ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ យោងតាមការសិក្សាមួយបានឱ្យដឹងថា មេរោគបំប្លែងខ្លួនអូមីក្រុងអាចរស់បានរហូតដល់ ៨ ថ្ងៃនៅលើប្លាស្ទិក និង ២១ ម៉ោងនៅលើស្បែកដែលជារយៈពេលយូរជាងមេរោគបំប្លែងគួរឱ្យបារម្ភផ្សេងទៀតដូចជា អាល់ហ្វា, បេតា, ហ្គាម៉ា និងដែលតា ក៏ដូចជាមេរោគកូរ៉ូណាដើម។
ការសិក្សាមុនការបោះពុម្ព ដែលមិនទាន់ត្រូវបានពិនិត្យដោយអ្នកស្រាវជ្រាវគ្នាឯងនៅឡើយនេះ បានធ្វើការវិភាគលើភាពខុសគ្នានៃស្ថិរភាពបរិស្ថានរបស់មេរោគ គឺរវាងមេរោគ Sars-CoV-2 ដែលរកឃើញដំបូងនៅក្នុងទីក្រុងអ៊ូហាននិងមេរោគបំប្លែងខ្លួនគួរឱ្យព្រួយបារម្ភ (VOCs)។
លទ្ធផលរកឃើញបានបង្ហាញថា នៅលើផ្ទៃប្លាស្ទិកនិងស្បែក មេរោគបំប្លែង អាល់ហ្វា, បេតា, ដែលតា និង អូមីក្រុងបង្ហាញរយៈពេលរស់រានមានជីវិតបានយូរជាងពីរដងធៀបនឹងមេរោគដើមនៅទីក្រុងអ៊ូហាន និង រក្សាការឆ្លងបានលើសពី ១៦ ម៉ោងលើផ្ទៃស្បែក។
អូមីក្រុងបានរស់រានមានជីវិតរយៈពេល ២១,១ ម៉ោងលើគំរូស្បែកពីសាកសព បន្ទាប់មកតាមពីក្រោយដោយមេរោគកូរ៉ូណាដើម (៨,៦ ម៉ោង) មេរោគហ្គាម៉ា (១១ ម៉ោង) និងមេរោគដែលតា (១៦,៨ ម៉ោង) ។
ការរស់រានមានជីវិតរបស់មេរោគអាល់ហ្វា (១៩,៦ ម៉ោង) និងបេតា (១៩,១ ម៉ោង) ត្រូវបានរកឃើញថាស្រដៀងគ្នា។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តក្យូតូនៃប្រទេសជប៉ុនបាននិយាយថា “មេរោគអូមីក្រុងមានស្ថិរភាពបរិស្ថានខ្ពស់បំផុតក្នុងចំណោម VOCs”៕
មេរោគបំប្លែងខ្លួនអូមីក្រុងអាចរស់បានរហូតដល់ ៨ ថ្ងៃនៅលើប្លាស្ទិក និង ២១ ម៉ោងនៅលើស្បែក