ដោយ:រ៉ាម៉ន/ភ្នំពេញ: ក្នុងឆ្នាំ២០២១ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី មួយចំនួន ទោះបីស្ថិតក្នុងគ្រាដ៏លំបាកដោយសារការរីករាលដាលនៃជំងំកូវីដ១៩យ៉ាងណាក៏ដោយក៏ក្រុមជំនាញនៅតែបន្តធ្វើសកម្មភាពស្តារ ប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។
ជាក់ស្ដែងពាក់ព័ន្ធការងារនេះលោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ៖ ក្នុងនោះប្រឡាយទឹកដែលក្រុមការងារបានស្តារក្នុងឆ្នាំ២០២១ដែលជាឆ្នាំញាំញីដោយជំងឺកូវីដ១៩នោះអង្គភាពលូទឹកនិងបូមទឹកបាន ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ ជម្រៅ ២ម៉ែត្របណ្ដោយ ៤.៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ក្នុងនោះមានការដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួនបីជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១.២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួនប្រាំពីរកន្លែងផងដែរ ។
លោកប្រធានបន្តថា៖ប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្ត្រសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ ស្តារភក់ល្បប់ប្រឡាយទួលពង្រ២ បានប្រវែង ៦.១០០ម៉ែត្រ។ ស្តារភក់ល្បប់ ប្រឡាយលូ៥ បានប្រវែង ៩៥០ម៉ែត្រ ដែលជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក ។
លោកបន្តទៀតថា៖ការស្តារប្រឡាយស្ទឹងមានជ័យ ជាមួយ និងការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ។ ប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ ។
ការងារស្តារស្មៅ និងសំរាមប្រឡាយបឹងទំពុន ប្រវែង ៥០០ម៉ែត្រ ទទឹង៣០ម៉ែត្រ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែន ជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
ជាមួយគ្នានោះដែរលោកប្រធានបានអះអាងទៀតថា៖ការស្តារប្រឡាយបឹងត្របែកវិញដោយចាប់ផ្ដើម អនុវត្តន៍ ការងារកាលពីថ្ងៃទី១០ មិនា ២០២១ និងបានបញ្ចប់ថ្ងៃទី៣១ មិនា ២០២១ កន្លងមក៕