ដោយៈ ពៅ​និមល / ភ្នំពេញៈ ក្នុងឱកាស​ចូលរួម ពិធី​ប្រារព្ធ​ទិវា​ជាតិ​កម្ពុជា ក្នុង​ពិព័រណ៍ ពិភពលោក ២០២០ នៅ​ទីក្រុង​ឌុយ​បៃ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី រៀបចំ​-​ចូលរួម ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​នានា និង​ជា​អគ្គស្នងការ​របស់​កម្ពុ​ជា សម្រាប់​ពិព័រណ៍ ពិភពលោក ២០២០ ឌុយ​បៃ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី ជាមួយ​ភាគី​សហភាព អារ៉ាប់​រួម ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត ថា​នី​ប៊ី​ន អា​ម៉េ​ដ អាល់​ហ្ស៊េ​រ​យូ​ឌី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សហភាព​អារ៉ាប់​រួម ដើម្បី​ពិនិត្យ លទ្ធ​ភាពចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី (FTA) និង​ជំរុញ​លើ​ឱកាស​វិនិយោគ រវាង​ប្រទេស​ទាំងពីរ​។​

​នៅក្រោយ​ចប់​កិច្ចប្រជុំ នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​នេះ ក្រសួង ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថាៈ នៅក្នុង​ជំនួប​នាឱកាស​នោះ ភាគី​សហភាព​អារ៉ាប់​រួម បាន​ជម្រាបជូន​កម្ពុជា អំពី​ស្ថានភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍ របស់​សហភាព​អារ៉ាប់​រួម ព្រមទាំង​បាន ស្នើឱ្យ​ភាគី​កម្ពុជា ជួយ​ផ្តល់ព័ត៌មាន អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា និង​សិក្សា​បន្ថែម អំពី​លទ្ធភាព​វិនិយោគ​រួមគ្នា នាពេល​អនាគត ជាពិសេស ចង់ឱ្យមាន​ក្រុមការងារ​មួយ ដើម្បី​សិក្សា និង​ពិនិត្យ លទ្ធភាព ក្នុង​ការចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស ទាំងពីរ ដូចដែល​សហភាព​អារ៉ាប់​រួម បានធ្វើ​ជាមួយ​ប្រទេស​ឥណ្ឌា និង​បណ្តា​ប្រទេស អាស៊ាន មួយចំនួន កន្លងមក ក្នុង​គោលបំណង​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ថែម​មួយកម្រិត​ទៀត​។​

​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​ភ្ញៀវ​ថា កម្ពុ​ជាមាន​ធនធាន ធម្មជាតិ អំណោយផល ជាច្រើន រួមមាន កសិផល​រាប់ពាន់​មុខ និង​មាន​វិស័យ សក្តានុពល ជាច្រើន ដែល​កំពុង​អភិវឌ្ឍ​ដូចជា វិស័យ​ទេសចរណ៍ តំបន់ឆ្នេរ សមុទ្រ វិស័យ​វប្បធម៌ តំបន់​ប្រាសាទ បុរាណ ជាពិសេស​ប្រាសាទអង្គរវត្ត វិស័យ​ដឹកជញ្ជូន មាន​អាកាសយានដ្ឋាន កំពង់ផែ ផ្លូវថ្នល់ សំណង់​អគារ​។​ល​។ ដែល​សហភាព​អារ៉ាប់​រួម អាចមក​ធ្វើការ​វិនិយោគ នៅ​កម្ពុជា​បាន​។​

​លោក​បាន​បន្តថាៈ កម្ពុជា ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី​ជាមួយ ចិន និង​កូរ៉េ ហើយក៏​កំពុង​បន្ត​ចរចា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ដៃគូ​សំខាន់ៗ ផ្សេងទៀត ដូចជា ជាមួយ​ប្រទេស​ជប៉ុន ឥណ្ឌា ម៉ុង​ហ្គោ​លី កាណាដា អង់គ្លេស ដើម្បី​ធ្វើ ពិពិធ​កម្ម​ទីផ្សារ និង​ជំរុញ​ការនាំចេញ ស្របតាម គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​។

​ជាមួយគ្នានេះ លោក ក៏បាន​ឯកភាព ជាមួយ​ភាគី​សហភាព​អារ៉ាប់​រួម​ចំពោះ​ការ បង្កើត ក្រុមការងារ​មួយ ដើម្បី​សិក្សា អំពី​លទ្ធភាព ក្នុង​ការចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​នេះ ផងដែរ​។​

​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ថាៈ នៅ​កិច្ចបញ្ចប់​ប្រជុំ ភាគី​ទាំង​ពីរបាន​ឯកភាព គ្នា​ថា នឹង​អញ្ជើញ​គណៈប្រតិភូ មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​សិក្សា​បន្ថែម អំពី​ឱកាស​វិនិយោគ​រួមគ្នា លើ​វិស័យ​សក្តានុពល​នានា និង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស​ទាំងពីរ នា​ថ្ងៃ​អនាគត​៕/V​-PC