ប្រែសម្រួលៈបំណង(BLOOMBERG,ST)៖ប្រធានាធិបតីចិនលោកស៊ី ជីនភីង បានជួបប្រជុំជាមួយប្រធានគណៈកម្មាធិការអូឡាំពិចអន្តរជាតិ(IOC)លោក ថូម៉ាស បាច(Thomas Bach)ដោយផ្ទាល់នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារទី២៥មករា ដែលវាទំនងជាជំនួបផ្ទាល់លើកដំបូងរបស់លោកជាមួយឥស្សរជនបរទេសចាប់តាំងពីពេលកើតមានកូវីដ១៩មក។
ជំនួបចុងក្រោយដែលគេដឹងរបស់លោកស៊ីជាមួយមេដឹកនាំបរទេសម្នាក់បានកើតឡើងកាលពីខែមីនាឆ្នាំ២០២០ នៅពេលលោកទទួលជួបប្រធានាធិបតីប៉ាគីស្ថាន អារីហ្វ អាល់វី(Arif Alvi )នៅក្នុងរដ្ឋធានីប៉េកាំងដើម្បីពិភាក្សាអំពីវិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
ក្រៅពីជៀសវាងជំនួបទល់មុខ លោកស៊ីក៏មិនបានធ្វើដំណើរទៅក្រៅប្រទេស គឺមិនបានចាកចេញពីប្រទេសក្នុងពេលជាង២ឆ្នាំមកនេះ។
ពេលចុងក្រោយដែលលោកស៊ីបានវិលមកពីដំណើរនៅបរទេសគឺថ្ងៃ៨មករា ឆ្នាំ២០២០ ក្រោយពីបានទៅទស្សនកិច្ចប្រទេសក្បែរខាងមីយ៉ាន់ម៉ា។វាកើតឡើង៥ថ្ងៃមុនរដ្ឋាភិបាលបិទខ្ទប់ទីក្រុងអ៊ូហានដើម្បីទប់ស្កាត់ការផ្ទុះជំងឺកូវីដ១៩។
ជំនួបកាលពីថ្ងៃអង្គារ កើតឡើងនៅពេលតែមួយសប្តាហ៍មុនការចាប់ផ្តើមកីឡាអូឡាំពិចរដូវរងារក្រុងប៉េកាំង ។ក្នុងជំនួប លោកស៊ីនិងលោកបាចបានពិភាក្សាអំពីអូឡាំពិច ទាំងវិធានការប្រឆាំងកូវីដ១៩និងប្រព័ន្ធគ្របគ្រងស្វ័យប្រវត្តិសំរាប់កីឡារដូវរងារនេះ។
លោកស៊ីបានប្រាប់លោកបាចថា ចិននឹងបំពេញការសន្យារបស់ខ្លួនថានឹងរៀបចំកីឡាអូឡាំពិចរដូវរងារមួយសាមញ្ញនិងមានសុវត្ថិភាព និងថាចិនមានជំនឿចិត្តពេញលេញថាខ្លួននឹងអាចការពារសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនខ្លួន ព្រមទាំងអ្នកចូលរួមក្នុងកីឡានេះ៕
ប្រធានាធិបតីចិន ស៊ី ជីនភីង ទទួលជួបប្រធានគណៈកម្មាធិការអូឡាំពិចអន្តរជាតិ ថូម៉ាស បាច នៅវិមានទទួលភ្ញៀវក្នុងក្រុងប៉េកាំងកាលពីថ្ងៃ២៥មករា