ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានជំរុញដល់កសិករ ក្នុងសហគមន៍កសិកម្ម ក្នុងខេត្តមួយនេះ បង្កើនការងារដាំដុះ ដំណាំឪឡឹកសាច់លឿង ឱ្យបានគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា ដើម្បីធានាការផ្គត់ផ្គង់ តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ ក្រៅខេត្ត ធានាទាំងគុណភាព និងសុវត្តិភាព សម្រាប់អ្នកបរិភោគ។
លោកបានបន្តថាៈ ការដំណាំឪឡឹកសាច់លឿង កសិករជួបការលំបាកបន្តិច មិនដូច ការដាំឪឡឹក ធម្មតាទេ ពោលគឺ ដាំឪឡឹកសាច់លឿង ត្រូវការមានបច្ចេកទេស ទាំងការដាំដុះ និងថែទាំច្បាស់លាស់។ រីឯតម្លៃ នៅលើទីផ្សារ បច្ចុប្បន្ន ខ្ពស់ជាងឪឡឹកទូទៅ ចំនួន ៣.០០០ រៀល ក្នុងមួយគីឡូក្រាម ខុសពីតម្លៃផលផ្លែឪឡឹកធម្មតា ឈ្មួញកណ្តាល គិតតាមតម្លៃ លើទំហំផ្លែ ឬ ម៉ៅចំការប៉ុណ្ណោះ។
លោកបានបន្ថែមថាៈ ដំណាំផលផ្លែឪឡឹកសាច់លឿង ដែលបានដាំ កសិករក្នុងខេត្តនេះ មានរសជាតិផ្អែមឆ្ងាញ់ ដោយសាកត្តាដី មានជីវជាតិល្អ និងជាប្រភេទដីល្បាយខ្សាច់ផង ។ កសិករក្នុងតំបន់ជាអ្នកដាំដុះ ទទូលបានការបណ្តុះបណ្តាល បច្ចេកទេសថ្មី ពីមន្ត្រីជំនាញ ច្បាស់លាស់។ ដំណាំឪឡឹកលឿង ជាដំណាំមួយប្រភេទ ចំណាយពេល ចាប់ពីពេលដាក់ គ្រាប់ កប់ក្នុងដី តែចំនួន ៧០ ថ្ងៃ ប្រមូលផល។
លោកប្រធានមន្ទីរ ក្រើនរំលឹកដល់បណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដាំដំណាំឪឡឹក លឿងនីមួយៗ ដើម្បីរក្សាតម្លៃឪឡឹក លើទីផ្សារ នាបច្ចុប្បន្ន កសិករ ត្រូវបែងចែកពេលវេលា នៃការដាំដុះកុំជាន់គ្នា ដែលជាហេតុផលិតផល ជន់ជោរលើទីផ្សារ៕/V