ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះ បានផ្តាំផ្ញើ ប្រាំចំណុច ដល់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹត្យការមន្ត្រីមធ្យម នៃសាលាភូមិន្នរដ្ឋបាល ឆ្នាំ២០២១ នៅក្នុងពិធីសំណេះ សំណាលមួយ នៅសាលប្រជុំ អគារ (ខ) សាលាខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់មន្ត្រីរបស់យើង ដែលបាន ខិតខំ ក្នុងការស្វែងរក នូវការបណ្តុះបណ្តាល ដេីម្បីដុសខាត់ និងអភិវឌ្ឍន៍ សមត្ថភាព របស់ខ្លួន បើទោះបីជា ការបណ្តុះបណ្តាលនោះ ប្រព្រឹត្តិទៅ នៅទីណា កន្លែងណាក៏ដោយ ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមគាំទ្រ និងលេីកទឹកចិត្តជានិច្ច និងសូមកោតសសើរ ចំពោះមន្ត្រីយើងទាំងអស់ បើទោះបីស្ថិត ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលតម្រូវអោយ សិក្សាតាម ប្រព័ន្ធអនឡាញ ប៉ុន្តែបានខិតខំព្យាយាមរៀនសូត្រ រហូតបញ្ចប់ការសិក្សា ដោយជោគជ័យ និងបានវិលត្រឡប់មកបំពេញការងារ នៅតាមអង្គភាព-ស្ថាប័នរបស់ខ្លួន នាពេលនេះ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ នូវចំណុចសំខាន់ៗ មួយចំនួនទៀត ដូចជា
១- មន្ត្រី គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជនៈ ក្នុងនាមជាមន្ត្រី យើងត្រូវរំលឹកខ្លួនឯងថា ខ្លួនគឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយ ប្រជាជនទេ ត្រូវខិតខំធ្វើអំពើល្អ និងត្រូវបំពេញការងារ ដោយឈរលើមូលដ្ឋាន បម្រើផលប្រយោជន៍ ប្រជាជនជាធំ។
២- គុណធម៌ និងសិលធម៌របស់មន្ត្រីៈ ពេលនៅឲ្យប្រជាជនស្រឡាញ់ ពេលចេញឲ្យ ប្រជាជនរឮក (ជាពិសេសសម្រាប់មន្ត្រីមូលដ្ឋាន)។
៣- កុំតាំងខ្លួនជាមន្ត្រីជើងដប់ឲ្យសោះ ត្រូវតាំងខ្លួនជាមន្ត្រីជើងពីរ។
៤- កុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ គឺត្រូវធ្វើជាមន្ត្រី ដែលស្មោះត្រង់ ចំពោះថ្នាក់ដឹកនាំ ចំពោះ អង្គភាព ចំពោះការងាររបស់ខ្លួន និងប្រជាជន។ ត្រូវយកចំណេះដឹង ដែលទទូលបានពី វគ្គសិក្សានេះ ទៅបំពេញការងារ ដោយស្មោះត្រង់ និងឲ្យអស់ពីសមត្ថភាព ដើម្បីជួយ កែលម្អ និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន ឲ្យកាន់តែមានការរីកចម្រើន ដែលនេះជា ការតបស្នងដ៏ធំបំផុត ដល់ប្រធានអង្គភាពរបស់ខ្លួន៕/V