/V​-PC