ដោយៈ សុផល / ភ្នំពេញៈ ក្រសួងទេសចរណ៍ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិ ជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នឹងរៀបចំកម្មវិធី បើកយុទ្ធនាការ “ កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិ ជំងឺកូវីដ-១៩ នឹងអញ្ជើញជាអធិបតី នៃយុទ្ធនាការនេះ និងមានការចួលរួម ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។
ប្រភពក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ ការប្រកាសបើកយុទ្ធនាការនេះ បានធ្វើឡើង ក្រោយពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ដែលចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបញ្ចប់ដោយ ជោគជ័យ យ៉ាងត្រចះត្រចង់។
គួរកត់សម្គាល់ថា រាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ កាលពី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីស្ថានភាពជំងឺកូវីដ១៩ មានការថយចុះ។ ជាងនេះទៀត រដ្ឋាភិបាល ក៏បានប្រកាសបិទបញ្ចប់ សហគមន៍ ២០ ខែកម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ផងដែរ៕/V-PC