ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ ទូច ខូវលី នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ បានដឹកនាំស្នងការរង និងមន្ត្រីនគរបាលខេត្ត បាននាំយកអំណោយ ទៅផ្ដល់ជូនដល់អ្នកជំងឺម្នាក់ ដែលបានលោកបានជួយសង្គ្រោះ ដោយធ្វើការវះ និងព្យាបាលជំងឺ ដោយជោគជ័យ ។
អ្នកនាំពាក្យនៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានឲ្យដឹងនៅថ្ងៃនេះថា បុរសដែលអ្នកជំងឺខាងលើ មានឈ្មោះ ម៉ម គង់ អាយុ ៥៨ ឆ្នាំ មានទីលំនៅ ភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ។
លោកបានបញ្ជាក់ថាៈ បុរសខាងលើ មានជំងឺប្រចាំកាយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជំងឺអ្វីឲ្យប្រាកដនោះទេ គ្រាន់តែដឹងថា ក្រោយពីកើតជំងឺ ប្រចាំកាយ គ្មានលទ្ធភាពព្យាបាល អស់រយៈពេលជាច្រើនឆ្នាំ កន្លងមក បុរសខាងលើនេះ ធ្លាប់បានគិតខ្លី រក កលបញ្ចប់ជីវិត ដោយខ្លួនឯងទៀតផង ។
ក្រោយមក ដំណឹងនេះ បានលេចឮដល់ លោកស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ហើយក្រោយមក លោកស្នងការ ក៍បានចុះទៅពិនិត្យ ដោយក្នុងស្ថានភាពជំងឺ និងបានធានា ចេញថ្លៃព្យាបាល ដោយបានដឹកយកមកមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ព្យាបាល ។ បន្ទាប់មក ក្រុមគ្រូពេទ្យ ពិនិត្យ និងបានធ្វើការវះកាត់ ព្យាបាល ដោយជោគជ័យ ។
ក្រោយពីការបញ្ជូនមកធ្វើវះកាត់ និងព្យាបាលបានធូរស្បើយ នៅព្រឹកនេះផងដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានដឹកនាំមន្ត្រីនគរបាល នាំអំណោយទៅផ្ដល់ជូន បុរសខាងលើ ដែលក្នុងនោះ រួមមាន ទឹកសុទ្ធវីតាល់ ២កេស ទឹកដោះគោឆៅ ២ឡូ ទឹកដោះគោខាប់ ១០ កំប៉ុង ទឹកសេរ៉ូថៃ ៤ដប ផ្លែឈើ ១កន្ត្រកធំ និង ថវិកា ចំនួន ១ លានរៀល។
ដោយឡែក អ្នកជំងឺដែលបានសម្រាកព្យាបាល នៅបន្ទប់ជាមួយ មានចំនួន ៥ នាក់ ព្រមទាំងគ្រូពេទ្យ ចំនួន ៥ នាក់ ក្នុងម្នាក់ៗ លោកឧត្តមសេនីយ៍ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភចំនួន ១០ ម៉ឺនរៀល៕/V