ដោយ: ភ្នំខៀវ / បាត់ដំបង: ប្រជានេសាទ រស់នៅតាមដងស្ទឹង និងទន្លេ ងាកពីការប្រើ ទូកឈើ ជំនួសមកវិញ ដោយទូកធ្វើ អំពីស្មាច់វិញ ព្រោះទូកប្រភេទថ្មីនេះ ងាយស្រួលប្រើ និងផ្តល់ប្រយោជន៍បានច្រើន។
ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រី រស់នៅតាមដងស្ទឹងសង្កែ ក៏ដូចជា តំបន់បឹង ទន្លេសាប បច្ចុប្បន្ននេះ បានផ្លាស់ប្តូរ ស្ទើរតែទាំងស្រុង ពីការប្រើប្រាស់ទូកឈើ ជំនួស ដោយទូកធ្វើ អំពីប្រភេទជ័រស្មាច់វិញ ដោយសារទូកប្រភេទថ្មីនេះ ងាយស្រួលប្រើចល័តទី បានលឿន និងផ្តល់ប្រយោជន៍ បានច្រើន ទាន់ចិត្ត។
ប្រជានេសាទបែបលក្ខណៈគ្រួសារ លោក រស់ រ៉ាន់ រស់នៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹង នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២នេះ ថាៈ ចាប់តាំងពីទូកឈើ របស់លោកចាស់ និងធ្លុះធ្លាយមក លោកបានផ្លាស់ប្តូរ មកប្រើប្រាស់ទូក ធ្វើអំពីជ័រស្មាច់វិញ មានរយៈពេល ៥ ឆ្នាំមកហើយ ក្នុងអំឡុង នៃការប្រើប្រាស់នេះ ទូកថ្មីធ្វើពីស្មាច់ ផលិតក្នុងស្រុក ងាយស្រួលប្រើប្រាស់ ផ្តល់ប្រយោជន៍ បានច្រើនជាងទូកឈើ មិនពិបាកថែទាំ បិតលាបជ័រប្រចាំឆ្នាំ និងចំណេញពេលវេលា បើកបរលឿនជាងទូកឈើ ប្រមាណពី ៣ ទៅ ៤ ម៉ោង ហើយស៊ីសាំងតិចងាយស្រួល រកទិញ ម្យ៉ាងទៀត អាចកុម្ម៉ង់កម្រាស់ទូក ក៏មានលក្ខណ:ពិសេសមួយទៀត ប្រើប្រាស់ បានទាំងក្នុងស្ថានភាពផ្លូវ ដែលមានទឹករាក់ ក្រោមជង្គង់ ក៏អាចលូនទៅមុខបាន ខុសពីទូកឈើ លុះត្រាណា ស្ថានភាពទឹក មានកម្ពស់ត្រឹមភ្លៅ ទើបអាចឆ្លងកាត់ទៅរួច ។
អ្នកជំនាញប្រើប្រាស់ទូក បានបន្តថាៈ បច្ចុប្បន្ន ប្រជាពលរដ្ឋ អ្នកប្រកបរបរនេសាទត្រី ដែលរស់នៅតាមបណ្តោយ ដងស្ទឹងសង្កែ ក៏ដូចជា ប្រជានេសាទ នៅតំបន់បឹងទន្លេសាប បានបោះបង់ ការប្រើប្រាស់ទូកឈើ ហើយងាកមកប្រើទូក ធ្វើពីជ័រស្មាច់ ស្ទើរតែទាំងអស់ ប្រមាណជា ៩០% ហើយ ទោះបីជាទូកធ្វើពីឈើ ប្រើប្រាស់បានរយៈពេលយូរជាង និងមានតម្លៃទាបជាង ទូកធ្វើពីស្មាច់ បន្តិចក៏ដោយ។
ប្រភពពលរដ្ឋមួយរូបផ្សេងទៀត បានអះអាងដែរថាៈ ទូកស្មាច់ បច្ចុប្បន្ន មានផលិត និង មានលក់នៅភ្នំក្រោម ខេត្តសៀមរាប ឃុំកោះជីវាំង និងនៅតំបន់បាក់ព្រា ខេត្តបាត់ដំបង ជាដើម។ ទូកស្មាច់ខ្នាតតូចល្មម ប្រវែងជាង ៧ម៉ែត្រ មានតម្លៃពី ២លាន ៤០ម៉ឺន ទៅ ២លាន ៦០ ម៉ឺនរៀល បើធៀបនឹងទូកឈើ មានតម្លៃត្រឹមតែ ១លាន ៧០ ម៉ឺនរៀល តែប៉ុណ្ណោះ។
ចំណែកឯឈ្មួញដែលឈរចាំទទួលទិញផលត្រី នៅតំបន់ព្រែកទាល់ បឹងទន្លេសាប ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញការចាប់អារម្មណ៍ ស្រដៀងគ្នាថាៈ ការងាកមក ប្រើប្រាស់ទូក ធ្វើពីស្មាច់របស់ប្រជានេសាទនេះ ពិតជាចំណេញបានច្រើន ទាំងវាបើកបរ បានលឿន ងាយស្រួលបត់បែន បំលាស់ទី ទាំងទីជិត និងទីឆ្ងាយបានប្រសើរ ប៉ុន្តែសម្រាប់ មុខរបររបស់គាត់វិញ នៅមិនទាន់អាចចោលទូក ឬកាណូតធ្វើពីឈើបានឡើយ ព្រោះ ការដឹកជញ្ជូនត្រីច្រើនៗ ទៅកាន់ទីផ្សារ ទាមទារការប្រើប្រាស់ កាណូតឈើ ប្រភេទបាឡា ធំៗ ទើបអាចទៅរួច ម្យ៉ាងទៀត ទូកធ្វើពីស្មាច់ នៅមិនទាន់មានប្រភេទ ផ្ទុកទម្ងន់ធ្ងន់ និង រឹងមាំដូចទូក កាណូត ឈើឡើយ៕/V